មន្ត្រីជាន់ខ្ពស់​ក្រសួង​ព័ត៌មាន​ស្នើ​សមត្ថកិច្ច​ដកហូត​លិខិតឆ្លងដែន​មន្ត្រី​អតីត​CNRP

26-12-2017 12:55 pm 6834

​រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន​លោក​ជា ច័ន្ទ​បរិបូរណ៍ បាន​ផ្សាយ​ប្រកាស​ជា​ចំហ​សំដៅ​ចំ​ពោះ​សមត្ថកិច្ច​ពាក់ព័ន្ធ​នឹង​អត្តសញ្ញាណ​កម្ម និង​លិខិតឆ្លងដែន ដោយ​អំពាវនាវ​ស្នើ​ដល់​សមត្ថកិច្ច ចាត់​វិធានការ​ដក​ហូត​លិខិត​ឆ្លង​ដែន​កម្ពុជា​ពី​សមាជិក​មន្ត្រី​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ទាំង​១១៨​នាក់ រួមទាំង​មន្ត្រី​សង្គម​ស៊ីវិល លោក ប៉ាង ងួនទៀង ផងដែរ ដោយ​អះអាង​ថា អ្នក​ទាំង​នោះ​កំពុង​ធ្វើ​សកម្មភាព​នយោបាយ​ខុស​ច្បាប់​នៅ​ក្រៅប្រទេស​។ ការអំពាវនាវ​នេះ ធ្វើឡើង នៅលើ​ហ្វេ​សប៊ុក​ផ្លូវកា​ររបស់​លោក នៅ​ថ្ងៃ​ទី​២៥ ខែ​ធ្នូ ។​

​លិខិត​សរសេរ​ជា​សាធារណៈ​នៅលើ​ហ្វេ​សប៊ុក​នេះ ធ្វើឡើង​ដោយ​សំអាងថា សាលក្រម​របស់​តុលាការ​កំពូល​ដែល​បានប្រកាស​រំលាយ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ បិទផ្លូវ​តវ៉ា ព្រមទាំង​បាន​ប្រកាស​ហាមឃាត់​សកម្មភាព​នយោបាយ​រយៈ​ពេល​៥​ឆ្នាំ​របស់​ថ្នាក់ដឹកនាំ និង​សមាជិក​របស់​អតីត​គណបក្ស​ទាំង​១១៨​រូប និង​យោង​តាម​សកម្មភាព​ជាក់ស្តែង​របស់​ថ្នាក់​ដឹកនាំ​មួយ​ចំនួន​របស់​អតីត​បក្សប្រឆាំង​នេះ គឺ​នៅតែ​បន្តធ្វើ​សកម្មភាព​នយោបាយ​ទាំង​ខុសច្បាប់ ដូចជា​ការដឹកនាំ​បាតុកម្ម​នៅ​ក្រៅប្រទេស​ជា​ដើម ។​

​លោក​ជា ច័ន្ទ​បរិបូរណ៍ អះអាងថា សកម្មភាព​ទាំងនេះ គឺ​ជា​ទង្វើ​ខុសច្បាប់ ប្រាសចាក​ពី​ច្បាប់ និង​រំលោភ​ទៅ​លើ​សេចក្តីសម្រេច​របស់​តុលាការ​កំពូល មិនតែប៉ុណ្ណោះ មន្ត្រី​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ទាំងនោះ បាន​ព្យាយាម​ញុះញង់ កៀរគរ និង​ស្វែងរក​ការគាំទ្រ​ពី​បរទេស ដើម្បី​ដាក់​ទណ្ឌកម្មសេដ្ឋកិច្ច ក៏ដូចជា​បំផ្លាញ​សង្គម​កម្ពុជា បំផ្លាញ​សេចក្តីសុខ សន្តិភាព​របស់​កម្ពុជា ។​

​យ៉ាងណាម៉ិញ លោក ប្រុក ម៉ៃ​ឧត្តម អ្នកនាំពាក្យ​អគ្គនាយកដ្ឋាន​អត្តសញ្ញាណ​កម្ម​ក្រសួង​មហាផ្ទៃ​ថ្លែងថា លោក​មិន​ទាន់​បាន​ឃើញ​លិខិត​ចំហ​លាយលក្ខណ៍អក្សរ​ជា​ផ្លូវការ​នោះទេ ហើយ​មូលហេតុ​នៃ​ការស្នើ​ដក​នោះ ក៏​លោក​ពុំទាន់​បាន​ដឹង ។ លោក​ប្រុក ម៉ៃ​ឧត្តម បញ្ជាក់ថា ទាល់តែ​មាន​លិខិត​ជា​ផ្លូវការ​ទើប​សមត្ថកិច្ច​អាច​ចាត់វិធានការ​តាម​ផ្លូវ​ច្បាប់​បាន ។​

​សូម​រំឭកថា កាលពី​ថ្ងៃ​ទី​២៤ ខែវិច្ឆិកា ក្រសួងការបរទេស បានសម្រេច​លុប​លិខិតឆ្លងដែន​ការទូត​របស់​អតីត​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន ៥៦​រូប បន្ទាប់​ពី​គណបក្ស​នេះ​ត្រូវបាន​រំលាយ ហើយ​តំណាងរាស្ត្រ​ទាំង​៥៦​រូបនេះ ត្រូវ​លុបឈ្មោះ​ចេញ​ពី​បញ្ជី​ឈ្មោះ​ជា​អ្នកតំណាងរាស្ត្រ ។​

​គូសបញ្ជាក់ថា មកទល់​នឹង​ពេលនេះ ក្រោយ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវបាន​ប្រកាស​រំលាយ​ស្របតាម​ច្បាប់​រដ្ឋធម្មនុញ្ញ​នៅ​កម្ពុជា ប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ លោក​កឹម សុខា ត្រូវ​បាន​ជាប់​ពន្ធនាគា​រ​ក្រោម​បទ​ចោទ​ក្បត់ជាតិ រីឯ​សមាជិក​របស់​អតីត​បក្ស​១១៨​រូប ត្រូវ​បាន​ហាមឃាត់​មិនឱ្យ​ធ្វើ​នយោបាយ​ចំនួន​៥​ឆ្នាំ ។ សមាជិក​មន្ត្រី​បក្ស​ដែល​នៅ​ក្រៅ​ប្រទេស​មួយចំនួន បានធ្វើ​សកម្មភាព​ទាមទារ​ឱ្យមាន​ការដោះលែង​លោក​កឹម សុខា និង​មន្ត្រី​ផ្សេងៗ​ទៀត តាមរយៈ​ការធ្វើ​បាតុកម្ម ជាដើម ៕

(​រាយការណ៍​ដោយ​៖ គង់ ឧត្តម​)

ព័ត៌មានផ្សេងទៀត