លោក​ម៉ម សូណង់ដូ បន្ត​បដិសធ​មិន​ចូល​បំភ្លឺ​ក្នុង​សំណុំរឿង​លោក​កឹម សុខា​

09-01-2018 4:01 pm 530
លោក​ម៉ម សូណង់ដូ​អតីត​ប្រធាន​គណបក្ស​សំបុក​ឃ្មុំ

​នេះ​ជា​លើក​ទី​៣​ហើយ ដែល​អតីត​ប្រធាន​គណបក្ស​សំបុក​ឃ្មុំ សង្គម​ប្រជាធិបតេយ្យ​លោក​ម៉ម សូណង់ដូ បាន​បដិសេធ មិន​ចូល​បំភ្លឺ ក្នុងនាម​ជា​សាក្សី​ជូន​តុលាការក្រុង​ភ្នំពេញ លើ​សំណុំរឿង​របស់លោក កឹម សុខា អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​។​

​នៅក្នុង​លិខិត​ចុះ​ថ្ងៃ​ទី​៩ ខែ​មករា ឆ្នាំ​២០១៨ ដែល​លោក​ម៉ម សូណង់ដូ ផ្ញើជូន​លោក​គី ឫទ្ធី ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​បញ្ជាក់​ពី​មូលហេតុ​ដែល មិន​អាច​ចូលរួមបាន គឺ​បញ្ហា​សុខភាព​របស់​លោក​។ ពេលនេះ លោក​កំពុង​ស្ថិតនៅ​ប្រទេស​បារាំង រហូត​ដល់​ថ្ងៃ​ទី​២ ខែ​កុម្ភៈ ឆ្នាំ​២០១៨​។

ការ​ផ្ញើ​លិខិត​របស់​អតីត​ប្រធាន​គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ រូប​នេះ​គឺ​ធ្វើឡើង​បន្ទាប់​ពី​តុលាកា​រហោះ​ហៅ​លោក​ចូល​បំភ្លឺ​ជា​សាក្សី ក្នុង​សំណុំរឿង​សន្ទិដ្ឋិ​ភាព​ជា​មួយ​បរទេស របស់​លោក​កឹម សុខា នៅ​ថ្ងៃ​ទី ១១ ខែ​មករា ឆ្នាំ​២០១៨ ខាងមុខនេះ​។​

​សាលាដំបូង​រាជធានី​ភ្នំពេញ នៅតែ​បន្ត​ដំណើរការ​នីតិវិធី ដើម្បី​ឈាន​ទៅដល់​ការដាក់ទោស​លោក កឹម សុខា ដែល​កំពុង​ជាប់​ឃុំ​នៅក្នុង​ពន្ធនាគារ​ត្រពាំង​ផ្លុង ខេត្ត​ត្បូងឃ្មុំ ពី​បទ​ក្បត់ជាតិ ឃុបឃិត​ជាមួយ​បរទេស ក្នុង​ការផ្តួលរំលំ​រាជរដ្ឋាភិបាល​ស្របច្បាប់​។

​អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​លោក​កឹម សុខា ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន​នៅ​គេហដ្ឋាន​របស់​លោក​ស្ថិត​នៅ​ខណ្ឌ​ទួលគោក នៅ​យប់​រំលងអធ្រាត្រ​ឈានចូល​ថ្ងៃទី​៣ ខែ​កញ្ញា ឆ្នាំ​២០១៧ បន្ទាប់ពី​មាន​ការ​បែកធ្លាយ​នូវ​វីដេអូ​មួយ បង្ហាញថា លោក​បាន​អនុវត្ត​តាម​ការបង្គាប់​បញ្ជា​របស់​បរទេស ។​

​គួរ​បញ្ជាក់ដែរថា កន្លងមក លោក​ម៉ម សូណង់ដូ ឆ្ងល់​ថា ហេតុអ្វី​ក៏​រឿង​លោក​កឹម សុខា មក​ទាក់ទង​នឹង​លោក​ទៅ​វិញ​។​លោក​ម៉ម សូណង់ដូ អះអាងថា កន្លង​មក​ការជួល​ម៉ោង​ផ្សាយ​របស់លោក​កឹម សុខា នៅ​វិទ្យុ​សំបុក​ឃ្មុំ សុទ្ធតែ​មាន​ការដឹងឮ និង​អនុញ្ញាត​ពី​ក្រសួង​ព័ត៌មាន​។​ឯ​ការបើក​អង្គការសិទ្ធិមនុស្ស​រប​ស់លោក​កឹម សុខា ក៏​ទាល់តែ​មាន​ច្បាប់​ពី​ក្រសួង​មហាផ្ទៃ​។ ដូច្នេះ​គួរតែ​កោះហៅ​ក្រសួង​ព័ត៌មាន និង​ក្រសួង​មហាផ្ទៃ ទើប​ត្រឹមត្រូវ​ជាង​៕

 ពាក្យគន្លឹះ  លោក​ម៉មសូណង់ដូ

ព័ត៌មានផ្សេងទៀត