លោក​ទៀ បាញ់​ បញ្ជាក់ថា ​បញ្ហា​ប្រឈម​​នៅ​ព្រំដែន​​កម្ពុជា​-​ឡាវ ​ត្រូវ​បានបញ្ចប់​​

17-01-2018 5:23 pm 750

​ប្រមុខ​ការពារជាតិ​កម្ពុជា លោក​ទៀ បាញ់ បានបញ្ជាក់​ក្នុង​សន្និសីទកាសែត​ខ្លី​មួយ នៅ​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ នៅ​រសៀល​ថ្ងៃទី​១៧ ខែ​មករា ឆ្នាំ​២០១៨​នេះ បន្ទាប់ពី​លោក បាន​ត្រឡប់​ពី​បំពេញ​ទស្សនកិច្ច​ជា​ផ្លូវការ នៅ​ប្រទេស​ឡាវ រយៈពេល​៥​ថ្ងៃ ថា បញ្ហា​ព្រំដែន​រវាង​ប្រទេស​កម្ពុជា និង​ប្រទេស​ឡាវ ក្នុងពេល​បច្ចុប្បន្ននេះ មាន​ភាពល្អប្រសើ​រហើយ ដោយ​ភាគី​ទាំងពីរ បាន​ដោះស្រាយ បញ្ហា​ខ្វែងគំនិត​គ្នា​ជា​បន្តបន្ទាប់ មិនមាន​អ្វី​គួរឱ្យ​ចាប់អារម្មណ៍​ទៀត​ទេ​។​

​លោក​ទៀ បាញ់ បាន​ថ្លែងថា មកដល់ពេលនេះ បញ្ហា​ព្រំដែន រវាង​ប្រទេស​ទាំងពីរ នៅ​សេសសល់​តែ​លើ​បញ្ហា​បច្ចេកទេស​មួយ ចំនួន​តូច​តែប៉ុណ្ណោះ ដែល​ភាគី​ទាំងពីរ សន្យានឹង​ដោះស្រាយ​ឲ្យបាន​ចប់សព្វគ្រប់​ក្នុងពេល​ឆាប់ៗ​។​

សូម​ជំរាប​ថា លោក​ទៀ បាញ់ បាន​ដឹកនាំ​គណៈប្រតិភូ​ក្រសួងការពារជាតិ​កម្ពុ​ជា ទៅ​បំពេញ​ទស្សនកិច្ច​ជា​ផ្លូវការ នៅ​ប្រទេស​ឡាវ រយៈពេល​៥​ថ្ងៃ ចាប់ពី​ថ្ងៃទី​១៣ ដល់​១៧ ខែ​មករា ឆ្នាំ​២០១៨​។​ក្នុងជំនួប​ជាមួយ រដ្ឋមន្ត្រី​ក្រសួងការបរទេស​ឡាវ នៅ​ប្រទេស​ឡាវ កាលពី​ថ្ងៃទី​១៥ ខែ​មករា ឆ្នាំ​២០១៨ ភាគី​ទាំងពីរ បាន​ជំរុញ​ឱ្យ​កងទ័ព នៅ​ព្រំដែន ត្រូវ​រួមគ្នា​ថែរក្សា​សន្តិសុខ​ព្រំដែន ហើយ​ដោះស្រាយ​បញ្ហា​ដោយ​សន្តិវិធី ចៀសវាង​ប៉ះទង្គិច​គ្នា​។​

​នា​ពេលកន្លងមក បញ្ហា​ព្រំដែន​ប្រទេស​ទាំងពីរ នាយករដ្ឋមន្ដ្រី​កម្ពុជា​លោក ហ៊ុន សែន និង​នាយករដ្ឋមន្ដ្រី​ឡាវ លោក ថង លូន​ស៊ី​ស៊ូ​លី​ត បាន​ជួបប្រជុំគ្នា រាជធានី​ភ្នំពេញ កាលពីដើម​ខែកញ្ញា​គឺជា​ការពិភាក្សា​លើក​ទី​២ បន្ទាប់ពី​មេដឹកនាំ​ទាំងពីរ បាន​ជួបគ្នា​នៅ​ទីក្រុង​វៀង​ច័ន្ទ កាលពី​ថ្ងៃទី​១២​សីហា​ឆ្នាំ​២០១៧ ខណៈ​មាន​ការប្រឈមមុខ​ដាក់​គ្នា រវាង​កងកម្លាំងប្រដាប់អាវុធ​នៅ​តំបន់​ជាប់​ព្រំដែន​។​

​ក្នុងជំនួប​នោះ ប្រមុខ​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំង​ពីរបាន​ឯកភាពគ្នា​ស្នើសុំ​ផែនទី​ព្រំដែន​ពី​រដ្ឋាភិបាល​បារាំង​និង​សុំឲ្យ​អ្នកជំនាញ​ការប្រទេស​នៃ​អតីតអា​ណា​និគម​នៅ​តំបន់​ឥណ្ឌូចិន​នេះ​ជួយ​ផ្ទេរ​ផែនទី ពី​ខ្នាត​១​លើ​១០០​ពាន់ ទៅជា​ខ្នាត ១​លើ​៥០​ពាន់​វិញ ។​

​បើតាម​មន្ដ្រី​ព្រំដែន គឺ​កម្ពុជា និង​ឡាវ មាន​ព្រំដែន​ជាប់​គ្នា​ប្រវែង ៥៤០​គីឡូម៉ែត្រ ដោយ​ត្រូវ​បោះបង្គោល​ព្រំដែន​ប្រមាណ ១៤៥​បង្គោល​។ ប៉ុន្តែ​មកទល់ពេលនេះ ភាគី​ទាំង​ពីរបាន​បោះ​រួច​ចំនួន​១២១​បង្គោល ស្មើនឹង ៨៣​ភាគរយ នៅសល់​ប្រមាណ ២៤​បង្គោល​ទៀត ខណៈ​ចំណុច​នៅ​សេសសល់​នោះ គឺ​ស្ថិតនៅ​ខេត្ត​ព្រះវិហារ និង​ខេត្តស្ទឹងត្រែង​៕


 ពាក្យគន្លឹះ  ព្រំដែនកម្ពុជាឡាវ

ព័ត៌មានផ្សេងទៀត