រដ្ឋាភិបាល​នឹង​ពង្រីក​ផ្លូវជាតិ​ដែល​បច្ចុប្បន្ន​មានតែ​២​គន្លង​ទៅ​៤​គន្លង​

25-12-2017 5:00 pm 2361

​ចាប់ពី​ឆ្នាំ​២០១៨​ខាងមុខ​តទៅ រាជរដ្ឋាភិបាល​នឹង​ពង្រីក​ផ្លូវជាតិ​លេខ​៣ ចាប់ពី​ភ្នំពេញ​ទៅ​ខេត្ដ​កំពត ពី​២​គន្លង ទៅ​៤​គន្លង ដែលមាន​ប្រវែង ៧០​គីឡូម៉ែត្រ ត្រង់​រង្វង់​មូល​ចោមចៅ​ទៅដល់​ផ្លូវបំបែក​គូស​។ ជាមួយគ្នានេះដែរ ផ្លូវជាតិ​លេខ ១១ ក៏​នឹង​ពង្រីក​ពី​អ្នក​លឿង​រហូតដល់ ផ្លូវជាតិ​លេខ​៧ គម្រោង​ពង្រីក ផ្លូវ​ក្រវ៉ាត់​ក្រុង​ទី​២ និង បាន​ចរចា​ចប់​គម្រោង​ក្រវ៉ាត់​ក្រុង​ទី​៣ ដើម្បី​កាត់បន្ថយ​ការកកស្ទះ​ចរាចរណ៍​នៅ ក្នុង​រាជធានី​ភ្នំពេញ​។ 

​ចំណែក​ផ្លូវជាតិ​លេខ​៥ ពី​បាត់ដំបង​ទៅ​ស៊ីសុផុន ពង្រីក​ពី​២​គន្លង ទៅ​៤​គន្លង និង​ពី​ព្រែក​ក្ដាម​ទៅ​ស៊ីសុផុន ក៏​ពង្រីក​ទៅជា​៤​គន្លង​ផងដែរ ហើយ​ផ្លូវជាតិ​លេខ​៥ ពី​ភ្នំពេញ​ទៅ ព្រំដែន​កម្ពុជា​ថៃ ពង្រីក​ពី​២​គន្លង ទៅ​៤​គន្លង​។ ពង្រីក​ទៅ​៤​គន្លង ពីព្រោះ​ផ្លូវ​នេះ ជា​ផ្លូវ​អាស៊ាន High Way លេខ​១ ដែល​មានការ​ដឹកទំនិញ​ឆ្លងកាត់ ចេញ​និង​ចូល​យ៉ាង​មមាញឹក​។ នេះ​បើតាម​លោក​ស៊ុន ចាន់ថុល​រដ្ឋមន្ត្រីក្រសួង​សាធារណការ​និង​ដឹកជញ្ជូន ប្រាប់​អ្នកសារព័ត៌មាន​កាលពី​ពេល​ថ្មីៗ​នេះ​។​

​លោក​ស៊ុល ចាន់ថុល​បន្ដថា ចំពោះ​គម្រោង​កសាង​ផ្លូវ​ត​ភ្ជាប់​ពី​ភ្នំពេញ​ទៅ​អ្នក​លឿង រហូតដល់​បាវិត និង​ទៅកាន់​ប្រទេស​វៀតណាម អង្គការ​ចៃ​កា​នៃ​ប្រទេស​ជប៉ុន កំពុងតែ​សិក្សា ធ្វើជា​ផ្លូវ Express Way ដើម្បី​ពង្រីក​ជា​៤​គន្លង​។ ទន្ទឹមនេះ ការកសាង​ផ្លូវ​ល្បឿន​លឿន ពី​ភ្នំពេញ​ទៅកាន់​ខេត្ដ​ព្រះសីហនុ រហូត​មកដល់ពេលនេះ រាជរដ្ឋាភិបាល​កម្ពុជា បាន​ចរចា​ជាមួយ​ភាគី​ចិន​ចប់សព្វគ្រប់​អស់ហើយ ដោយ​នៅតែ​ការចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង សម្បទាន​ផ្ដល់ឲ្យ​ក្រុមហ៊ុន​វិនិយោគនេះ ក្នុង​ទឹកប្រាក់ ប្រមាណ​២.០០០​លាន​ដុល្លារ​។​

​ការបន្ត​ពង្រីក​ផ្លូវ​បន្ថែម​នៅ​ទូទាំងប្រទេស​កម្ពុជា​នេះ ជា​ផែនការ​និង​ទិសដៅ របស់​រាជរដ្ឋាភិបាល ដែល​បាន​កសាង​ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ និង​ផ្លូវជាតិ​សំខាន់ៗ​។ ក្នុងនោះ​បាន​កសាង ផ្លូវជាតិ​លេខ​៥ ដែលមាន​៤ ដំណាក់កាល ដោយ​ដំណាក់កាល​ទី​១ ចាប់ពី​រាជធានី​ភ្នំពេញ​ដល់​ស្ពាន​ព្រែក​ក្ដាម បាន​កសាង​រួចរាល់ ហើយ​កំពុងតែ​ធើ្វ​ក្នុងដំណាក់កាល​បន្ដបន្ទាប់​។ ចំណែក​ផ្លូវជាតិ​លេខ​១១ ក៏​កំពុងតែ​ចាប់ផ្ដើម​ឈូសឆាយ និង​អនុវត្ដ​ន៍​នូវ​គម្រោង​សាងសង់ ចាប់ពី​ឆ្នាំ​២០១៨​ខាងមុខនេះ​ផងដែរ​។​

​អ្នកនាំពាក្យ​ក្រសួង​សាធារណការនិង​ដឹ​កញ្ជូន​លោក​វ៉ា ស៊ីម​សូរិយា បានប្រាប់សារព័ត៌មានកម្ពុជា​ថា ការកសាង​ផ្លូវជាតិ​សំខាន់ៗ​នេះ គឺ​ពិតជា​ផ្ដល់នូវ​សារៈសំខាន់​ណាស់ ក្នុង​ការធ្វើសមាហរណកម្ម​កម្ពុជា ទៅក្នុង​តំបន់​និង​ពិភពលោក​។ ជាពិសេស ការធ្វើ​សមា​រណកម្ម​កម្ពុជា​ខ្លួនឯង ក្នុង​ការតភ្ជាប់​ពី​ខេត្ដ​មួយ​ទៅ​ខេត្ដ​មួយទៀត​, ត​ភ្ជាប់​តំបន់​ដែលមាន​សក្ដានុពល​សេដ្ឋកិច្ច និង​ត​ភ្ជាប់​ទៅកាន់​តំបន់​ព្រំដែន ជាមួយ​ប្រទេសជិតខាង​។​

សូមបញ្ជាក់ថា ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​កំពុងតែ​អនុវត្ដ​ន៍​នូវ​គម្រោង​ធំៗ​ចំនួន​១៥ ក្នុងការ កសាង​ផ្លូវជាតិ ផ្លូវ​ល្បឿន​លឿន ផ្លូវ​រថភ្លើង ផ្លូវ​រថភ្លើង​ល្បឿន​លឿន កំពង់ផែ​និង​គម្រោង​ដឹកជញ្ជូន តាម​ផ្លូវទឹក ពី​ស្ពាន​ព្រែក​ព្នៅ​រហូតដល់​ក្រុង​តាខ្មៅ និង​ស្រុក​កៀនស្វាយ ខេត្ដ​កណ្ដាល​៕

 ពាក្យគន្លឹះ  លោកស៊ុនចាន់ថុល

ព័ត៌មានផ្សេងទៀត