បន្លែ​គីមី​៖​​ស្ថាបនិក​​គណបក្ស​មូលដ្ឋាន​ ឲ្យ​រដ្ឋាភិបាល​​បញ្ជូន​អ្នកជំនាញ​​ជួយ​កសិករ​​ជាជាង​​ដាក់បន្ទុក​​

06-01-2018 3:23 pm 4619
លោកយ៉ង សាំង​កុមារ ស្ថាបនិកគណបក្សប្រជាធិបតេយ្យមូលដ្ឋាន

​ម្តង​ហើយ ម្តងទៀត ក្នុង​ពិធី​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​អគារ​ព្យាបាល​ថ្មី នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត កាលពី​ថ្ងៃទី​០៤ មករា  លោក​ហ៊ុន សែន នៅតែ​ស្នើឲ្យ​ពលរដ្ឋ​ធ្វើពហិការ​កុំ​ទិញ​បន្លែ​គីមី ជាជាង​បន្ទោស​តែ​រដ្ឋាភិបាល​។ លោក​និយាយថា ពលរដ្ឋ​អ្នក​បរិភោគ​ទាំងអស់ ធ្វើពហិការ​កុំ​ទិញ​បន្លែ និង​សាច់​ដែលមាន​សារ​ធាតុគីមី ជាជាង​ងាក​មក​បន្ទោស​តែ​សមត្ថកិច្ច និង​រដ្ឋាភិបាល ថា​បើកទ្វារ បើកផ្លូវ​ឱ្យគេ​នាំចូល​គ្រឿង​ហូបចុក​មាន​សារ​ធាតុគីមី ។ 

ការដាក់បន្ទុក​លើ​ពលរដ្ឋ​យ៉ាង​ដូច្នោះ ត្រូវបាន​ប្រជាពលរដ្ឋ និង​មជ្ឈដ្ឋាន​នានា ស្តីបន្ទោស​រដ្ឋាភិបាល​ថា​គ្មាន​ការទទួលខុសត្រូវ បែរជា​មក​ទម្លាក់កំហុស​ទៅលើ​ប្រជាពលរដ្ឋ​បែបនេះ ទៅវិញ​។​មិនតែប៉ុណ្ណោះ មន្ត្រី​គណបក្សកាន់អំណាច លោកសុខ ឥសាន បាន​ចេញមុខ​ការពារ​លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន ដោយ​ឌឺដង​ឲ្យ​អ្នក​ដែល​រិះគន់ ឲ្យទៅ​បង្កើត​គណបក្សនយោបា​យ​ដើម្បី​ប្រជែង​គ្នា​ជាមួយ​គណបក្សកាន់អំណាច​ទៅ បើ​ថា​ខ្លួន​មាន​សមត្ថភាព​ទប់ស្កាត់​បន្លែ​មាន​ជាតិពុល ឬ​បន្ថែ​គីមី​បាន​មែន​នោះ​។​

​ប៉ុន្តែ​អ្នកជំនាញ​ផ្នែក​កសិកម្ម និង​ក៏​ជា​អ្នកនយោបាយ​ជំនាន់​ថ្មី​មួយរូប​ដែរ គឺ​លោក​បណ្ឌិត​យ៉ង សាំង​កុមារ ចាត់ទុក​ការលើកឡើង​របស់​ប្រមុខ​រដ្ឋាភិបាល​បែបនេះ​គឺជា​ខ្វះ​ការទទួលខុសត្រូវ​ក្នុងនាម​ជា​មន្ត្រី​ដែល​បម្រើ​រាស្ត្រ​។​

​លោក​យ៉ង សាំង កុមារ ផ្តល់​អនុសាសន៍​ថា រដ្ឋាភិបាល​គួរ​បញ្ជូន​មន្ត្រី​ជំនាញ​ទៅ​ដឹកនាំ​កសិករ​ផលិត​បន្លែ​ដែល​គ្មាន​សារធាតុ​គីមីសំយោគ​។​លោក​ក៏បាន​លើកយក​គោលនយោបាយ គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​របស់លោក ទាក់ទង​នឹង​វិស័យ​កសិកម្ម គឺ​គោលនយោបាយ «​ស​១» ក្នុង​គោលនយោបាយ​«​ស​៥» មក​បង្ហាញ គឺ​នឹង​បញ្ជូន​មន្ត្រី​ជំនាញ​៥០០០​នាក់ ចុះ​ទៅដល់​មូលដ្ឋាន​ដើម្បី​ជួយ​កសិករ ដែល​ចំនួន​នេះ ស្មើ​តែ​ប្រមាណ​១​ភាគរយ​នៃ​ចំនួន​មន្ត្រី​ទូទាំងប្រទេស និង​ចំណាយ​តិចជាង​១​ភាគរយ​នៃ​ថវិកាជាតិ​តែប៉ុណ្ណោះ​។​លោក​ថា នេះ ជា​គោលនយោបាយ​អាទិភាព​មួយ​ដែល​គិតពី​សុវត្ថិភាព​ចំណីអាហារ​របស់​ប្រជាជន​កម្ពុជា​។​ពេល​គណបក្ស​លោក​ឈ្នះឆ្នោត​ដឹកនាំ​រដ្ឋាភិបាល ប្រាកដជា​ធ្វើ​កិច្ចការ​នេះ បាន​ជោគជ័យ មិន​ខាន​៕

 ពាក្យគន្លឹះ  លោកយ៉ងសាំងកុមារ

ព័ត៌មានផ្សេងទៀត