គណបក្ស​មូលដ្ឋាន​ស្នើ​ក្រសួងមហាផ្ទៃ​បំភ្លឺ​ក្រោយ​ពុំ​មាន​ការសម្រួល​លើក​ស្លាក​បក្ស​

15-01-2018 3:22 pm 3939
ស្លាកបក្សទាំង២ ដែលស្នើសុំលើក នៅក្នុងទីតាំងបណ្តោយផ្លូវមិត្តភាពភ្នំពេញ-ហាណូយ ។ រូបថតពី ហ្វេសប៊ុកគណបក្សប្រជាធិបតេយ្យមូលដ្ឋាន ។

​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន (​គ​បម​) បានប្រកាស​ស្វែងរក​ការបំភ្លឺ ពី​អាជ្ញាធរ​ដែនដី និង​ក្រសួង​មហាផ្ទៃ ទាក់ទង​ទៅនឹង​រឿងលើក​ស្លាក​គណបក្ស ក្រោយ​ស្នើសុំ​លើក ជា​ច្រើន​សារ ហាក់​ពុំ​មាន​ការជួយ​សម្របសម្រួល ។ ការប្រកាស​ស្វែងរក​ការបំភ្លឺ​នេះ ធ្វើឡើង​នៅ​លើ​ទំព័រ​ហ្វេ​សប៊ុក​ផ្លូវកា​ររបស់​ខ្លួន នៅ​ព្រឹក​ថ្ងៃទី​១៥ ខែ​មករា ។​

​វិទ្យុ​វាយោ​បាន​ព្យាយាម​ទាក់ទង​អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ ដើម្បី​សុំ​ការបំភ្លឺ នៅ​ព្រឹក​ថ្ងៃ​ដដែល តែ​ទូរស័ព្ទ​លោក​ត្រូវបាន​បិទ ។​

​យ៉ាងណាម៉ិញ អ្នកនាំពាក្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ លោក ម៉េត មាស​ភក្តី បាន​បញ្ជាក់​ប្រាប់​វិទ្យុ​វាយោ​ថា លោក​នៅ​ពុំទាន់​ទទួលបាន​ព័ត៌មាន ទាក់ទង​ទៅនឹង​ការស្នើសុំ​លើក​ស្លាក​គណបក្ស​នេះ​នៅឡើយ​ទេ​… 
សំឡេង​លោក ម៉េត មាស​ភក្តី ៖

​អ្នកនាំពាក្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ​រូប​នេះ​អះអាង​ថា លោក​នឹង​សួរ​នាំ​ទៅ​ខាង​សាលា​សង្កាត់​ដែល​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន បាន​ដាក់​លិខិត​ស្នើ​សុំ​ជាមុនសិន ទើប​អាច​ស្វែងរក​ដំណោះស្រាយ​តាម​ក្រោយ​បាន ។​

​សូម​រំឭកថា គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​នៅ​ភ្នំពេញ បាន​ធ្វើ​លិខិត​ជូនដំណឹង​ទៅ​សាលា​សង្កាត់​គោក​ឃ្លាង ខណ្ឌ​សែន​សុខ កាលពី​ថ្ងៃ​ទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០១៧ អំពី​ការស្នើ​រៀបចំ​លើក​ស្លាក​គណបក្ស ទំហំ​២​ម x ៣​ម ចំនួន​២​ស្លាក ដែល​គ្រោង​លើក​ក្នុង​ទីតាំងនៅ​តាម​បណ្តោយ​ផ្លូវ​មិត្តភាព​ភ្នំពេញ - ហាណូយ ចម្ងាយ​ប្រហែល​ពី​៥០ ទៅ ១៥០​ម៉ែត្រ ខាងត្បូង​ច្រកចូល​វត្ត​សំរោង​អណ្តែត ស្ថិតក្នុង​ភូមិសាស្ត្រ សង្កាត់​គោក​ឃ្លា​ង ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ។ លិខិត​របស់​គណបក្ស​បានបញ្ជាក់​ថា សកម្មភាព​លើក​ស្លាក​បក្ស​នេះ នឹង​ធ្វើឡើង​នៅ​ចន្លោះ​ថ្ងៃ​ទី​១៣ ខែវិច្ឆិកា ដល់​ថ្ងៃ​ទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០១៧ ។​

​ដោយឡែក ក្រោយពី​មាន​ការស្នើសុំ​ជា​បន្តបន្ទាប់ រហូតមកដល់​បច្ចុប្បន្ន ក៏​នៅ​ពុំទាន់​ទទួលបាន​ដំណោះស្រាយ​នៅឡើយ ។ គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​អះអាងថា គណបក្ស​អាច​នឹង​ប្រកាស​មិន​ចូលរួម​ការបោះឆ្នោត​នៅ​ឆ្នាំ​២០១៨ បើ​បរិយាកាស​ប្រកួតប្រជែង​មិន​អំណោយផល រួម​មាន​ការធ្វើ​សកម្មភាព​លើក​ស្លាក​គណបក្ស និង​ដំណើរ​រៀបចំ​ការបោះឆ្នោត​មួយ​ដែល​មិន​អាច​ជឿជាក់​បាន ។​

​គូសបញ្ជាក់ថា បើ​តាម​ច្បាប់​ស្តីពី​ការបោះឆ្នោត ជ្រើសតាំង​តំណាងរាស្ត្រ ត្រង់​មាត្រា​៦៩ ចែងថា ស្លាក​សញ្ញា​គណបក្សនយោបាយ អាច​លើក​នៅ​ទីសាធារណៈ ដោយ​មាន​ការសម្របសម្រួល​ពី​អាជ្ញាធរ​ឃុំ សង្កាត់ ផ្អែកលើ​គោលការណ៍​ស្មើភាព សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ និង​សោភ័ណភាព​សាធារណៈ ៕

(​រាយការណ៍​ដោយ​៖ គង់ ឧត្តម​)

ព័ត៌មានផ្សេងទៀត