យុទ្ធនាការ​រឹតបន្តឹង​ច្បាប់​ចរាចរណ៍​៥​ថ្ងៃ ឃាត់​យានយន្ត​ជាង​២​ម៉ឺន​គ្រឿង​

06-01-2018 10:46 am 1744

​យានយន្ត​សរុប​ប្រមាណ​ជាង​២​ម៉ឺន​គ្រឿង ត្រូវបាន​កម្លាំង​សមត្ថកិច្ច ត្រួតពិនិត្យ ក្នុង​យុទ្ធនាការ​ទូទាំងប្រទេស រឹតបន្តឹង​អ្នកបើកបរ​បញ្ច្រាស់ទិស គ្មាន​មួក គ្មាន​កញ្ចក់ ចាប់ពី​ថ្ងៃ​ទី​០១-០៥ មករា​។ នេះ​បើ​តាម​របាយការណ៍ របស់​នាយកដ្ឋាន​នគ​របាល​ចរាចរណ៍​។

​បើ​តាម​របាយការណ៍​ផ្លូវការ របស់​នាយកដ្ឋាន​នគ​របាល​ចរាចរណ៍ បានឲ្យដឹងថា ក្នុង​យុទ្ធនាការ​រឹតបន្តឹង​ច្បាប់​ចរាច​រណ៍ ផ្លូវគោក សម្រាប់​ថ្ងៃ​ទី​០៥ ខែ​មករា កម្លាំង​នគរបាល​បាន​ត្រួតពិនិត្យ​យានយន្ដ ចំនួន​៥,៣៦៥​គ្រឿង នៅ​ទូទាំង​ប្រទេស​កម្ពុជា ដែល​ភាគច្រើន​ជា​ម៉ូតូ​។ ក្នុងនោះ កម្លាំង​នគរបាល​បាន​ត្រួតពិនិត្យ​មួក និង​កញ្ចក់​លើ​យានយន្ត​សរុប​ចំនួន​២,៧៥៨​គ្រឿង ផាកពិន័យ​ចំនួន ៥៩៥​គ្រឿង ក្នុងនោះ​អត់​មួក​៤៣៥​គ្រឿង​, អត់​កញ្ចក់​១៣៩​គ្រឿង និង​យាន​ផ្សេងៗ​២១​គ្រឿង​។​

​របាយការណ៍​ដដែល បាន​បញ្ជាក់ទៀតថា សម្រាប់​ក្របខណ្ឌ ក្នុង​រាជធានី​ភ្នំពេញ វិញ​គឺ​សមត្ថកិច្ច​ចម្រុះ បាន​ឃាត់​យានយន្ដ​បើកបរ​បញ្ច្រាសទិស មិន​ពាក់​មួកសុវត្ថិភាព មិន​ដាក់​កញ្ចក់​មើល​ក្រោយ ចំនួន​៤៧៨​គ្រឿង ក្នុង​នោះ​រថយន្ដ​ចំនួន​០៧​គ្រឿង​, ម៉ូតូ​ចំនួន​៤៣៤​គ្រឿង និង​រ៉ឺម៉ក​កង់​បី​ចំនួន​៣​គ្រឿង​។​

​ដោយឡែក សម្រាប់​លទ្ធផល នៃ​ការត្រួតពិនិត្យ​រយៈពេល​៥​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​០១-០៥ ខែ​មករា​នេះ ឃាត់​យានយន្ដ​ចំនួន ២២,៩៤៨​គ្រឿង ក្នុងនោះ​អប់រំ​១,៤២២​គ្រឿង និង​ផាកពិន័យ​២,៣៧៣​គ្រឿង​៕ ដោយៈ​សៅ វិសាល​


ព័ត៌មានផ្សេងទៀត