មនុស្ស​ជាង​១០០​នាក់​ស្លាប់​និង​របួស​ ក្នុង​ការវាយប្រហារ​នៅ​ប្រទេស​អ៊ីរ៉ាក់​

15-01-2018 2:58 pm 689

នៅក្នុង​រយៈពេល​៣​ថ្ងៃ អ៊ីរ៉ាក់​បាន​ស្គាល់​ការវាយប្រហារ​បំផ្ទុះ​គ្រាប់បែក​ផ្ទួនៗ​គ្នា​។ នៅ​ថ្ងៃ​ចន្ទ​នេះ បើតាម​ការចុះផ្សាយ​របស់​សារព័ត៌មាន​BBC មានការ​បំផ្ទុះ​គ្រាប់បែក​អត្ថ​ឃាត បង្កឡើង​ដោយ​បុរស​ពីរ​នាក់ មិនទាន់​ស្គាល់​អត្តសញ្ញាណ បាន​ធ្វើដំណើរ​ទៅ​បំផ្ទុះ​គ្រាប់បែក​សម្លាប់​ខ្លួនឯង នៅ​កន្លែង​ដែល​មនុស្សម្នា​ប្រមូល​ផ្តុំគ្នា ដើម្បី​ស្វែងរក​ការងារ​ធ្វើ នៅ​កណ្តាល​ក្រុង​បា​ដា​ត​។ ហេតុការណ៍​នេះ បាន​បណ្តាលឲ្យ​មនុស្ស​យ៉ាងហោ​ចណាស់​៣៥​នាក់​ស្លាប់ និង​ជាង​៩០​នាក់​របួស​។ កាលពី​ថ្ងៃ​សៅរ៍​មាន​ការវាយប្រហារ​ដោយ​បំផ្ទុះ​គ្រាប់បែក​អត្ថ​ឃាត​មួយទៀត នៅ​ភាគ​ខាងជើង​ទីក្រុង បណ្តា​លឲ្យមនុស្ស​៥​នាក់​ស្លាប់​។​

​ការ​បំផ្ទុះ​គ្រាប់បែក​អត្ថ​ឃាត​នៅ​ថ្ងៃ​ចន្ទ​នេះ នៅ​មិនទាន់មាន​ក្រុម​ណា ចេញមក​ប្រកាសថា​ជា​ថ្វីដៃ​របស់គេ​នៅឡើយ​ទេ ប៉ុន្តែ​ទីតាំង​វាយប្រហារ​នេះ ជា​គោលដៅ ដែល​ក្រុម​សកម្មប្រយុទ្ធ​ធ្លាប់​បើក​ការវាយប្រហារ​កាលពីពេល​មុនៗ​។​

​ទីក្រុង​បា​ដា​ត​ជា​ញឹកញាប់ តែងតែ​ត្រូវបាន​ក្រុម​សកម្មប្រយុទ្ធ កត់​ទុក​ក្នុង​កំណត់ត្រា​វាយប្រហារ​របស់​ពួកគេ ចាប់តាំងពី​ក្រុម​សកម្ម​ប្រយុទ្ធ​IS ចូលលុកលុយ ដើម្បី​វាទ​យក​ដែនដី ក្នុងប្រទេស​អ៊ីរ៉ាក់​កាលពី​ឆ្នាំ​២០១៤​។ នៅក្នុង​ការបង្ក្រាប​របស់​អ៊ីរ៉ាក់ រួមជាមួយ​អន្តរជាតិ​ចូលរួម​ជួយ អស់​រយៈពេល​ជាច្រើន​ឆ្នាំ បានធ្វើឲ្យ​ក្រុម​សកម្មប្រយុទ្ធ​បាក់ស្បាត ហើយ​អ្នកខ្លះ​ភៀសខ្លួន​ចេញពី​អ៊ីរ៉ាក់​។ អ៊ីរ៉ាក់​ទើបតែ​ប្រកាស​ពី​ជ័យជម្នះ​លើ​ក្រុម​សកម្មប្រយុទ្ធ កាលពី​ខែធ្នូ​ឆ្នាំ​២០១៦ ដែល​កន្លងផុតទៅ​ថ្មីៗ​នេះ​ប៉ុណ្ណោះ​។ 

​បើទោះជា​បែបនេះ​ក្តី មិនមែន​មានន័យថា សន្តិសុខ​នៅ​ក្នុងប្រទេស​អ៊ីរ៉ាក់ មាន​លក្ខណៈ​ល្អប្រសើរ​ពេញលេញ​នោះទេ​។ បើតាម​អ្នកតាមដាន​ស្ថានការណ៍ នៅតែ​ទទូច​ឲ្យ​អ៊ីរ៉ាក់​ក្តី ឬ​ស៊ី​រី​ក្តី ត្រូវតែ​ប្រុងប្រយ័ត្ន​ខ្ពស់ មិនត្រូវ​មើលស្រាល​លើ​គូសត្រូវ​របស់ខ្លួន​ឡើយ ដ្បិតថា​ក្រុម​សកម្មប្រយុទ្ធ​នៅមាន​កន្លែង​លាក់ខ្លួន និង​លាក់​អាវុធ​ក្នុង​រូង នៅ​តំបន់​ដាច់ស្រយាល​នៃ​ប្រទេស ដែល​រដ្ឋាភិបាល​មិនទាន់​បោសសម្អាត​អស់​នៅឡើយ​។​

​ហេតុនេះ​អ៊ីរ៉ាក់ នៅតែ​មិនទាន់​ចៀសផុត​ពី​ការវាយប្រហារ របស់​ក្រុម​សកម្មប្រយុទ្ធ​ឡើយ​។ ប៉ុន្តែ​គេ​សង្កេតឃើញថា ល្បឿន​នៃ​ការវាយប្រហារ​បាន​ថយចុះ ក្រោយ​អ៊ីរ៉ាក់​ប្រកាស​ជោគជ័យ​លើ​ក្រុម​សកម្ម​ប្រយុទ្ធ​៕
​​

 ពាក្យគន្លឹះ  អ៊ីរ៉ាក់

ព័ត៌មានផ្សេងទៀត