ក្រុមហ៊ុន​អា​រ៉ា​ខា​វ៉ា​ផ្តល់​ព័ត៌មាន​បន្ថែម​ជុំវិញ​ការសាងសង់និង​ការទិញខុន​ដូ​តម្លៃទាប​

23-12-2017 5:19 pm 1851

​ក្រុមហ៊ុន​អា​រ៉ា​ខា​វ៉ា នៅ​ថ្ងៃ​ទី​២៣ ធ្នូ​នេះ បាន​រៀបចំ​សិក្ខាសាលា​លើកដំបូង​របស់​ខ្លួន ដើម្បី​ផ្តល់ព័ត៌មាន ពី​ដំណើរការ​សាងសង់ ក៏​ដូចជា​នីតិវិធី​មួយចំនួន ក្នុងការ​សន្សំ​ប្រាក់ ដើម្បី​ទិញ​លំនៅឋាន​អា​រ៉ា​ខា​វ៉ា​។

​លោក​អៀង សុធា​រ៉ា សហ​ស្ថាបនិក​នៃ​លំនៅឋាន​អា​រ៉ា​ខា​វ៉ា បញ្ជាក់ថា គោលបំណង នៃ​ការរៀបចំ​សិក្ខាសាលា​លើក​ទី​១​នេះ ដើម្បី​ពន្យល់​ទូទៅ​ពាក់ព័ន្ធ នឹង​លំនៅឋាន​អា​រ៉ា​ខា​វ៉ា ដូចជា​ឥទ្ធិពល​ផ្លូវច្បាប់ នៃ​ដី​កម្មសិទ្ធិ ដែល​ពាក់ព័ន្ធ​ដល់​ម្ចាស់​កម្មសិទ្ធិ​ជំនាន់​ក្រោយ រួម​នឹង​ការពន្យល់ ពី​ការងារ​ពាក់ព័ន្ធ​នឹង​ធនាគារ ដូចជា​នីតិវិធី នៃ​ការបង់ប្រាក់​ជាដើម​។

​មើលឃើញ​ពី​ភាព​ចំ​បាច់ នៃ​តម្រូវការ​ភាព​ជា​ម្ចាស់ផ្ទះ​ពេញសិទ្ធិ នៃ​ពលរដ្ឋ​កម្ពុជា ក្រុមហ៊ុន​អា​រ៉ា​ខា​វ៉ា (Arakawa) បានសម្រេច បោះទុន​វិនិយោគ​ទឹកប្រាក់ ជាង​៧០​លាន​ដុល្លារ​អាមេរិក សាងសង់​លំនៅឋាន បែប​ខុន​ដូ ដែល​មាន​តម្លៃថោក សម្រាប់​ប្រជាជន​កម្ពុជា​ដែល​មាន​ប្រាក់​ចំណូល​ទាប និង​មធ្យម​។​

​សម្រាប់​លក្ខខណ្ឌ​នៃ​ការទិញ លំនៅឋាន​Arakawa​នេះ ត្រូវបាន​លោក អា​ឡិច យ៉ា​ស៊ូ​ម៉ូតូ សហ​ស្ថាបនិក នៃ​ក្រុមហ៊ុន​អា​រ៉ា​ខា​វ៉ា បញ្ជាក់ថា ការទិញ​មិនចាំបាច់​បង់ប្រាក់​កក់​មុន​ទេ ប៉ុន្តែ​ត្រូវ​បើក​គណនី​នៅ​ធនាគារ រួច​ដាក់​ប្រាក់​សន្សំ​នៅក្នុង​ធនាគារ​នោះ រយៈពេល​៣​ឆ្នាំ​។ ក្រោយ​ទទួលបាន​ប្រាក់​សន្សំ ប្រមាណ​៣០ ទៅ​៤០​ភាគរយ នៃ​តម្លៃ​បន្ទប់ គឺ​យើង​ត្រូវ​ខ្ចី​ពី​ធនាគារ​បន្ថែម ដើម្បី​បង្គ្រប់​សម្រាប់​ការទិញ​លំនៅឋាន​នេះ​។​

​សូមបញ្ជាក់​ថា គម្រោង លំនៅឋាន​អា​រ៉ា​ខា​វ៉ា បែងចែក​ជា​២​ដំណាក់កាល​ធំៗ ដំណាក់កាល​ទី​១ មាន​១០ អគារ ដែល​មាន​ប្រមាណ​ជា​២០០០ បន្ទប់ (units) ដែល​គ្រោង​នឹង​បញ្ចប់​ក្នុង​រយៈពេល​៣​ឆ្នាំ​ខាង​មុខ​។ ដោយ​ក្នុង​មួយ​unit  តម្លៃ​ចាប់ពី​ជាង​២ ម៉ឺន​ដុល្លារ​ឡើងទៅ​។ នេះ​បើ​តាម​ការបញ្ជាក់​របស់​លោក​អា​ឡិច យ៉ា​ស៊ូ​ម៉ូតូ​៕ ដោយៈ​សៅ វិសាល​


 ពាក្យគន្លឹះ  លំនៅឋានអារ៉ាខាវ៉ា

ព័ត៌មានផ្សេងទៀត