រដ្ឋមន្ដ្រីការបរទេសមកពីប្រទេសចំនួន២០ បានចូលរួមក្នុងកិច្ចប្រជុំនៅក្នុងប្រទេសកាណាដា ពិភាក្សាពីកម្មវិធីនុយក្លេអ៊ែរនិងមីស៊ីលកូរ៉េខាងជើង។ជប៉ុននិងអាមេរិកបាននិយាយថា នឹងបន្ដដាក់សម្ពាធលើកូរ៉េខាងជើង ខណៈកូរ៉េខាងត្បូងថាចង់អភិវឌ្ឍកិច្ចចរចាជាមួយកូរ៉េខាងជើង ដើម្បីឈានទៅរកការរំលាយចោលនុយក្លេអ៊ែរ។
អាមេរិកនិងកាណាជាអ្នកដឹកនាំកិច្ចប្រជុំចាប់ផ្ដើមនៅក្នុងទីក្រុងVancouverកាលពីថ្ងៃអង្គារ។ភាគីចូលរួមគឺមកពីប្រទេសដែលបានបញ្ជូនកងទ័ពទៅចូលរួមជាមួយកងទ័ពអង្គការសហប្រជាជាតិ ប្រយុទ្ធក្នុងសង្គ្រាមកូរ៉េឆ្នាំ១៩៥០-១៩៥៣។រដ្ឋមន្ដ្រីមកពីប្រទេសជប៉ុននិងកូរ៉េខាងត្បូងក៏ចូលរួមកិច្ចប្រជុំដែរ។
រដ្ឋមន្ដ្រីការបរទេសអាមេរិកលោកRex Tillersonបាននិយាយក្នុងពេលបើកកិច្ចប្រជុំថា យុទ្ធនាការដាក់សម្ពាធនឹងនៅតែបន្ដធ្វើ រហូតដល់កូរ៉េខាងជើងយល់ព្រមក្នុងការបោះជំហានទៅរំលាយចោលកម្មវិធីនុយក្លេអ៊ែរ។លោកបានជំរុញឲ្យចិននិងរុស្ស៊ីអនុវត្ដឲ្យពេញលេញតាមសេចក្ដីសម្រេចរបស់ក្រុមប្រឹក្សាសន្ដិសុខអង្គការសហប្រជាជាតិ ហើយកូរ៉េខាងជើងមិនអាចយកប្រទេសសម្ព័ន្ធមិត្ដដើម្បីគេចខ្លួនបានឡើយ។
រដ្ឋមន្ដ្រីការបរទេសជប៉ុនបានអំពាវនាវឲ្យបង្កើនសម្ពាធលើកូរ៉េខាងជើង ដើម្បីសម្រេចឲ្យបានការរំលាយចោលកម្មវិធីនុយក្លេអ៊ែរនៅលើឧបទ្វីបកូរ៉េ។ចំណែករដ្ឋមន្ដ្រីការបរទេសកូរ៉េខាងត្បូងបាននិយាយថា ការអនុវត្ដជាបន្ដបន្ទាប់តាមសេចក្ដីសម្រេចរបស់អង្គការសហប្រជាជាតិ ប្រទេសកូរ៉េខាងត្បូងនឹងសហការជាមួយប្រទេសសម្ព័ន្ធមិត្ដនិងសហគមន៍អន្ដរជាតិ ព្យាយាមនាំកូរ៉េខាងជើងចូលតុចរចានិយាយពីការរំលាយចោលកម្មវិធីនុយក្លេអ៊ែរ៕