តុលាការ​​លើក​ពេល​​ប្រកាស​សាលក្រម​​ស្ត្រី ​ដែល​ចោទ​​លោក​ហ៊ុន សែន​​ថា​​សម្លាប់​​លោក​កែម ឡី ​

26-12-2017 11:00 am 1343
ស្ត្រីឈ្មោះហេង លក្ខិណា ដែលចោទគ្រួសារលោកហ៊ុន សែន ថាសម្លាប់លោកកែម ឡី

​ស្ត្រី​ជាប់ចោទ​ឈ្មោះ ហ៊ឺ​ន វ៉ាន់​ស្រី​ពៅ ហៅ ហេង លក្ខិណា អាយុ ៣៧​ឆ្នាំ ត្រូវបាន​តំណាង​អយ្យការ​ចោទ​ពីបទ «​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍ តាម​មាត្រា​៤៩៤ និង​មាត្រា​៤៩៥ នៃ​ក្រមព្រហ្មទណ្ឌ​»​។ បទចោទប្រកាន់​មួយ​នេះ អាច​ប្រឈម​ការ​ជាប់ពន្ធនាគារ​ពី ៦​ខែ ទៅ ២​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី ១​លាន​រៀល ទៅ ៤​លាន​រៀល​។​

​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​២២ ធ្នូ បាន​បើកសវនាការ​ជំនុំ ជម្រះ​ស្ត្រី​ម្នាក់នេះ​ពីបទ​ជេរប្រមាថ​លោក ហ៊ុន សែន និង​ក្រុមគ្រួសារ តាម​បណ្ដាញ​សង្គម​ហ្វេ​សប៊ុក (Facebook) ថា​ជា​ឃាតក​សម្លាប់​លោក​បណ្ឌិត កែម ឡី​។​

​តាម​លោក អ៊ី ថា​វរៈ ជា​ចៅក្រម​ជំនុំជម្រះ និង​អ្នកស្រី ម៉ាក់ នី ដែលជា​តំណាង​អយ្យការ​ឲ្យដឹងថា តុលាការ​បានសម្រេចរ​ក្សាប​ទ​ចោទប្រកាន់​នៅ​ដដែល និង​ផ្ដន្ទាទោស​ស្ត្រី​ឈ្មោះ ហ៊ឺ​ន វ៉ាន់​ស្រី​ពៅ ហៅ ហេង លក្ខិណា តាមច្បាប់​។ ក្រោយ​ការ​សួរ​ដេញ តុលាការ​បាន​លើក​ពេល​ប្រកាស​សាលក្រម​ទៅ​ថ្ងៃទី​១១ ខែ​មករា ឆ្នាំ​២០១៨ ខាងមុខ​។​

​ស្ត្រី ហ៊ឺ​ន វ៉ាន់​ស្រី​ពៅ ហៅ ហេង លក្ខិណា ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​កាលពី​ថ្ងៃទី​១២ កក្កដា ឆ្នាំ​២០១៧ នៅ​ម្តុំ​បេនឡាន រិទ្ធី​មុនី ក្រោយពី​ស្ត្រី​រូបនោះ​បាន​បង្ហោះ​វីដេអូ​តាម​គណនី​ហ្វេ​សប៊ុក ឈ្មោះ ហេង លក្ខិណា កាលពី​ថ្ងៃទី​៩ កក្កដា ដោយបាន​ហៅ​លោក ហ៊ុន សែន និង​ក្រុមគ្រួសា​រថា ជា​ឃាតក​សម្លាប់​លោក​បណ្ឌិត កែម ឡី​។​ការចោទប្រកាន់​នេះ នៅពេលដែល​ស្ត្រី​រូបនេះ​កំពុង​ស្ថិតក្នុង​ពិធីបុណ្យ​រំលឹក​ខួប ១​ឆ្នាំ នៃ​ការបាញ់សម្លាប់​លោក​បណ្ឌិត កែម ឡី ដែល​រៀបចំឡើង​នៅ​ភូមិ​អង្គ​តាកុប ឃុំ​លាយ​បូរ ស្រុក​ត្រាំកក់ ខេត្តតាកែវ​។​

​ឃាតកម្ម​លើ​លោក​កែម ឡី គិត​មកដល់ពេលនេះ មាន​រយៈកាល​ជិត​១​ឆ្នាំកន្លះ​ហើយ ប៉ុន្តែ​ជន​ដែល​គេ​គិតថា​ជា​ឃាតក​ពិត និង​អ្នក​នៅ​ពីក្រោយ​ខ្នង​នៃ​ឃាតកម្ម​នេះ នៅ​មិនទាន់​បង្ហាញ​ឲ្យដឹង​ដើម្បីយ​កមកផ្តន្ទាទោស​ទេ ក្រៅតែពី​ជន​ម្នាក់​ឈ្មោះ​អឿ​ត អាង ហៅ​ជួប សម្លាប់ តែ​ម្នាក់​ប៉ុណ្ណោះ​។​ប៉ុន្តែ​ជា​ការកត់សម្គាល់ បុគ្គល​ដែល​ចោទប្រកាន់​លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន ក្រុមគ្រួសារ និង​រដ្ឋាភិបាល​របស់​លោក ថា​ជា​អ្នក​សម្លាប់​លោក​កែម ឡី ត្រូវ​រង​នូវ​បណ្តឹង ហើយ​ត្រូវបាន​តុលាការ​ផ្តន្ទាទោស​ជា​បន្តបន្ទាប់ ដូចជា​លោក​សម រង្ស៊ី អ្នកស្រី​ថាក់ ឡា​នី អតីត​សមាជិក​ព្រឹទ្ធសភា​គណបក្ស​សម រង្ស៊ី ដែល​អ្នក​ទាំងពីរ កំពុង​គេចខ្លួន​នៅឯ​ក្រៅប្រទេស លោក​គឹម សុខ កំពុង​ជាប់ពន្ធនាគារ​នៅឡើយ និង​ចុងក្រោយ គឺ​ស្ត្រី​ឈ្មោះ​ហ៊ឺ​ន វ៉ាន់​ស្រី​ពៅ ហៅ ហេង លក្ខិណា ដែល​អាច​ប្រឈម​ការ​ជាប់ពន្ធនាគារ​ពី ៦​ខែ ទៅ ២​ឆ្នាំ​៕


 ពាក្យគន្លឹះ  ឃាតកម្មលោកកែមឡី

ព័ត៌មានផ្សេងទៀត