នៅ​​ឆ្នាំ​​២០១៨​​រដ្ឋាភិបាល​​កម្ពុជា​​មិន​​ព្រួយ​បារម្ភ​ ពី​​ការ​នាំ​​ទំនិញ​​ទៅ​កាន់​​អឺរ៉ុប​​ទេ​​

27-12-2017 4:44 pm 1936

​រាជរដ្ឋាភិបាល​ដែលមាន​ក្រសួងពាណិជ្ជកម្ម​ជា​សេនាធិការ បាន​អះអាងថា នៅ​ឆ្នាំ​២០១៨ ខាងមុខនេះ កម្ពុជា​មិនមាន​ការព្រួយបារម្ភ ក្នុង​ការនាំ​ទំនិញ​ទៅកាន់​សហភាព​អឺរ៉ុប​នោះទេ ដោយសារតែ​អ្នកបញ្ជា​ទិញ​នៅ​សហភាព​អឺរ៉ុប បាន​បញ្ជា​ទិញ និង​ចុះកិច្ចសន្យា​រួច​អស់ហើយ​។ 

​បើទោះបីជា​សភា​អឺរ៉ុប បានចេញ​សេចក្តីសម្រេច​មួយ​នៅ​ថ្ងៃទី​១២ ខែ​ធ្នូ ដោយ​ស្នើឲ្យ​រដ្ឋាភិបាល គណៈកម្មការ​អឺរ៉ុប​ទាំងអស់ ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ ផ្នែក​ពាណិជ្ជកម្ម​ជាមួយ​កម្ពុជា រួមទាំង​ការនាំចេញ​ផលិតផល​ពី​វិស័យ​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់ និង​ស្បែកជើង និង​ទំនិញ​ដទៃទៀត​ជា​បណ្ដោះអាសន្ន​ក្ដី ប៉ុន្តែ​រដ្ឋាភិបាល​កម្ពុជា មិនមាន​ការព្រួយបារម្ភ​ក្នុង​ការនាំ​ទំនិញ​ទៅកាន់​សហភាព​អឺរ៉ុប​នោះទេ ដោយសារតែ​អ្នកបញ្ជា​ទិញ​នៅ​សហភាព​អឺរ៉ុប បាន​បញ្ជា​ទិញ និង​ចុះកិច្ចសន្យា​រួច​អស់ហើយ​។​

​នៅក្នុង​ពិធី​បើក​សន្និបាត​បូកសរុប​ការងារ​ពាណិជ្ជកម្ម​ឆ្នាំ​២០១៧ និង​លើក​ទិសដៅ​អនុវត្តន៍​ការងារ​ពាណិជ្ជកម្ម ឆ្នាំ​២០១៨ នៅ​ថ្ងៃទី​២៧ ខែ​ធ្នូ លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រី​ក្រសួងពាណិជ្ជកម្ម បាន​បញ្ជាក់ថា រឿង​នាំ​ទំនិញ​ទៅកាន់​សហភាព​អឺរ៉ុប មិនជា​អ្វី​នោះទេ គឺ​គ្រាន់តែ​ជា​ព័ត៌មាន​ដើម្បីឲ្យ​ថ្នាក់ដឹកនាំ​លោក​វាយតម្លៃ​ប៉ុណ្ណោះ​។ លោក​ថា នៅ​ឆ្នាំ​២០១៨ ខាងមុខនេះ កម្ពុជា​មិនមាន​អ្វី​ព្រួយបារម្ភ ក្នុង​ការនាំ​ទំនិញ​ទៅកាន់​សហភាព​អឺរ៉ុប​នោះទេ​.............

​សំឡេង​៖

​កាលពីពេល​ថ្មីៗ​នេះ សភា​អឺរ៉ុប បានចេញ​សេចក្តីសម្រេច​មួយ​ស្នើឲ្យ​រដ្ឋាភិបាល គណៈកម្មការ​អឺរ៉ុប​ទាំងអស់ ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ ផ្នែក​ពាណិជ្ជកម្ម​ជាមួយ​កម្ពុជា រួមទាំង​ការនាំចេញ​ផលិតផល​ពី​វិស័យ​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់ និង​ស្បែកជើង និង​ទំនិញ​ដទៃទៀត​ជា​បណ្ដោះអាសន្ន បន្ទាប់ពីសភា​អឺរ៉ុប មើលឃើញថា កម្ពុជា​បានដើរ​ខុស​គន្លង​ប្រជាធិបតេយ្យ រំលោភ​សិទ្ធិមនុស្ស បិទ​ប្រព័ន្ធ​ផ្សព្វផ្សាយ​មួយចំនួន រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ និង​ចាប់ខ្លួន​លោក កឹម សុខា អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ ដាក់ពន្ធនាគារ​ជាដើម​។​

​សូមបញ្ជាក់ថា សហភាព​អឺរ៉ុប​ជា​ទីផ្សារ​ដ៏​ធំ និង​សំខាន់បំផុត​សម្រាប់​ទំនិញ​របស់​កម្ពុ​ជា ដោយសារ​សហភាព​អឺរ៉ុប បាន​អនុគ្រោះ​ពន្ធ​នាំចូល​ដល់​កម្ពុជា​។ ទំនិញ​ដែល​កម្ពុជា​នាំចេញ​ទៅ​អឺរ៉ុប​ភាគច្រើន គឺ​ផលិតផល​វាយ​ន​ភណ្ឌ អង្ករ និង​ស្ករស រួមទាំង​ផលិត​កសិកម្ម​មួយចំនួនទៀត​។ នៅ​ឆ្នាំ​២០១៧ កម្ពុជា​បាន​នាំចេញ​ទំនិញ​តាម​ប្រព័ន្ធ​អនុគ្រោះ​ពាណិជ្ជកម្ម ដែលមាន​សហភាព​អឺរ៉ុប និង​អាមេរិក​ផង​ដែរនោះ មាន​ទឹកប្រាក់​ចំនួន ៩,៥៥៦,២៧១,០៦៦​ដុល្លារ​អាមេរិក បើ​ប្រៀបធៀប​ទៅនឹង​ឆ្នាំ​២០១៦ ដែលមាន​ទឹកប្រាក់​សរុប​ចំនួន ៨,០១៧,៩៧៧,៣៨១ ដុល្លារ​អាមេរិក គឺ​កើនឡើង​ចំនួន​១៩,២២%៕

 ពាក្យគន្លឹះ  លោកប៉ានសូរស័ក្កិ

ព័ត៌មានផ្សេងទៀត