លោកកឹម សុខាថា ឆ្នាំចាស់កន្លងផុត​បន្សល់​ទុកវិបត្តិនយោបាយ​ដ៏ធ្ងន់ធ្ងរ​សម្រាប់ឆ្នាំថ្មី​

01-01-2018 10:48 am 2687
លោកកឹម សុខា ថ្លែងនៅក្នុង “វេទិកា ជួបជាមួយបេក្ខជនក្រុមប្រឹក្សាឃុំ-សង្កាត់ជាប់ឆ្នោត ខេត្តព្រៃវែង”កន្លងទៅ ។

លោកកឹម សុខា ប្រធានអតីតគណបក្សសង្រ្គោះជាតិ បានអះអាងថា ឆ្នាំចាស់២០១៧កន្លងផុតទៅ បន្សល់ទុកនូវវិបត្តិនយោបាយដ៏ធ្ងន់ធ្ងរដល់ពេលបច្ចុប្បន្ន។ ធ្ងន់ធ្ងរដោយសារតែរំលាយគណបក្សសង្រ្គោះជាតិ ដែលជាគណបក្សប្រឆាំងដ៏ធំនៅកម្ពុជា ដែលលោកយល់បានធ្វើឲ្យដំណើរការប្រជាធិបតេយ្យដើរថយក្រោយ។ 

នៅក្នុងសារលិខិតរបស់លោកកឹម សុខា ចំនួន២ទំព័រផ្ញើចេញពីពន្ធនាគារត្រញាំងផ្លុង ក្នុងឱកាសឆ្នាំថ្មី២០១៨ លោកបានគូសបញ្ជាក់ថា ការអនុវត្តប្រជាធិបតេយ្យកំពុងដើរថយក្រោយ បន្ទាប់ពីមានការរំលាយគណបក្សសង្រ្គោះជាតិ ដែលមានអ្នកគាំទ្រជិតពាក់កណ្តាល់ប្រទេស ការបិទប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ការរិតត្បិតសកម្មភាពអង្គការសង្គមស៊ីវិល បិទសិទ្ធិសេរីភាពនៃការបញ្ចេញមតិ រួមទាំងការរំលោភសិទ្ធិមនុស្ស និងការចាប់ឃុំអ្នកនយោបាយ និងសកម្មជនដីធ្លី ដែលលោកយល់ បានបំពានច្បាប់។

បើតាមលោកកឹម សុខា បញ្ហាទាំងអស់នេះ កើតចេញពីការដឹកនាំដែលប្រាសចាកគន្លងប្រជាធិបតេយ្យ និងជាដើមចមជំរុញឲ្យប្រជាពលរដ្ឋខ្មែរភាគច្រើន រស់នៅភាពក្រីក្រដោយទទួលបានប្រាប់បៀវត្សតិចតួច ព្រមទាំងធ្វើឲ្យគម្លាតជាខ្លាំនៃជីវភាពរបស់អ្នកមាន និងអ្នកក្រ បណ្តាលឲ្យមានការកើនឡើងនូវភាពអយុត្តិធម៌សង្គម ការខ្វះឱកាសស្មើភាពគ្នា ដែលជាឩបសគ្គក្នុងការអភិវឌ្ឍប្រកបដោយសមធម៏។លោកយល់ថា ទាំងនេះ គឺជាគ្រោះថ្នាក់សម្រាប់កម្ពុជា។

ដើម្បីដោះស្រាយបញ្ហាទាំងនេះ លោកយល់ថា មានតែខ្មែរត្រូវរួមគ្នាដោះស្រាយ តាមរយៈការផ្សះផ្សាជាតិ ដោយប្រកាន់យកនូវគោលការណ៍អហិង្សា ទុកឱកាសឲ្យពលរដ្ឋជាអ្នកជ្រើររើសមេដឹកនាំដោយខ្លួនឯង អនុវត្តឲ្យបានពេញលេញតាមកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស និងមានគោលនយោបាយជាក់លាក់សម្រាប់រៀបចំសង្គម។

គួរបញ្ជាក់ថា លោក កឹម សុខា អតីតប្រធានគណបក្សសង្រ្គោះជាតិ ត្រូវបានកងកម្លាំងនគរបាលរបស់រដ្ឋាភិបាលកម្ពុជា បានចាប់ខ្លួន កាលពីពាក់កណ្ដាលអធ្រាត្រថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៧ ដោយចោទថាបានប្រព្រឹត្ត «អំពើក្បត់ជាតិ»។សព្វថ្ងៃលោកត្រូវបាននាំទៅសួរចម្លើយនៅមណ្ឌលអប់រំកែប្រែទី៣ (ម៣) ឬពន្ធនាគារត្រពាំងផ្លុង ស្ថិតក្នុងខេត្តត្បូងឃ្មុំ ក្បែរព្រំដែន វៀតណាម។ការចាប់ខ្លួនរបស់លោក កឹម សុខា បានធ្វើឡើងក្រោយពីបែកធ្លាយវីដេអូក្លីបមួយ ដែលរដ្ឋាភិបាលក្រុងភ្នំពេញសង្ស័យថា លោក កឹម សុខា មានផែនការសម្ងាត់និងជនបរទេស ដើម្បីផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់៕ 

 ពាក្យគន្លឹះ  លោកកឹមសុខា

ព័ត៌មានផ្សេងទៀត