ស្ថានទូត​សហរដ្ឋអាមេរិក​សរសើរ​ការតស៊ូ​របស់​កម្ពុជា​ងើប​ចេញ​ពី​របប​ប៉ុលពត​

07-01-2018 12:06 pm 1717

​នៅ​ថ្ងៃ​ទី​០៧ ខែ​មករា ឆ្នាំ​២០១៨ ដែល​ជា​ខួប​លើក​ទី​៣៩ នៃ​ការដួលរលំ​របប​ខ្មែរក្រហម ស្ថានទូតសហរដ្ឋ​អាមេរិក​ប្រចាំ​ទីក្រុង​ភ្នំពេញ បាន​ចេញ​សារ​កោតសរសើរ ចំពោះ​ការត​ស៊ូ​របស់​ប្រជាជន​កម្ពុជា ដែល អាច​ងើប​ចេញពី​របប​ដ៏​ខ្មៅ​ងងឹត កសាង​ប្រទេស​មក​ដល់​សព្វថ្ងៃ​។​

«​ថ្ងៃទី​០៧ ខែ​មករា ឆ្នាំ​១៩៧៩ ទីក្រុង​ភ្នំពេញ​ត្រូវបាន​រំដោះ​ចេញពី​របប​ខ្មែរក្រហម​ដ៏​ព្រៃផ្សៃ ហើយ កម្ពុជា បាន ចាប់ផ្តើម​ដំណើរ​ឆ្ពោះទៅ​កាន់​ភាព​ត្រ​ចេះ​ត្រចង់ និង​អនាគត​ពេញ​ដោយ​ក្ដីសង្ឃឹម​»​។ នេះ​គឺជា សារ​របស់​ស្ថានទូត​សហរដ្ឋអាមេរិក ទៅកាន់​ប្រជាជន​កម្ពុជា ដើម្បី​អបអរសាទរ​ទិវា​ជ័យជម្នះ លើ របប ប្រល័យពូជសាសន៍​ប៉ុលពត នា​ថ្ងៃ​ទី​០៧ ខែ​មករា​នេះ​។​

​ស្ថានទូត​សហរដ្ឋអាមេរិក​ក៏​បាន​សម្ដែង​នូវ​ការសោកស្ដាយ និង​ចងចាំ ដែល​ប្រជាជន កម្ពុជា ចំនួន ២ លាន​នាក់ បាន​បាត់បង់​ជីវិត​ក្នុង​របប​ខ្មែរក្រហម និង​ប្រជាជន​រាប់លាន នាក់​ផ្សេង ទៀត បាន រងទុក្ខវេទនា​។

​លើសពីនេះ ស្ថានទូត​សហរដ្ឋអាមេរិក​បាន​កោ​ត​សរសេរ​ចំពោះ​ប្រជាជន​កម្ពុជា ដែល​បាន​ពុះពារ​ឆ្លងកាត់​របប​ប៉ុលពត និង​កសាង​ប្រទេស​មក​ដល់​ប​ច្ចុន្ន​នេះ​។

​នៅក្នុង​សារ​បង្ហោះ​លើ​ទំព័រ​ហ្វេ​សប៊ុក​ស្ថានទូត​សហរដ្ឋអាមេរិ​ក​បាន​សរ​សេរ​យ៉ាង​ដូច្នេះ​ថា​៖ « យើង​ក៏​អបអរសាទរ​នូវ ភាព​វៃឆ្លាត ភាពក្លាហាន និង​ការតស៊ូ ដែល​ប្រជាពលរដ្ឋ​កម្ពុជា បាន​ក្រោក​ចេញ​ពី​សម័យ​កាល​ដ៏​ងងឹត​បំផុត​នេះ កសាង​ប្រទេស​ឡើងវិញ និង​បាន​បន្តដំណើរ​នៃ​ការផ្សះផ្សា​ជាតិ​»​។​

​គួរ​បញ្ជាក់​ជូន​ថា​កម្ពុជា​បាន​ធ្លាក់​ចូល​ទៅ​ក្នុង​របប​ប្រល័យ​ពូជសាសន៍ នៅ​ថ្ងៃ​ទី​១៧ ខែ​មេសា​ឆ្នាំ​១៩៧៥ រហូត​ដល់​ថ្ងៃ​ទី​០៧ ខែ​មករា ឆ្នាំ​១៩៧៩​។ រយៈពេល​៣​ឆ្នាំ ៨​ខែ ២០​ថ្ងៃ របប​នេះ​បាន​កាប់សម្លាប់ ធ្វើបាប​ប្រជាជន​ខ្មែរ​ស្លូតត្រង់ និង​ធ្វើឲ្យ​ប្រទេស​ជាតិ​ធ្លាក់​ដល់​ចំណុចសូន្យ​៕

ព័ត៌មានផ្សេងទៀត