លោក​ម៉ម សូណង់ដូ ប្រកាស​​លាឈប់​​ពី​នយោបាយ​ ក្រោយ​តុលាការ​​កោះហៅ​​បី​លើក​​

02-01-2018 10:18 am 2267
លោកម៉ម សូណង់ដូ

​អតីត​ប្រធាន​គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ លោក ម៉ម សូណង់ដូ ប្រកាស​លាលែង​ពី​ឆាកនយោបាយ និង​ពី​តំណែង​ប្រធាន​វិទ្យុ​សំបុក​ឃ្មុំ​។ ការប្រកាស​លាលែង​ដោយ​តក់ក្រហល់​បែបនេះ ធ្វើឡើង​ក្រោយ​ពេលដែល​លោក​បាន​អវត្តមាន​ចំនួន​៣​ដង ក្នុង​ការចូល​បំភ្លឺ​ក្នុងនាម​ជា​សាក្សី​ជូន​តុលាការ​ក្រុងភ្នំពេញ ជុំវិញ​សំណុំរឿង​ក្តី​របស់ លោក​កឹម សុខា​។​

​តាមរយៈ​លិខិត​លាលែង​របស់ លោក​ម៉ម សូណង់ដូ ចុះ​ថ្ងៃទី​០១ មករា ឆ្នាំ​២០១៨ លោក​បាន​បញ្ជាក់ថា ការលែង​លែង​ពី​ប្រធាន​វិទ្យុ​សំបុក​ឃ្មុំ និង​លាលែង​ចេញពី​ឆាកនយោបាយ​នេះ គឺ​ដើម្បី​ផ្ទេរ​ជូន​អ្នកនយោបាយ​វ័យក្មេង បន្ត​កាតព្វកិច្ច​ស្នេហា​ជាតិ​ជំនួស​លោក​តទៅទៀត​។​

​លោក​ម៉ម សូណង់ដូ បានបញ្ជាក់​ក្នុង​លិខិត​ថា ការ​ប្រឡូក​នយោបាយ​នៅ​កម្ពុជា អស់​រយៈកាល​២២​ឆ្នាំកន្លងមក ធ្វើឲ្យ​លោកមាន​មោទនភាព ដោយបាន​ចូលរួម​បម្រើ​សង្គម តាមរយៈ​ការងារ​មនុស្សធម៌  ការលះបង់​កម្លាំងកាយ​ចិត្ត ប្រឈមមុខ​ជាមួយ​អ្នកកាន់អំណាច ក្នុង​ការការពារ​យុត្តិធម៌​សង្គម និង​ដើម្បី​សេរីភាព​។​តែ​យ៉ាងណា លោក​បញ្ជាក់ថា នៅតែ​បន្តការងារ​មនុស្សធម៌ ដោយ​មិន​ប្រកាន់​និន្នាការ​នយោបាយ​ដដែល​។​

លោក​ម៉ម សូណង់ដូ ក៏បាន​ប្រកាស​អំពី​អ្នកទទួលខុសត្រូវ​ក្នុង​វិទ្យុ​សំបុក​ឃ្មុំ​បន្ត​ពី​លោក​គឺ​លោកស្រី ឌិន ផា​ណា​រ៉ា ដែលជា​ប្រធានស្តីទី នៃ​វិទ្យុ​នេះ​ផងដែរ​។​

​យ៉ាងណា​វិទ្យុ​វា​យោ មិនអាច​ទាក់ទង​សុំ​ការបំភ្លឺ​បន្ថែម ជុំវិញ​មូលហេតុ​នៃ​ការលាឈប់​ពី​សង្វៀន​នយោបាយ របស់លោក​នៅពេលនេះ​បានទេ​។​

​សូមបញ្ជាក់ថា ការលាឈប់​ពី​នយោបាយ​របស់លោក​ម៉ម សូណង់ដូ ពេលនេះ ធ្វើឡើង​ក្រោយ​តុលាការ​កោះហៅ ចំនួន​៣​លើក ដើម្បី​ធ្វើជា​សាក្សី នៅក្នុង​សំណុំរឿង​សន្ទិដិ្ឋភាព​ជាមួយ​បរទេសរ​បស់​លោក​កឹម សុខា ប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ប៉ុន្តែ​លោក​ម៉ម សូណង់ដូ បដិសេធ​មិន​ចូល​បំភ្លឺ​តាម​ការកោះហៅ​នោះទេ​។​

​នាពេល​កន្លងទៅ ក្រោយពី​លទ្ធផល​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ​-​សង្កាត់ មិន​ទទួលបាន​ដូច​ក្តីរំពឹង លោក​ម៉ម សូណង់ដូ ក៏បាន លាលែង​ពី​តំណែង​ប្រធាន​គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ និង​ប្រគល់​តំណែង​ឲ្យទៅ​លោក​ស្រីហួន ផាន់​ណា​រី ក្រោយមក លោកស្រី​ហួន ផាន់​ណា​រី ក៏​ប្រកាស​លាលែង​ទៀត ទើប​គណបក្ស​នេះ សម្រេច​ជ្រើសរើស​លោក​ផាត់ ស៊ី​កាន ជា​ប្រធាន គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ​ជា​បន្ត តាមរយៈ​សមាជ កាលពី​ថ្ងៃទី​១៧ ធ្នូ ២០១៧​កន្លងទៅ​៕


 ពាក្យគន្លឹះ  លោកម៉មសូណង់ដូ

ព័ត៌មានផ្សេងទៀត