នៅក្នុងពិធីប្រគល់វិញ្ញាបនបត្រ បញ្ជាក់ការសិក្សាដល់សមាជិកអ្នកលក់ឱសថកម្ពុជាជំនាន់ទី៣កាលពីថ្ងៃទី២៤ ខែធ្នូ នាមហោស្រពចេនឡា លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានជំរុញឲ្យ អ្នកលក់ឱសថ ទាំងអស់នៅក្នុងរាជធានីភ្នំពេញ ត្រូវគិតពីសុខភាពរបស់អ្នកប្រើប្រាស់ និងត្រូវត្រួតពិនិត្យឱសថឱ្យបានល្អិតល្អន់ មុននឹងលក់ឱសថ ដល់អ្នកជំងឺ និងគោរពច្បាប់មុនបើកលក់ឱសថ ជាពិសេសទៀត ការទុកដាក់ឱសថត្រូវស្ថិត នៅកន្លែងមានសុវត្ថិភាព និងស្ថិតក្នុងសីតុណ្ហភាព ចន្លោះពី២០អង្សាទៅ២៥អង្សា។
លោកឃួង ស្រេង ក៏បានលើកឡើងផងដែរថា កន្លងមកនេះ រដ្ឋាភិបាលកម្ពុជាតាម រយៈក្រសួងសុខាភិបាល រដ្ឋបាលរាជធានីភ្នំពេញបានបន្តខិតខំយកចិត្តទុកដាក់ លុបបំបាត់ក្រុមហ៊ុនឱសថ និងឱសថស្ថាន ដែលមិនគោរពច្បាប់របស់ក្រសួង ដូចជាលក់ឱសថគ្មានលេខបញ្ជិកា ផ្សព្វផ្សាយឱសថគ្មានច្បាប់ អនុញ្ញាត និងចុះស្រាវជ្រាវ ដកហូតឱសថក្លែងក្លាយ ឱសថខុសច្បាប់ ឱសថដែលមានការហាមឃាត់ ឱសថដែលមានគុណភាពអន់ និងផុតកំណត់ការប្រើប្រាស់ ដើម្បីយកទៅបំផ្លាញចោល។
អភិបាលរាជធានីភ្នំពេញក៏បានបញ្ជាក់ដែរថា ដើម្បីចូលរួមលើកកម្ពស់សុខុមាលភាពនិង ពង្រីកសេវា សុខាភិបាល ប្រកបដោយគុណភាព ប្រសិទ្ធភាពជូនប្រជាពលរដ្ឋ ដូច្នេះត្រូវ បង្កើនគុណភាពតាម រយៈការបណ្តុះបណ្តាលដល់អ្នកគ្រប់គ្រងទូទៅ អ្នកលក់ឱសថ និងអាហារបំប៉នសុខភាពជាដើម។
បើតាមអ្នកស្រីគួន សារ៉េត ឱសថការី នៃក្រសួងសុខាភិបាលក៏បានបញ្ជាក់ដែរថា ដើម្បីរួមចំណែកកាត់បន្ថយ គ្រោះថ្នាក់ដោយសារអ្នកលក់ឱសថមួយចំនួន សមាគមពង្រឹងវិជ្ជាជីវៈ អ្នកលក់ឱសថបានបើកវគ្គបណ្តុះបណ្តាលនេះ ក្នុងបំណងបង្កើននូវចំណេះដឹង អាជីវករលក់ឱសថ និងដើម្បីឆ្លើយតបទៅនឹងគោលការណ៍អនុវត្តន៍ល្អក្នុងសេវាកម្មឱសថរបស់ ក្រសួងសុខាភិបាល ក៏ដូចជាការយក ចិត្តទុកដាក់គិតគូពីសុវត្ថិភាព សុខភាពប្រជាពលរដ្ឋ ក៏ដូចជាការបង្ការគ្រោះថ្នាក់ ជាយថាហេតុដែលផ្តើមចេញពីការប្រើប្រាស់ឱសថ។
គួរបញ្ជាក់ថា សមាគម ពង្រឹងវិជ្ជាជីវៈ អ្នកលក់ឱសថ បានបើកវគ្គបណ្តុះបណ្តាល ពង្រឹងចំណេះដឹងនេះចំនួន៣វគ្គរួចមកហើយ ជូនអ្នកលក់ឱសថ ដែលមានចំនួន៥៦៨នាក់ ក្នុងនោះមានស្រីចំនួន៣២៨នាក់៕