ACU ​ឱ្យអតីតមន្ត្រី​គណបក្សសង្រ្គោះជាតិ​រួសរាន់​មកប្រកាសទ្រព្យសម្បត្តិ​

25-12-2017 3:21 pm 1412

អង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានឲ្យដឹងថា គិតដល់ថ្ងៃ២៤ ខែធ្នូ ឆ្នាំ២០១៧ មានតំណាងរាស្ត្រ និងមន្ត្រីគណបក្សសង្គ្រោះជាតិ ដែលត្រូវបានរំលាយចំនួនជិត៧០០នាក់ មកប្រកាសទ្រព្យសម្បត្តិ។ក្នុងនោះគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ.ជ.ប ៣រូបដែលលាលែងក៏មកប្រកាសទ្រព្យហើយដែរ។តែយ៉ាងណាអង្គភាពប្រឆាំងអំពើពុករលួយ លើកទឹកចិត្តដល់អតីតមន្ត្រីគណបក្សសង្រ្គោះជាតិរួសរាន់មកប្រកាសទ្រព្យសម្បត្តិតាមការកំណត់របស់ខ្លួន។ 

គិតដល់ថ្ងៃ២៤ ខែធ្នូ ឆ្នាំ២០១៧ មានអតីតតំណាងរាស្ត្រ និងមន្ត្រីអតីតគណបក្សសង្គ្រោះជាតិ ចំនួន៦៨៣នាក់ហើយ មកប្រកាសទ្រព្យសម្បត្តិ តាមសេចក្ដីជូនដំណឹងរបស់អង្គភាពប្រឆាំងអំពើរពុករលួយ។ក្នុងចំណោមនោះមាន តំណាងរាស្ត្រ៤០ ទីប្រឹក្សាជំនួយការ៣១នាក់ និងសមាជិកក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក-ខណ្ឌ និងឃុំ-សង្កាត់៦០៩នាក់។នេះបើតាម សេចក្តីជូនដំណឹងរបស់អង្គភាពប្រឆាំងអំពើពុករលួយ។

ក្រៅពីអតីតមន្ត្រីបក្សសង្រ្គោះជាតិ ក៏មានអតីតសមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គជប)ចំនួន៣រូប ដែលបានលាលែង បានមកប្រកាសទ្រព្យហើយដែរក្នុងនោះមាន៖លោក គួយ ប៊ុនរឿន ជាអនុប្រធាន គ.ជ.ប លោក រ៉ុង ឈុន និងលោកស្រី តែ ម៉ានីរ៉ុង ជាសមាជិក។អ្នកទាំង៣សុទ្ធសឹងជា កូតាមកពីគណបក្សសង្រ្គោះជាតិ។

តែយ៉ាងណាក្តី អង្គភាពប្រឆាំងអំពើពុករលួយ (ACU) តាមរយៈសេចក្តីជូនដំណឹងរបស់ខ្លួន បានអំពាវនាវដល់អតីតតំណាងរាស្ត្រ និងមន្ត្រីអតីតគណបក្សសង្គ្រោះជាតិ ដែលជាប់កាតព្វកិច្ចប្រកាសរូសរាន់មកបំពេញកាតព្វកិច្ចរបស់ខ្លួន ក្នុងរយៈពេល៣០ថ្ងៃ គិតចាប់ពីថ្ងៃអស់តំណែង។

គួរបញ្ជាក់ថា កាលពីថ្ងៃទី១១ ខែធ្នូ អង្គភាពប្រឆាំងអំពើរពុករលួយ បានចេញសេចក្ដីជូនដំណឹង ដល់ តំណាងរាស្ត្រ និងសមាជិកក្រុមប្រឹក្សា រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងឃុំ-សង្កាត់ ទាំងអស់របស់អតីគណបក្សសង្គ្រោះជាតិ ចូលប្រកាសទ្រព្យសម្បត្តិ និងបំណុលយ៉ាងយូរ៣០ថ្ងៃ រាប់ចាប់ពីថ្ងៃបាត់បង់តំណែង បើមិនចូលប្រកាសទេ អ្នកទាំងអស់នោះ នឹងប្រឈមការជាប់ពន្ធនាគារ។

យោងតាមមាត្រា៣៨ នៃច្បាប់ប្រឆាំងអំពើពុករលួយបានចែងថា «ជនណាដែលមិនបានប្រកាសទ្រព្យសម្បត្តិ និងបំណុល ឬបានប្រកាសមិនត្រឹមត្រូវ ត្រូវផ្តន្ទាទោសដាក់ពន្ធគារពីពី១ខែ ទៅ១ឆ្នាំ និងពិន័យជាប្រាក់១​សែន​ទៅ២សែនរៀល ហើយត្រូវបង្ខំឲ្យធ្វើការប្រកាសទ្រព្យសម្បត្តិ ជូនអង្គភាពប្រឆាំងអំពើរពុករលួយ»៕ 

 ពាក្យគន្លឹះ  ACU

ព័ត៌មានផ្សេងទៀត