ហេតុអ្វី​ក្រសួង​-​ស្ថាប័ន​​ចាំបាច់​​ត្រូវ​ប្រើប្រាស់​​ប្រព័ន្ធ​ FMIS​?​

27-12-2017 2:47 pm 818

​ក្រសួង​សេដ្ឋកិច្ច និង ហិរញ្ញវត្ថុ បាន​ផ្តួចផ្តើម​បង្កើតឱ្យមាន​ប្រព័ន្ធ​បច្ចេកវិទ្យា​ព័ត៌មាន​សម្រាប់​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ ហៅ​កាត់​ថា FMIS នៅក្នុង​ឆ្នាំ​២០១៤ ក្នុង​គោលបំណង​ផ្តល់នូវ​តម្លាភាព គណនេយ្យភាព និង​ប្រសិទ្ធភាព ក្នុង​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ​។​

​តាមរយៈ​កិច្ចខិតខំ​ប្រឹងប្រែង​របស់លេខាធិការដ្ឋាន​ក្រុមការងារ​គ្រប់គ្រង​គម្រោង FMIS ប្រព័ន្ធ​បច្ចេកវិទ្យា​ព័ត៌មាន​មួយ​នេះ ទទួលបាន​ជោគជ័យ​យ៉ាង​ធំធេង​នៃ​ការសម្រេចបាន​នូវ​ជំហាន​ទី​១​របស់ខ្លួន ក្នុង​ការដាក់ឱ្យ​ប្រើប្រាស់​នៅតាម​នាយកដ្ឋាន​គន្លឹះៗ​នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ អគ្គនាយកដ្ឋាន​រតនា​គារ​ជាតិ និង​រតនាគារ​រាជធានី​-​ខេត្ត​ទាំង ២៥​។ បច្ចុប្បន្ន ប្រព័ន្ធ FMIS កំពុង​ត្រូវបាន​អនុវត្ត​ជំហាន​ទី​២​របស់ខ្លួន ក្នុង​ការដាក់ឱ្យ​ប្រើប្រាស់​នៅតាម​ក្រសួង​-​ស្ថាប័ន​។ តើ​ហេតុអ្វី​បានជា​ក្រសួង​-​ស្ថាប័ន​ចាំបាច់​ត្រូវ​ប្រើប្រាស់​ប្រព័ន្ធ FMIS ?

​នៅពេលដែល​ប្រព័ន្ធ FMIS ត្រូវបាន​អនុវត្ត​ដល់​ក្រសួង​-​ស្ថាប័ន​នោះ ការចំណាយ​ទាំងអស់​ត្រូវ​ឆ្លងកាត់​ប្រព័ន្ធ​បច្ចេកវិទ្យា​ព័ត៌មាន សម្រាប់​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ​ដ៏​មាន​ប្រសិទ្ធភាព​មួយ​នេះ​។ ហេតុនេះ នៅពេលដែល​ក្រសួង​-​ស្ថាប័ន ប្រើប្រាស់​ប្រព័ន្ធ FMIS ហើយ​នោះ ពួកគេ​នឹង​ទទួលបាន​នូវ​អត្ថប្រយោជន៍​ដូចជា​៖

  • ​ចុះ​ប្រតិបត្តិការ​ហិរញ្ញវត្ថុ​ដោយ​ខ្លួនឯង​
  • ​គ្រប់គ្រង​ចលនា​ថវិកា​របស់ខ្លួន​បាន​តាម​ប្រព័ន្ធ FMIS ដែល​នឹង​ផ្ដល់​ភាពងាយស្រួល និង​លឿន​ជាង​មុន (​តម្លាភាព និង​ប្រសិទ្ធភាព​)
  • អាច​តាមដាន​ស្ថានភាព​ប្រតិបត្តិការ​របស់ខ្លួន​ដែល​ស្នើ​មក ក្រសួង​សេដ្ឋកិច្ច និង ហិរញ្ញវត្ថុ (​តម្លាភាព​)
  • មាន​ភាព​ទទួលខុសត្រូវ​លើ​ប្រតិបត្តិការ​ហិរញ្ញវត្ថុ​របស់ខ្លួន​ផ្ទាល់ (Accountability)
  • ​នៅ​ថ្ងៃ​អនាគត នឹង​មិនចាំបាច់​បញ្ជូន​ឯកសារ​មក ក្រសួង​សេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ទៀត​ទេ​៕

ព័ត៌មានផ្សេងទៀត