លោក​ស៊ី ជីន​ពីង​​សន្យា​នឹង​​បំពេញ​កាតព្វកិច្ច​​អន្ដរជាតិ​​ឲ្យបាន​ពេញលេញ​​ក្នុង​ឆ្នាំ​ថ្មី​

01-01-2018 10:21 am 487
ប្រធានាធិបតីចិនលោកស៊ី ជីនពីង

​ប្រធានាធិបតី​ចិន​លោក​ស៊ី ជីន​ពីង​បាន​ប្ដេជ្ញា​ថា ប្រទេស​ចិន​នឹង​បំពេញ​កាតព្វកិច្ច​អន្ដរជាតិ ក៏ដូចជា​ទទួលខុសត្រូវ​កិច្ចការ​ទាំងនោះ​ឲ្យបាន​ពេញលេញ ក្នុងនាម​ជា​ប្រទេស​សំខាន់​មួយ​។​ពេល​ថ្លែង​សុន្ទរកថា​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​ស្វាគមន៍​ឆ្នាំ​ថ្មី លោក​ស៊ី​បាន​លើកឡើងថា​ប្រទេស​ចិន​នឹង​ប្រកាន់​ជំហរ​រឹងមាំ ទៅតាម​សិទ្ធិ​និង​ឋានៈ​របស់ខ្លួន​ក្នុង​អង្គការសហប្រជាជាតិ​។​លោក​បន្ថែមថា ចិន​នឹង​នៅតែ​ប្ដេជ្ញា​យ៉ាង​ម៉ឺងម៉ាត់​ចំពោះ​ការសន្យា​របស់ខ្លួន ក្នុង​ការដោះស្រាយ​បញ្ហា​ប្រែប្រួល​អាកាសធាតុ និង​ជំរុញ​គំនិត​ផ្ដួចផ្ដើម​យុទ្ធសាស្ដ្រ​សេដ្ឋកិច្ច​ខ្សែក្រវ៉ាត់​មួយ​ផ្លូវ​មួយ​។​

លោក​ស៊ី​បញ្ជាក់ថា ប្រទេស​ចិន​នឹង​អនុវត្ដ​ការធ្វើកំណែទម្រង់​បន្ថែម​នៅ​ឆ្នាំ​២០១៨ ដែលជា​ឆ្នាំ​គម្រប់​ខួប​ទី​៤០​នៃ​ការធ្វើកំណែទម្រង់​បើកចំហ​របស់​ចិន​។​លោក​សន្យា​ដែរថា​នៅត្រឹម​ឆ្នាំ​២០២០ ប្រជាជន​នៅតាម​ជនបទ​ទាំងអស់​ដែល​កំពុង​រស់នៅ​ក្រោម​បន្ទាត់​ភាពក្រីក្រ នឹងត្រូវ​លើកស្ទួយ​ឲ្យ​ពួកគេ​មាន​ជីវភាព​ធូរធារ​ជាង​មុន អាច​រក​ប្រាក់ចំណូល​បាន​លើ​បន្ទាត់​នៃ​ភាពក្រីក្រ​៕

 ពាក្យគន្លឹះ  ចិនលោកស៊ីជីនពីង

ព័ត៌មានផ្សេងទៀត