ឆ្នាំ​២០១៨ ACU​នឹង​ប្រើ​ធម៌​ក្តៅ​លើ​មន្ត្រី​អសកម្ម និង​ពុករលួយ​

25-12-2017 3:19 pm 1265

​នៅ​ដើមឆ្នាំ​២០១៨ ឆាប់ៗ​ខាងមុខនេះ រដ្ឋាភិបាល  និង​អង្គភាព​ប្រឆាំង​អំពើពុករលួយ នឹង​ដាក់​ចេញ​ញ​យុទ្ធនាការ​ក្តៅ ក្នុងការ​កម្ចាត់​មន្ត្រី​អសកម្ម និង​មន្ត្រី​ពុករលួយ ដើម្បី​ចូលរួម​កំណែទម្រង់ និង​លុបបំបាត់​ភាព​អសកម្ម​នានា ដែល​កើតមានឡើង​នៅក្នុង​សង្គម​។ នេះ​បើ​តាម​ការបញ្ជាក់​ពី​លោក​ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ នៅក្នុង​សិក្ខាសាលា ស្តីពី “​អ្នកសារព័ត៌មាន និង​ការប្រយុទ្ធប្រឆាំង​អំពើពុករលួយ​” នៅ​ថ្ងៃ​ទី​២៥ ខែ​ធ្នូ​នេះ​។

​លោក​ឱម យ៉ិនទៀង មានប្រសាសន៍​បញ្ជាក់​ថា ចាប់ពី​ខែ​មករា ឆ្នាំ​២០១៨ តទៅ គឺ​ដល់​ពេលវេលា ដែល​ត្រូវ​កម្ចាត់​មន្ត្រី​អសកម្ម និង​មន្ត្រី​ពុករលួយ ដែល​អាច​ប្តូរ​តំណែង ឬ​ដកតំណែង​ចោល​តែម្តង​។​

​ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ​រូបនេះ បាន​បន្ថែមថា នេះ​ជា​ឆន្ទៈ​របស់​រាជរដ្ឋាភិបាល និង​អង្គភាព​ប្រឆាំង​អំពើពុករលួយ បាន​ដំណើរការ​ស្របតាម​ច្បាប់ និង​វិធាន​ផ្សេងៗ ក្នុង​ការចូលរួម​កំណែទម្រង់ និង​បំបាត់​ភាព​អសកម្ម​នានា ដែល​កើតមានឡើង​នៅក្នុង​សង្គម ។ ហើយ​ដំណើរការ​ប្រយុទ្ធប្រឆាំង​អំពើ​ពុករលួយ​នេះ ក៏​ចាប់ផ្តើម​ធ្វើ​បន្តបន្ទាប់​ដែរ​។​

​ជុំវិញ​បញ្ហា​នេះ ថ្នាក់ដឹកនាំ នៅតាម​ក្រសួង​ស្ថាប័ន​មួយចំនួន តែងតែ​ក្រើនរម្លឹក ដល់​មន្ត្រី​ក្រោម យកចិត្តទុកដាក់​ធ្វើ​ការងារ និង​ត្រូវ​ពង្រឹង​សមត្ថភាព​បន្ថែម ខណៈ សង្កេតឃើញថា មន្ត្រី​មួយចំនួន​បាន​អសកម្ម​ការងារ និង​កង្វះ​ជំនាញ​។​

​ដោយឡែក ក្នុង​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី កាលពី​ថ្ងៃ​សុក្រ សប្តាហ៍​មុន​នេះ លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន បាន​មានប្រសាសន៍ ណែនាំ និង​ជំរុញ​ថ្នាក់ដឹកនាំ ក្រសួង​ស្ថាប័ន​ថ្នាក់ជាតិ និង​អាជ្ញាធរ​ថ្នាក់ក្រោម​ជាតិ ដាច់ខាត​បន្ត និង​ខិតខំ​អនុវត្ត​កម្មវិធី​កំណែទម្រង់ នៅ​ចុង​អាណត្តិ​ទី​៥ នៃ​រដ្ឋសភា របស់​រាជរដ្ឋាភិបាល តាមរយៈ​ពាក្យស្លោក “​ឆ្លុះ​កញ្ចក់ ងូតទឹក ដុស​ក្អែល ព្យាបាល​” ឲ្យមាន​ប្រសិទ្ធភាព និង​ទទួលបាន​ជោគជ័យ​ថែមទៀត​។​

​យ៉ាងណាក៏ដោយ សាធារណជន​រង់ចាំ​មើល​ថា តើ​យុទ្ធនាការ ធម៌​ក្តៅ ក្នុង​ការលុបបំបាត់​នូវ​អំពើពុករលួយ ក៏ដូចជា​ការដាក់ទោស​ទ​ណ្ឌ ចំពោះ​អ្នកប្រព្រឹត្ត​អំពើពុករលួយ នឹង​មាន​ប្រសិទ្ធភាព​កម្រិតណា​? ដោយៈ​សៅ វិសាល​

 ពាក្យគន្លឹះ  ACU

ព័ត៌មានផ្សេងទៀត