បទល្មើស​ផ្សាយពាណិជ្ជកម្ម​ផលិតផល​ថ្នាំជក់ នៅតែ​កើតមាន​

04-01-2018 3:34 pm 2056

​ទោះបីជា​ការផ្សាយពាណិជ្ជកម្ម​ផលិផល​ថ្នាំជក់ ត្រូវ​បាន​ហាមឃាត់​ទាំងស្រុង ដោយ​ច្បាប់​ស្តីពី​ការត្រួតពិនិត្យ​ផលិតផល​ថ្នាំជក់ ដែល​បាន​ឡាយព្រះហស្ថលេខា ដោយ​ព្រះមហាក្សត្រ អោយចូល​ជា​ធរមាន​តាំងពី​ថ្ងៃ​ទី​១៨ ឧសភា ឆ្នាំ​២០១៥ មក​ក៏​ដោយ ឧស្សាហកម្ម​ថ្នាំជក់​នៅតែ​បំពាន​ផ្សាយពាណិជ្ជកម្ម​ផលិតផល​របស់​ខ្លួន​។

​យោង​តាម​លទ្ទផល នៃ​ការអង្កេត​ស្តីពី​ការអនុវត្ត​ច្បាប់ ស្តីពី​ការត្រួតពិនិត្យ​ថ្នាំជក់ ដែល​បាន​ធ្វើឡើង ដោយ​អង្គការ​ចលនា​ដើម្បី​សុខភាព​កម្ពុជា កាលពី​ខែ​កក្កដា​ឆ្នាំ​២០១៧ បាន​បង្ហាញអោយឃើញថា ការផ្សាយពាណិជ្ជកម្ម​ផលិតផល​ថ្នាំជក់​នៅតែមាន​។

៤៦% នៃ​កន្លែង​លក់​គ្រឿងទេស​និង ៧%​នៃ​ភោជនីយដ្ឋាន​/​អាហា​រដ្ឋា​ន​មាន​ផ្សាយពាណិជ្ជកម្ម​បារី​។ ទម្រង់​នៃ​ការផ្សាយ​ពាណិជ្ជកម្ម​ដែល​ប្រទះ​ឃើញ​មាន​ច្រើនជាងគេ​គឺ ផ្ទាំង​រូបភាព​តូចៗ មាន​ដល់​ទៅ ៨៧.៥%​។

​ម៉ាក​ផលិតផល​ថ្នាំជក់​ដែ​ល​ឃើញ​មាន​ផ្សាយពាណិជ្ជកម្ម​ច្រើនជាងគេ​មាន Fine(៤៧%)  Alain Delon(៤៩%) Luxury (១៣%) Happy Time (១៣%) ARA (៧%)  Cambo(៧%) និង Winston (៧%) ។​
​មាន​ភស្តុតាង​ច្បាស់លាស់​បង្ហាញថា ការផ្សាយពាណិជ្ជកម្ម ការផ្សព្វផ្សាយ​លក់ និង​ការ ឧបត្ថម្ភ បង្កើន​ការប្រើប្រាស់​ថ្នាំជក់ រីឯ​ការហាមឃាត់​ការផ្សាយពាណិជ្ជកម្ម ការផ្សព្វផ្សាយ លក់ និង​ការឧបត្ថម្ភ កាត់បន្ថយ​ការប្រើប្រាស់​ថ្នាំជក់​។ ការហាមឃាត់​ការផ្សាយពាណិជ្ជកម្ម ផលិតផល​ថ្នាំជក់ ជា​វិធានការ​មួយ​ក្នុងចំណោម​វិធានការ ដែល​មាន​ប្រសិទ្ធភាព ក្នុងការ កាត់ បន្ថយ ការប្រើ​​​ប្រាស់​​​​ផលិតផល​ថ្នាំជក់ ដែល​ត្រូវបាន​កំណត់​ក្នុង​អនុសញ្ញា ស្តីពី​ការត្រួតពិនិត្យ​ផលិតផល​ថ្នាំជក់ របស់​អង្គការ​សុខភាព​ពិភពលោក​។  

​ការប្រើប្រាស់​ផលិតផល​ថ្នាំជក់ បង្ក​គ្រោះថ្នាក់​ធ្ងន់ធ្ងរ និង​ជា​ឧបសគ្គ​នៃ​ការអភិវឌ្ឍ​ប្រទេស​។ ជាក់ស្ដែង ជា​រៀងរាល់ឆ្នាំ ប្រជាពលរដ្ឋ​កម្ពុជា ១​ម៉ឺន​នាក់ ត្រូវបាន​ស្លាប់​ដោយសារ​ជំងឺ ដែល​បង្ក​ដោយ​ការ ប្រាស់​ផលិតផល​ថ្នាំជក់ (​អង្គការ​សុខភាព​ពិភពលោក​)​។

​ថវិកា​ប្រមាណ ២០០​លាន​ដុល្លារ​អាមេរិក​ត្រូវបាន​ចំណាយ​ដើម្បី​ទិញ​បារី​ជក់ (​វិទ្យាស្ថាន ជាតិ ស្ថិតិ ២០១៥)​ហើយ​ថវិកា​ប្រមាណ​១៦២​លាន​ដុល្លារ​អាមេរិក​ត្រូវបាន​ចំណាយ​ដើម្បី​ព្យាបាល​ជំងឺ​ដែល​បង្ក​ដោយ​ការប្រើប្រាស់​ថ្នាំជក់​ប្រាំ​មុខ (​មជ្ឈមណ្ឌល​ជាតិ​លើក​កំពស់​សុខភាព​)​៕​
 

 ពាក្យគន្លឹះ  ថ្នាំជក់

ព័ត៌មានផ្សេងទៀត