អាមេរិក​៖​​ប្ដី​ប្រពន្ធ​មួយគូ​​ឃុំខ្លួន​​កូន​១៣​នាក់​​ក្នុង​បន្ទប់​​បង្ក​ការភ្ញាក់ផ្អើល​​យ៉ាងខ្លាំង​

17-01-2018 8:56 am 1499
រូបភាពប្ដីប្រពន្ធ​ដែលឃុំខ្លួនកូនខ្លួនឯង

​ប្ដី​ប្រពន្ធ​មួយគូ​រស់នៅ​រដ្ឋ​California​សហរដ្ឋអាមេរិក បាន​ឃុំខ្លួន​កូន​ខ្លួនឯង​ចំនួន​១៣​នាក់ ដោយ​ចង​នឹង​ច្រវាក់​ហើយ​ចាក់សោ​នៅក្នុង​បន្ទប់​ធំ​ក្លិនស្អុយ​មួយ​នៅក្នុង​ផ្ទះ​របស់​ពួកគេ បង្ក​ការភ្ញាក់ផ្អើល​យ៉ាងខ្លាំង​ក្រោយពេល​ព័ត៌មាន​នេះ​បែកធ្លាយ​ដល់​ប៉ូលិស​។​David Allen Turpin​ជា​ប្ដី​អាយុ​៥៧​ឆ្នាំ និង​Louise Anna Turpin​ជា​ប្រពន្ធ​អាយុ​៤៩​ឆ្នាំ មិនទាន់​ផ្ដល់​ចម្លើយ​ថា​ហេតុអ្វី​បានជា​ពួកគេ​ធ្វើបែបនេះ​ទេ បន្ទាប់ពី​ត្រូវ​ប៉ូលិស​ចាប់ខ្លួន​។​

​កូនៗ​របស់​ពួកគេ​ទាំង​១៣​នាក់​ដែល​ជាប់ច្រវាក់​នោះ មាន​អាយុ​ចន្លោះ​ពី​២​ឆ្នាំ​ដល់​២៩​ឆ្នាំ ហើយ​ប៉ូលិស​ពិតជា​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង ក្រោយ​ឃើញ​ស្ថានភាព​ពួកគេ​កខ្វក់​មាន​ក្លិនស្អុយ​បែបនេះ​។​អ្វីដែល​ជា​ចម្ងល់​ខ្លាំង​ពួកគេ​ក៏មាន​អ្នក​ពេញវ័យ​អាយុ​១៨​ដល់​២៩​ឆ្នាំ​ដែរ ហេតុអ្វី​បានជា​ត្រូវ​ឪពុកម្ដាយ​ឃុំខ្លួន​ដូច្នេះ​។​

​ក៏​មិនទាន់​ដឹងថា​បុរស​និង​ស្ដ្រីជាប្ដី​ប្រពន្ធ​ឃុំខ្លួន​កូន​ខ្លួនឯង​រយៈពេល​យូរ​ប៉ុណ្ណា​ដែរ តែ​ដំណឹង​នេះ​បាន​បែកធ្លាយ​ដល់​ប៉ូលិស​កាលពី​ថ្ងៃ​ចន្ទ ក្រោយពេល​ក្មេងស្រី​អាយុ​១៧​ឆ្នាំ​ម្នាក់ បាន​គេចខ្លួន​ហើយ​ទូរស័ព្ទ​ទៅ​៩១១​សុំ​ជំនួយ​។​ក្រោយមក​ប៉ូលិស​ក៏​ចុះទៅ​អន្ដរាគមន៍​រកឃើញ​ពួកគេ​នៅក្នុង​បន្ទប់​មួយ ទូរស័ព្ទ​ដែល​ក្មេងស្រី​ទាក់ទង​ទៅរក​ជំនួយ​ក៏​ឃើញ​នៅក្នុង​ផ្ទះ​ដែរ​។​

​ពួកគេ​ទាំង​១៣​នាក់​ត្រូវបាន​បញ្ជូនទៅ​មន្ទីរពេទ្យ​ដើម្បី​ពិនិត្យ​និង​សម្អាត​កាយ ហើយ​ក៏បានផ្ដល់​ចំណីអាហារ​ផងដែរ ក្រោយពេល​ពួកគេ​ប្រាប់ថា​ឃ្លាន​ខ្លាំង ក្នុង​សភាព​ដូចជា​អត់​អាហារ​ច្រើន​ថ្ងៃ​។​ក្រុមគ្រូពេទ្យ​ក៏​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង​ក្រោយ​ជួប​ករណីនេះ​។​ប្ដី​ប្រពន្ធ​ខាងលើ​ត្រូវ​ប៉ូលិស​ចាប់ខ្លួន​ពីបទ​ធ្វើ​ទារុណកម្ម​និង​បង្ក​គ្រោះថ្នាក់​ដល់​កុមារ​។​ប៉ូលិស​កំពុង​ស៊ើបអង្កេត​បន្ថែម​ហើយ​អង្គការ​គាំពារ​កុមារ​និង​យុវវ័យ​ក៏​ជួយ​សហការ​ក្នុង​ការស៊ើបអង្កេត​ផងដែរ​៕

 ពាក្យគន្លឹះ  ជិវិតអាមេរិក

ព័ត៌មានផ្សេងទៀត