អតីតមន្ត្រីគណបក្ស​សង្រ្គោះជាតិ​ដាក់​ពាក្យប្តឹង​ជាថ្មីទៅ​តុលាការសុំសើរើដី​ការរំលាយបក្ស​

29-12-2017 10:57 am 1893
ពុកមាត់ច្រើន គឺលោក អ៊ូ ច័ន្ទរ័ត្ន អតីតសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ នៃគណបក្សសង្គ្រោះជាតិ។

លោក អ៊ូ ច័ន្ទរ័ត្ន អតីតសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ នៃគណបក្សសង្គ្រោះជាតិនៅថ្ងៃទី២៨ ខែធ្នូនេះ បានដាក់ពាក្យបណ្ដឹងនៅតុលាការកំពូលជាថ្មីម្តងទៀត ដើម្បីសុំឲ្យតុលាការនេះជំនុំជំរះសាជាថ្មីលើសំណុំរឿងរំលាយគណបក្សសង្រ្គោះជាតិ។ហើយបណ្តឹងនេះ ត្រូវបានតុលាការទទួលយកទៅពិនិត្យ នឹងរង់ចាំការសម្រេច។ 

នៅក្នុងបណ្តឹងរបស់លោក អ៊ូ ច័ន្ទរ័ត្ន ដាក់ជូនទៅតុលាការកំពូល បានស្នើ ឲ្យតុលាការកំពូលរក្សាឈ្មោះមន្ត្រីគណបក្សសង្រ្គោះជាតិទាំង១១៨នាក់ ឲ្យមានសិទ្ធិធ្វើនយោបាយឡើងវិញ, ស្នើសុំឲ្យតុលាការកំពូល ជំនុំជំរះសាជាថ្មីលើសំណុំរឿងរំលាយគណបក្សសង្រ្គោះជាតិ, បណ្ដឹងសុំឲ្យចេញដីការក្សាការពារ លើសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ ស្រុក-ក្រុង ខេត្ត-រាជធានី។បើតាមលោកអ៊ូ ច័ន្ទរ័ត្ន មកដល់ពេលនេះបណ្តឹងរបស់លោក បានធ្លាក់ដល់ដៃតុលាការកំពូលហើយ ហើយតុលាការកំពូល កំពុងពិនិត្យនឹងបន្តនីតិវិធីទៅតាមច្បាប់។

គួរបញ្ជាក់ថា នេះជាបណ្តឹងថ្មីរបស់អតីតមន្ត្រីគណបក្សសង្រ្គោះជាតិ ដែលដាក់ជូនទៅតុលាការកំពូល។កន្លងទៅ តុលាការកំពូលស បានសម្រេចចេញដីការ មិនអនុញ្ញាតឲ្យមាន ការបើកជំនុំជម្រះសាជាថ្មី លើសំណុំរឿងគណបក្សសង្រ្គោះជាតិទេ ដោយសារតែ សាលដីការបស់តុលាការកំពូលកាលពីថ្ងៃទី១៦ ខែវិច្ឆិកា បានបិទផ្លូវតវ៉ា ដោយយោងតាមច្បាប់ស្តីពីគណបក្សនយោបាយមាត្រា៤៥។

តែយ៉ាងណាក្តី លោក អ៊ូ ច័ន្ទរ័ត្ន យល់ថា ក្នុងនីតិវិធីមួយចំនួនអាចនៅចន្លោះប្រហោង និងអាចសើរើឡើងវិញបាន។ម្យ៉ាងវិញទៀត ច្បាប់ស្តីពីគណបក្សនយោបាយ ទើបតែធ្វើវិសោធនកម្មថ្មីៗ ដូច្នេះច្បាប់នេះ អត់ទាន់មានយុទ្ធសាស្ត្រដើម្បីកាត់ក្តីឲ្យមានយុត្តិធម៌ទេ ទើបលោកដាក់ពាក្យបណ្ដឹងនៅតុលាការកំពូលជាថ្មីម្តងទៀត ដើម្បីសុំឲ្យតុលាការនេះជំនុំជំរះសាជាថ្មី។

សូមរម្លឹក គណបក្សសង្គ្រោះជាតិ ត្រូវបានប្រកាសរំលាយ ដោយសាលដីការរបស់តុលាការកំពូល កាលពីថ្ងៃទី១៦វិច្ឆិកា ឆ្នាំ ២០១៧។ក្រៅពីរំលាយគណបក្សចោល មេដឹកនាំគណបក្សសង្រ្គោះជាតិ និងមន្រ្តីជាន់ខ្ពស់ទាំង១១៨រូប ក៏ត្រូវបានតុលាការកំពូលផ្អាកសកម្មភាពនយោបាយរយៈពេល៥ឆ្នាំ។លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានប្រកាសហើយថា គណបក្សប្រឆាំងនេះ នឹងមិនអាចរស់ឡើងវិញបានឡើយ ព្រោះដីការរបស់តុលាការកំពូល ​បិទផ្លូវតវ៉ា៕ 

 ពាក្យគន្លឹះ  គណបក្សសង្រ្គោះជាតិ

ព័ត៌មានផ្សេងទៀត