កម្ពុជា​​នាំ​សម្លៀក​បំពាក់​ និង​ស្បែកជើង​​ទៅ​ប្រទេស​ចិន​ កើន​៤២%​

09-01-2018 1:59 pm 1589

ក្នុង​រយៈពេល ១១​ខែ​ឆ្នាំ​២០១៧ កម្ពុជា​បាន​នាំចេញ​ផលិតផល​សម្លៀកបំពាក់ និង​ស្បែកជើង ទៅកាន់​ប្រទេស​ចិន​ក្នុងតម្លៃ​ទឹកប្រាក់​ប្រមាណ ២០៧​លាន​ដុល្លារ​អាមេរិក បើ​ធៀប​នឹង​រយៈពេល​មួយឆ្នាំ​ពេញ​កាលពី​ឆ្នាំ​២០១៦ គឺ​បាន​កើនឡើង​ប្រមាណ ៤២,៧៥% ។​នេះ​បើ​យោងតាម របាយការណ៍​ក្រសួងពាណិជ្ជកម្ម​ចេញផ្សាយ​នៅ​ចុង​ខែធ្នូ ឆ្នាំ​២០១៧​កន្លងទៅ ដែល​ទើបនឹង​ចុះផ្សាយ​នៅលើ​សារព័ត៌មាន​កម្ពុជា AKP នៅ​ថ្ងៃទី​០៩ មករា នេះ​។​

​ក្រៅតែពី​ការនាំ​ផលិតផល​សម្លៀកបំពាក់ និង​ស្បែកជើង ទៅកាន់​ប្រទេស​ចិន កម្ពុជា ក៏បាន​នាំចូល​ត្រឡប់​ពី​ចិន​មកវិញ​នូវ​ផលិតផល​សម្ភារ​កាត់ដេ​រ និង វត្ថុធាតុដើម​ផលិត​ស្បែកជើង ដែល​ចន្លោះ​ពី​ខែមករា ដល់​ខែ វិច្ឆិកា ឆ្នាំ ២០១៧ មានតម្លៃ​ទឹកប្រាក់​ប្រមាណ ២៧៨៧​លាន​ដុល្លារ​អាមេរិក ដែលមាន​ការកើនឡើង​ប្រមាណ ៨៩% បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ​២០១៦​។​

​សូមបញ្ជាក់ថា កម្ពុជា និង​ចិន​បាន​ចុះហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់​(MOU)​ស្តីពី​ការនាំ​ទំនិញ​ពី​ប្រទេស​កម្ពុជា​ទៅ​ប្រទេស​ចិន ក្រោម​ប្រព័ន្ធ​អនុគ្រោះ​ពាណិជ្ជកម្ម​ចំនួន ៨០៣០​មុខទំនិញ កាលពី​ខែ​មីនាឆ្នាំ​២០១៦​កន្លងទៅ​។ 

ប្រទេស​ចិន ត្រូវបាន​គេ​ចាត់ទុកជា​ប្រភព​វិយោគ​ដ៏​ធំ​បំផុត​របស់​កម្ពុជា លើ​ឧស្សាហកម្ម​វាយ​ន​ភ​ណ្ឌ​កាត់ដេរ​សម្លៀកបំពាក់ និង​ស្បែកជើង​។ ប៉ុន្តែ​ទីផ្សារ​ធំ​បំផុត​របស់​កម្ពុជា​ក្នុងកា​នាំ​ផលិតផល​សម្លៀកបំពាក់ និង​ស្បែកជើង គឺ​សហភាព​អឺរ៉ុប និង​សហរដ្ឋអាមេរិក ដោយ​ទីផ្សារ​បណ្តា​ប្រទេស​ទាំងនោះ ផ្តល់​ការអនុគ្រោះ​ពាណិជ្ជកម្ម​សម្រាប់​កម្ពុជា ជាពិសេស​សហភាព​អឺរ៉ុប ដែល​ផ្តល់​អនុគ្រោះ​ពន្ធ​ទាំងស្រុង​សម្រាប់​កម្ពុជា ក្រោម​ពាក្យស្លោក «​អ្វីៗ​គ្រប់យ៉ាង​លើកលែងតែ​អាវុធ​»​។​

​យោងតាម​របាយការណ៍​របស់​រដ្ឋាភិបាល ក្នុង​រយៈពេល ៩​ខែ​ដំបូង​ឆ្នាំ​២០១៧ ការនាំចេញ​សម្លៀកបំពាក់ និង​ស្បែកជើង​ទៅកាន់​ទីផ្សារ​អន្តរជាតិ មាន​ទំហំ​ទឹកប្រាក់​ជាង ៥៦០០​លាន​ដុល្លារ​អាមេរិក កើនឡើង​ជាង ៧% បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ​២០១៦​កន្លងទៅ​។​ទីផ្សារ​នៃ​បណ្តា​ប្រទេសទាំង ២៨​ នៃ​សហភាព​អឺរ៉ុប គឺជា​ទីផ្សារ​ដ៏​ធំ​សម្រាប់​សម្លៀកបំពាក់ និង​ស្បែកជើង​កម្ពុជា ដែលមាន​ទំហំ ៤៥% ទីផ្សារ​សហរដ្ឋអាមេរិក​ជាង ២០% ឯ​ទីផ្សារ​បន្ទាប់​មាន កាណាដា ជប៉ុន និង​ចិន​ជាដើម​៕

 ពាក្យគន្លឹះ  នាំទំនិញទៅចិន

ព័ត៌មានផ្សេងទៀត