លោក​ម៉ម សូណង់ដូ ប្រកាស​​ប្រឡូក​​ក្នុង​នយោបាយ​​វិញ​​រហូត​ដល់​ថ្ងៃ​ស្លាប់​​

03-01-2018 2:35 pm 2107

​លោក​ម៉ម សូណង់ដូ ប្រធាន​វិទ្យុ​សំបុក​ឃ្មុំ និង​ជា​ស្ថាបនិក​គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ   ដែល​ថ្មីៗ​នេះ ទើបនឹង​បានប្រកាស​តាមរយៈ​លិខិត​មួយ ថា​លោក នឹង​លាលែង​ពី​នយោបាយ និង​ពី​ប្រធាន​វិទ្យុ​ស​បុក​ឃ្មុំ​។ ប៉ុន្តែ​ប៉ុន្មាន​ម៉ោង​ក្រោយមក តាមរយៈ​បទ​សម្ភាស​ជាមួយ​វិទ្យុ​បារាំង​អន្តរជាតិ ពី​ទី​ក្រុងប៉ារីស​ប្រទេស​បារាំង លោក​បញ្ជាក់ ជាថ្មី​វិញ​ថា លោក​មិនអាច​ដកខ្លួន​ពី​នយោបាយ​នោះទេ ហើយ​លោក​នឹងធ្វើ​នយោបាយ​រហូតដល់​ថ្ងៃ​ស្លាប់ ហើយ​សូម្បី ជា​ប្រធាន​វិទ្យុ​សំបុក​ឃ្មុំ ក៏​លោក​មិនទាន់​ឈប់​ដែរ​។​

​លោក​ម៉ម សូណង់ដូ និយាយថា ក្នុងស្ថានភាព​ពេលនេះ លោក​មិនអាច​ដកខ្លួន​ពី​នយោបាយ​បានទេ ឯ​ពី​ប្រធាន​វិទ្យុ​សំបុក​ឃ្មុំ​ក៏​ទេ​ដែរ​។ លោក​ថា លិខិត ដែល​លោក​ប្រកាស​លាលែង​ពី​នយោបាយ និង​ប្រធាន​វិទ្យុ​សំបុក​ឃ្មុំ កាលពី​ថ្ងៃទី​០១ កម​រា តាមរយៈ​បណ្តាញ​សង្គម​Facebook​នោះ គឺ​គ្រាន់តែ​ជា​ការស្ទង់មតិ ពី​ក្រុម​អ្នកនយោបាយ និង​អ្នកលេង​បណ្តាញ​សង្គម​ដ៏​ទំនើប​មួយ​នេះ​តែប៉ុណ្ណោះ​។ លោក​បញ្ជាក់ថា ពីមុន លោក​តែង​ទទួល​ការ​បន្ទុច​បង្អាក់ ពី​ក្រុម​អ្នកគាំទ្រ នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ថា ចាស់​ហើយ ល្មម​ឈប់​ហើយ​.....​តែ​ដល់​លោក​ចង់ដឹង​ក៏​ធ្វើជា​ប្រកាស​ឈប់ ក៏​លេច​នូវ​ពាក្យ​ផ្ចាញ់​ផ្ចាល់ ដូចជា​ថា លោក​ម៉ម សូណង់ដូ បរាជ័យ​ហើយ កំ​សាក មិនអាច​ធ្វើ​អ្វី​ទៀត​បាន​...​ទៅវិញ​។​

​ដោយឡែក​ចំពោះ​ដីកា​កោះហៅ​របស់​តុលាការ​ឲ្យ​លោកទៅ​បំភ្លឺ​ក្នុង​សំណុំរឿង​លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ នោះ លោក​ម៉ម សូណង់ដូ ឆ្ងល់​ថា ហេតុអ្វី​ក៏​រឿង​លោក​កឹម សុខា មក​ទាក់ទង​នឹង​លោក​ទៅវិញ​។​លោក​ម៉ម សូណង់ដូ អះអាងថា កន្លងមក​ការជួល​ម៉ោង​ផ្សាយ​របស់លោក​កឹម សុខា នៅ​វិទ្យុ​សំបុក​ឃ្មុំ សុទ្ធតែ​មាន​ការដឹងឮ និង​អនុញ្ញាត​ពី​ក្រសួង​ព័ត៌មាន​។​ឯ​ការបើក​អង្គការសិទ្ធិមនុស្ស​រប​ស់លោក​កឹម សុខា ក៏​ទាល់តែ​មានច្បាប់​ពី​ក្រសួងមហាផ្ទៃ​។ ដូច្នេះ​គួរតែ​កោះហៅ​ក្រសួង​ព័ត៌មាន និង​ក្រសួងមហាផ្ទៃ ទើប​ត្រឹមត្រូវ​ជាង​។​

​ស្ថានភាព​ចុងក្រោយ​នៃ​ការសម្រេចចិត្ត ម្តង​យ៉ាងនេះ ម្តង​យ៉ាងនោះ​របស់លោក​ត្រូវគេ​កត់សម្គាល់​ឃើញថា ធ្វើឡើង​បន្ទាប់ពី ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ បានចេញ​ដីកា​កោះហៅ​លើក​ទី​បី  ឲ្យចូល​មកកាន់​តុលាការ​នៅព្រឹក​ថ្ងៃទី​១១ ខែ​មករា ខាងមុខនេះ ដើម្បី​បំភ្លឺ​ក្នុងនាម​ជា​សាក្សី​នៅក្នុង​សំណុំរឿង​លោក​កឹម សុខា ដែល​រដ្ឋាភិបាល ចោទថា ក្បត់ជាតិ​។ យ៉ាងណាក៏ដោយ លោក​ម៉ម សូណង់ដូ បានប្រកាសថា លោក នឹងមិន​ចូល​បំភ្លឺ​នៅ​តុលាការ​ឡើយ ពីព្រោះ លោក​មានបទពិសោធន៍​ជាប់​ពន្ធនាការ ៣​ដង​ហើយ ព្រោះតែ​ដីកា​កោះហៅ​ធ្វើជា​សាក្សី​នេះ​។ លោក​ថា បើ​លោក​ចូលខ្លួន​តាម​ដីកាកោះ ភាគរយ​នៃ​ការចាប់ខ្លួន​លោក​ខ្ពស់​ដល់ ៩៩​ភាគរយ​។​

​លោក​ម៉ម សូណង់ដូ ត្រូវបាន​គេ​ស្គាល់​ថា ជា​អ្នកនយោបាយ​ដែល​ហ៊ាន​រិះគន់​រដ្ឋាភិបាល​ឥត​សំចៃ​មាត់ តាមរយៈ​ការផ្សាយ​សំឡេង​របស់​វិទ្យុ​សំបុក​ឃ្មុំ ការធ្វើ​បទសម្ភាសន៍​ទាក់ទង​នឹង​ព្រឹត្តិការណ៍​នយោបាយ បញ្ហា​ទំនាស់​ដីធ្លី និង​បញ្ហា​ព្រំដែន​ជាដើម ជាពិសេស តាមរយៈ​កំណាព្យ​របស់លោក​ដែលមាន​ចំណងជើង​ថា “​តើ​ខ្ញុំ​អាចរ​ស់បាន​ដល់​ពេលណា​?“​កាលពី​ប៉ុន្មាន​ឆ្នាំមុន​។​ពេលនេះ​លោក​មាន​វ័យ​៧៥​ឆ្នាំ​ហើយ​។ 

​ការ​ប្រឡូក​ក្នុង​នយោបាយ​របស់លោក រយៈពេល ២២ ឆ្នាំ មកនេះ ដូច​មិនឃើញ​លទ្ធផល​ជា​ដុំកំភួន​អ្វី​ទេ​។​ប៉ុន្តែ​យ៉ាងណា​លោក​ថា លោក មាន​មោទនភាព ដោយបាន​ចូលរួម​បម្រើ​សង្គម តាមរយៈ​ការងារ​មនុស្សធម៌ ការលះបង់​កម្លាំងកាយ​ចិត្ត ការប្រឈមមុខ​ជាមួយ​នឹង​អ្នកកាន់អំណាច ក្នុង​ការងារ​យុត្តិធម៌​សង្គម សិទ្ធិសេរីភាព និង​ដើម្បី​ការពារ​អ្នករងគ្រោះ​។ 

​នៅ​ឆ្នាំ​២០១៣ លោក ម៉ម សូណង់ដូ ក៏បាន​បង្កើត​គណបក្ស​គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ របស់លោក​ដែល​ធ្លាប់​ចូលរួម​បោះឆ្នោត​នៅ​អាណត្តិ​ទី​២ ឡើយ​វិញ ដើម្បី​ប្រកួតប្រជែង​ការបោះឆ្នោត​រើស​ក្រុមប្រឹក្សាឃុំ​-​សង្កា​ត​ឆ្នាំ​២០១៧ ប៉ុន្ដែ​លោក ក៏​លាលែង​ពី​តំណែង​វិញ ដោយសារតែ គណបក្ស​នេះ មិន​បានឈ្នះ​គ្រង​តំណែង​មេឃុំ ឬ​ចៅសង្កាត់ ពោលគឺ​ទទួល​បានតែ​១​អសនៈ​គត់ ជា​តំណែង​ជំទប់​ទី​២​។​

​នៅ​មិនទាន់​អាច​បញ្ជាក់​ពី​លោក​ម៉ម សូណង់ដូ បាន​នៅឡើយ​ទេ ថា​តើ​ការបន្ត​ប្រឡូក​ក្នង​នយោបាយ​វិញ​របស់លោក​ពេលនេះ លោក​អាចមក​គ្រង​តំណែង​ជា​ប្រធាន​គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ​វិញ ឬ​យ៉ាងណា សម្រាប់​ត្រៀមខ្លួន​ចូលរួម​ប្រកួតប្រជែង ការបោះឆ្នោត​នៅ​ឆ្នាំ​២០១៨ ដែល​នៅតែ​ប្រមាណ​កន្លះ​ឆ្នាំ​ទៀត​ប៉ុណ្ណោះ​?

 ពាក្យគន្លឹះ  លោកម៉មសូណង់ដូ

ព័ត៌មានផ្សេងទៀត