ចំណាយពេល​​អាន​​បន្តិច ដើម្បី​ស្វែង​យល់​​ពី​ការ​ថែទាំ​​រថយន្ត​​ក្នុង​​រដូវ​ក្តៅ​​

23-12-2017 2:58 pm 1618

​រដូវ​កាល​ធ្លាក់​ខ្យល់​ជិត​កន្លងផុត រដូវក្ដៅ​ជិត​ខិត​មកដល់​។ ឆ្លងកាត់​រដូវ​ច្រើន ផ្លាស់ប្ដូរ​តាម​កត្តា​ធម្មជាតិ តែ​តំហែទាំ​រថយន្ត ពុំដែល​មាន​ថ្ងៃ​សម្រាក​ទេ ពោលគឺ​រថយន្ត​ត្រូវបាន​ប្រើប្រាស់​មិន​ថា​រដូវក្ដៅ ត្រជាក់ រឺ​ភ្លៀង​ទេ​។ ក្នុង​រដូវ​កាល​ក្ដៅ​ខ្លាំង រថយន្ត កាន់តែ​ជួប​បញ្ហា​ប្រឈម សម្រាប់​ការធ្វើដំណើរ ទាមទារ​ការត្រួតពិនិត្យ និង​ថែរក្សា​តាម​លក្ខខ័ណ្ឌ​បច្ចេកទេស​។ ទោះយ៉ាងណា អត្ថបទ​នេះ​សំដៅ​សម្រួល​ដល់​ការរីករាយ​ក្នុង​ការធ្វើដំណើរ ដោយ​សុ​វត្ថ​ភាព និង​ផាសុខភាព​របស់​អតិថិជន ដោយ​គ្រាន់តែ​ចំណាយពេល​តិចតួច​ក្នុង​ការអាន និង​យល់​ពី​តំហែទាំ​រថយន្ត​ខ្លះៗ នា​រដូវក្ដៅ​។​

១ សារធាតុ​រាវ​ផ្សេងៗ​
​ចូរ​ឆែក​មើល​ប្រេងម៉ាស៊ីន ប្រេង​ហ្វ្រាំង ប្រេង​ប្រអប់លេខ ទឹក​បាញ់​លាង​កញ្ចក់​ឲ្យបាន​ទៀតទាត់​។ សារធាតុ​ថែទាំ​ទាំងអស់នេះ មិនដែល​ត្រូវបាន​បញ្ឈប់​ការប្រើប្រាស់​ទេ ពោលគឺ​បើ​ប្រើប្រាស់​រថយន្ត សារធាតុ​ទាំងនេះ នឹង​នៅតែ​ត្រូវ​ការប្រើ​រហូត​។ បើ​និយាយ​អំពី​ប្រេង​ហ្វ្រាំង តើ​លោក​អ្នកមាន​អារម្មណ៍​យ៉ាងណា​ចំពោះ​ប្រព័ន្ធ​ហ្វ្រាំង ក្នុង​រថយន្ត​របស់លោក​អ្នក​? តើ​វា​ជាន់​មិនសូវ​ស៊ី​រឺទេ​? រឺក៏​វា​រៀង​តឹង​? ប្រសិន​ដូច្នេះ​មែន ស្បែក​ហ្វ្រាំង​ថ្មី រឺប្រព័ន្ធ​ប្រេង ហ្វ្រាំង​ប្រហែលជា​គួរតែ​ត្រូវ​ដល់ពេល​ប្ដូរ​ថ្មី​។ តំហែទាំ​នេះ លោកអ្នក​អាច​អញ្ជើញ​ចូល​រក​ពី​យានដ្ឋាន​ណាមួយ​ក៏បាន ដែល​លោកអ្នក​ទុកចិត្ត​។ យើងខ្ញុំ​គ្រាន់តែ​សំណូមព​រថា លោកអ្នក​គួរ​ជ្រើសរើស​ប្រេងម៉ាស៊ីន ប្រេង​ប្រអប់លេខ រឺ​ប្រេង​ហ្វ្រាំង ដែលមាន​សារធាតុ​ថែទាំ និង​ការពារ​ខ្ពស់ វា​គួរតែ​មិនមែន​ត្រឹម​ជា​ប្រេង​ម៉ា​សុីន រឺ​ប្រេង​ប្រអប់​លេខ​ដែល​គ្រាន់តែ​អាចជួយ​ឲ្យ រថយន្ត​របស់​លោកអ្នក បរ​ទៅមុខ​រួច​។​

២ កង់​រថយន្ត​
​សំបក​កង់ និង​ខ្យល់​ក្នុង​កង់ គួរ​ត្រូវបាន​ពិនិត្យ​ជាប្រចាំ នូវ​រៀងរាល់​២​សប្ដាហ៍ រឺ ១ ខែម្ដង​។ សម្ពាធ​ខ្យល់​ក្នុង​កង់ ត្រូវតែមាន បរិមាណ​សមស្រប​តាម​លំនាំ​ស្តង់ដា​។ ជាទូទៅ ការកំណត់​សម្ពាធ​ខ្យល់​ស្តង់ដា​ក្នុង​កង់​រថយន្ត​និមួយៗ ត្រូវបាន​ណែនាំ​នៅ គែម​ទ្វារ​ខាង​តៃកុង រឺ​ស្ថិតនៅ​គំរប​សាំង​។ រហាត់​សំបក​កង់ ពុំគួរ​មាន​ដុំ​គ្រោះ​នៅជាប់​ទេ ចំណែកឯ​កង់​ទាំង ៤ គួរ​ត្រូវបាន រក្សា​ឲ្យ​ស្ថិតក្នុង​លក្ខខ័ណ្ឌ​ល្អ និង​ស្ថិតក្នុង​រយៈពេល​ពុំទាន់​ផុតកំណត់ (Expire) ។ លក្ខខ័ណ្ឌ​ល្អ​របស់​កង់​រថយន្ត មានន័យថា កង់​ត្រូវ​ស្ថិតនៅក្នុង​ភាព​គ្មាន​ការ​ដាច់ដោច គ្មាន​ការ​សឹក​រិច​រិល​មិន​ស្មើគ្នា (​កត្តា​នេះ​អាច​បណ្ដាលមកពី​កំហុស​ពី​ការ​វាស់​ថ្លឹង​កង់ រឺ​ប្រព័ន្ធ Suspension របស់​រថយន្ត​)​។ ដោយសារ​វា​ជារ​ដូរ​ក្តៅ រថយន្ត​អាច​ត្រូវបាន​ប្រើប្រាស់​ធ្វើដំណើរ​ឆ្ងាយ វា​ក៏​ល្អ​ដែរ​ប្រសិន​លោក​អ្នកមាន​ឧបករណ៍​ប៉ះ​កង់​រថយន្ត ១​ឈុត​ទុក​នៅក្នុង​រថយន្ត​។ ម្យ៉ាងទៀត កង់​សា​គួរ គួរ​ត្រូវបាន​ពិនិត្យ​ឲ្យបាន​ត្រឹមត្រូវ និង​ធានាថា​វា​អាច​ប្រើប្រាស់​បាន នូវពេល​កង់ឡាន​ផ្សេង​បែក រឺ​ធ្លាយ​។

៣ ប្រព័ន្ធ​ទឹក​ស្អំ​ធុង​ទឹក​
​បន្ថែម​ពីលើ​ការពិនិត្យ​ទឹក​ស្អំ​ធុង​ទឹក ក្នុង​ធុង​ទឹក លោកអ្នក​គួរ​ពិនិត្យ​ផងដែរ​នូវ​ទុយោ ខ្សែ​ភ្ជាប់​របស់​វា ថែមទាំង​ធុង​ទឹក​សា​គួរ​។ ចូរ​ត្រួតពិនិត្យ និង​កំណត់ថា​វា​ពុំមាន​លិច​ធ្លាយ ជាពិសេស​នៅត្រង់ចំណុច​ភ្ជាប់​រវាង​ខ្សែ​ទុយោ​ទៅកាន់​ប្លុក​ម៉ាស៊ីន​។ ជាទូទៅ គួរ​មានការ​ច្របាច់​សាក​ទុយោ (​នូវពេលដែល​ម៉ាស៊ីនរថយន្ត​ត្រជាក់​) ដើម្បី​ធានាថា​វា​នៅតែ​រឹង​ល្អ និង​មិនមាន​លក្ខណៈ​របត់ រឺ​ទន់​ខុសពី​ធម្មតា​។​

៤ ខ្សែ​ពាន​
​ជាទូទៅ​ប្រព័ន្ធ​ម៉ាស៊ីន​រថយន្ត មាន​ខ្សែ​ពាន​ដែល​រត់​នៅ​ចន្លោះ​ឌី​ណា​ម៉ូ កង្ហារ និង​ផ្នែក​ផ្សេងៗ​។ ខ្សែ​ពាន​អាច​ខូច​ក្រោមរូបភាព​យារ​ធ្លាក់ ដាច់ ប្រេះ ជាដើម​ដោយ​គ្មាន​មូលហេតុ​ច្បាស់លាស់​។ ខ្សែ​ពាន គួរ​ស្ថិតក្នុង ជំហរ​នឹង​ល្អ ក្នុង​តង់ស្យុង​ដែល​ត្រឹមត្រូវ​។ ប្រសិន​លោកអ្នក​សង្កេតឃើញ​ខ្សែ​ពាន​មាន​លក្ខណៈ​ស្នាម រឺ​ប្រេះ រឺក៏​ផ្នែក​ខ្លះ​បាត់​ទ្រង់ទ្រាយ​ដើម ពេលនោះ​ហើយ​វា​ជា​ពេលវេលា​សមស្រប​សម្រាប់​ការប្ដូរ​ខ្សែ​ពាន​ថ្មី​។ សូមកុំ​ស្ដាយ​ថវិកា ព្រោះ​ខ្សែ​ពាន​មិន​ថ្លៃ​ទេ សុ​វត្ថ​ភាព​ពេល​បើកបរ​ឯនេះ​ទេ ដែល​មានតម្លៃ​មិនអាច​កាត់ថ្លៃ​បាន​។​

៥ ផ្លិត​ទឹក​
​ទោះបីជា​លោកអ្នក​ស្ថិតក្នុង​រដូវ​កាល​ក្ដៅ​ក៏ដោយ ដរាបណា​អាកាសធាតុ​ប្រែប្រួល​មិន​ទៀងទាត់ មេឃ​អាច​ធ្លាក់ភ្លៀង​ក្នុងពេល ណាមួយ​ដោយ​មិន​ប្រាប់​មុន​។ ផ្លិត​ទឹក​ដែល​ដាច់ ទោះ​តិច​រឺ​ច្រើន បាន​ខូច​ទ្រង់ទ្រាយ និង​បណ្ដាលឲ្យក​ញ្ចក់មុខ​របស់រថយ​ន្ត ងាយ​រង​នឹង​ភាព​ឆ្កូត ស្នាម ថែមទាំង​អាច​រំខាន​ដល់​ការ​មើលផ្លូវ​ក្នុងពេល​បើកបរ​។ មើលផ្លូវ​មិន​ច្បាស់ ប្រាកដជា​រំខាន​ដល់ សុ​វត្ថ​ភាព​។ ផ្លិត​ទឹក ពុំមាន​តម្លៃ​ថ្លៃ​ទេ ថែមទាំង​ជាទូទៅ គ្រប់កន្លែង​នៅក្នុង​ប្រទេស​កម្ពុជា គឺ​លក់​ជូន​ផ្លិត​ទឹក​ដោយ​ការ ផ្លាស់ប្ដូរ​ជូន មិន​គិតថ្លៃ​សេវា​។ ប្រសិនជា​លោកអ្នក​ឧស្សាហ៍​យក​រថយន្ត​ទៅ​លាង រឺ​ប្ដូរ​ប្រេង​នៅ​កន្លែង​ណា​ក៏បាន ចូរ​ឧស្សាហ៍​សួរនាំ​អំពី​ស្ថានភាព​ផ្លិត​ទឹក​។

៦ ប្រព័ន្ធ​ម៉ាស៊ីនត្រជាក់​
​លោកអ្នក​ពុំ​ចាំបាច់​ឆ្ងល់​ទេ ព្រោះថា​ធម្មតា​ក្នុងអំឡុង​រដូវក្ដៅ ម៉ាស៊ីនត្រជាក់​ពិតជា​សំខាន់​។ ប្រសិនបើ​ក្នុង​រដូវ​ត្រជាក់ ម៉ាស៊ីនត្រជាក់​ធ្វើការ​មិនសូវ​បានល្អ វា​នៅ​មិនទាន់​ជា​បញ្ហា​ធំ តែ​ប្រសិនជា​មកដល់​រដូវក្ដៅ​ហើយ ម៉ាស៊ីនត្រជាក់​នៅតែ ពុំ​ផ្ដល់​ខ្យល់​ត្រជាក់​ល្អ​ទេ នោះ​ជា​ពេលដែល​ត្រូវ​ការជួសជុល​ហើយ​។ ប្រសិន​ប្រព័ន្ធ​ម៉ាស៊ីនត្រជាក់​ស្ថិតក្នុង System ចាស់ នោះ​ចំហេះ​ដែល​សាយភាយ​ក្នុង​បរិយាកាស ពុំ​ផ្ដល់​ផល​ល្អ​សម្រាប់​បរិស្ថាន​ទេ ណា​ទៅ ប្រសិន​វា​រៀង​ចាស់​បន្តិច​ហើយ វា​ក៏​ប្រឈម​នឹង​ការ​លិច​ធ្លាយ​ទុយោ និង​ហ្គាស​ត្រជាក់​ដែរ​។ ចូរ​ព្យាយាម​ពិភាក្សា​ជាមួយ​ជាង​ជំនាញ ដើម្បី​ជួសជុល​ការ លិច​ធ្លាយ​ដោយសារ​ធាតុបិត​ដែល​មានតម្លៃ​សមស្រប មុននឹង​ឈានទៅដល់​ការផ្លាស់ប្ដូរ​គ្រឿងបន្លាស់​ថ្មី​ដែល​នាំឲ្យ​លោក​អ្នកចំណាយ​ថវិកា​ច្រើន​។​

៧ តម្រង​អ៊ែរ​ម៉ាស៊ីនត្រជាក់​
​កាកសំណល់​សល់​ពី​រដូវ​ត្រជាក់ អាច​បិត​ផ្ជិត​ទ​រ​បង្ហូរទឹក ក្បាល​បាញ់​ទឹក​លាង​កញ្ចក់​មុខ រឺ​បន្ទះ​ចំរោះ នៃ​អ៊ែរ​ម៉ាស៊ីនត្រជាក់​។ រដូវក្ដៅ​ចូល​មកដល់ ហើយ​វា​ក៏​ជា​ពេលវេលា​ត្រូវ​ប្ដូរ​អ៊ែរ​ម៉ាស៊ីនត្រជាក់​ថ្មី រឺ​យ៉ាងហោចណាស់​ឧស្សាហ៍​ពិនិត្យមើល​អ៊ែរ និង​គោះ​សម្អាត រឺលាង​សម្អាត (​សម្រាប់​អ៊ែរ​ដែល​លាង​ទឹក​បាន​)​។ អ៊ែរ​ម៉ាស៊ីន (Cabin Filter) ក៏​ជា​ចំណុច​សំខាន់បំផុត ដែល​ត្រូវការ ការ​មើលថែទាំ​ជាប្រចាំ​ដែរ​។

៨ ផ្ទាំង​ការពារ​កំដៅថ្ងៃ​របស់រ​ថយ​ន្ត​
​នូវ​រាល់ពេល​ដែល​រថយន្ត​ពុំ​ត្រូវបាន​ប្រើប្រាស់ ហើយ​ត្រូវបាន​សំចត​ចោល​ក្រោម​កំដៅថ្ងៃ ផ្ទាំង​វាំង​នង រឺ​ផ្លាស្ទិ​ក​គ្រប​តាប្លូ ជា​តម្រូវការ​ដ៏​សំខាន់ ក្នុង​ការរក្សា​ការពារ​តា​ប្លូរថយន្ត​ពី​ការបំផ្លាញ​របស់កាំ​រស្មី​ពណ៌​ស្វាយ និង​ថែមទាំង​ជួយ​ទប់​កម្ដៅ ក្នុង​កាប៊ីន​រថយន្ត​បាន​មួយចំណែក​ធំ​។ សូម​ពិចារណា​អំពី​វាំងនន​ខាងក្រោយ​ផងដែរ ដែល​អាចជួយ​ការពារ​ក្មេងៗ កូនៗ ពី​កម្ដៅ​។ ក្រៅពី​អត្ថប្រយោជន៍​ទាំងនេះ វាំង​នង រឺ​ផ្ទាំង​ការពារ​តា​ប្លូ ក៏​អាចជួយ​រក្សា​ពណ៌​ស្បែក​កៅអី និង​តាប្លូ​កុំឲ្យ​ឆាប់​ស្ល​ក និង​ប្រែ​ពណ៌​។​

៩ ការលាង​សម្អាត​រថយន្ត​
​កម្ដៅ​ថ្ងៃ ផ្តល់​ពណ៌​ដល់​ទេសភាព ឡើង​ទឹកក្រូច​ស្រស់​រៀងរាល់​ល្ងាច តែ​កម្ដៅ​នោះ វា​ក៏​អាច​នាំឲ្យ​កំណ​កកាកសំណល់​បន្ស​ល់នៅ​លើ​កញ្ចក់​មុខ​រថយន្ត ដែល​អាច​បណ្ដាលឲ្យ​ការមើល​ផ្លូវពិបាក និង​មិន​ភ្លឺ​គ្រប់គ្រាន់ ប្រៀបបាន​នឹង​កញ្ចក់​វែន​តា​ដែល​ស្រអាប់ ទាមទារ​ជូត​ចេញ​ឲ្យ​ស្អាត​។ កម្អែល​ដែល​តោង​ជាប់​នៅ​កញ្ចក់ និង​ថ្នាំ​រថយន្ត​ក្នុង​រយៈពេល​យូរ វា​នឹង​តោង​ជាប់ ពិបាក​នឹង​លាងជម្រះ រឺក​កម្អែល​ខ្លះ​អាច​តោង​ជាប់​ថ្នាំ និង​កញ្ចក់​រថយន្ត​ដែល​អាច​ក្លាយជា​សាច់​តែមួយ​ជាមួយ​ថ្នាំ និង​កញ្ចក់​រថយន្ត​តែម្ដង​។ ការរក្សា​ថ្នាំ​រថយន្ត ពី​សាប៊ូ​លាង​រថយន្ត​ដែលមាន​សារធាតុ​រលោង Wax អាច​ការពារ​ថ្នាំ​រថយន្ត​ពី​ការ វាយប្រហារ​ពី​កាំរស្មី​ព្រះអាទិត្យ និង​កំហូច​ថ្នាំ​រថយន្ត​ដែល​ករ​កើតឡើង​ពី​លាមក​សត្វ ជ័រ​ស្វាយ ផ្កា ជាដើម​។ តំហែទាំ​ថ្នាំ​ឡាន បានល្អ អាច​កាត់បន្ថយ​ការចំណាយ​ថវិកា​លើ​ការ​បាញ់ថ្នាំ​ថ្មី រឺ​ផ្លាស់ប្ដូ​រឡាន​ថ្មី​ដោយ​ការខកចិត្ត​ឃើញ​រថយន្ត​របស់ខ្លួន​ប្រែ​ចាស់​។

១០ អ្នកបើកបរ និង អ្នករួមដំណើរ​
​អាកាសធាតុ​ក្ដៅ​ណាស់​។ អ្នករួមដំណើរ​ក្នុង​រថយន្ត បូក​ទាំង​អ្នកបើកបរ គួរ​ត្រូវបាន​ធានាថា​ស្រស់ស្រាយ ពេញ​កម្លាំង​។ យក​ល្អ ឧស្សាហ៍​ឈប់​រថយន្ត​ឲ្យ​អ្នករួមដំណើ​របាន​សម្រាក បន្ទប់ទឹក តម្រង់​ជើងដៃ ជាជាង​ការ​សំ​យ៉ុង​ជើង​ត្រង់ កម្រើកខ្លួន​មិន​រួច ដែល​នេះ​វា​នាំឲ្យ​អ្នក​ដំណើរមាន​អារម្មណ៍ធុ​ញថប់ ហត់​នឿយ អស់កម្លាំង​ពេល​ធ្វើដំណើរ​ឆ្ងាយ​។ អ្នក​អាច​រៀបចំ​ផែនការ​ដំណើរ​កំសាន្ត​របស់​អ្នក ឧទាហរណ៍​ការរៀបចំ​បញ្ជី​សម្ភារៈ ដូចជា​ការយក​តាម​ខ្លួន​នូវ វ៉ែនតា​ការពារ​ពន្លឺ​ថ្ងៃ មួក ភេសជ្ជៈ ហ្គេម​សម្រាប់​ក្មេងៗ អាហារសម្រន់ ឧបករណ៍​សាក​ថ្ម​ទូរស័ព្ទ និង​គ្រឿង​អេឡិចត្រូនិច​ផ្សេងៗ ប្រអប់​សង្គ្រោះបន្ទាន់ ពិល និង​ឧបករណ៍​ដោះ​កង់ សប់​កង់ ។​ល​។ បើសិនជា​អាច គួរតែ​ពិនិត្យមើល​ផងដែរ​ថា​តើ​ប័ណ្ណបើកបរ របស់​លោកអ្នក​ផុតកំណត់ រឺ​នៅ​។​

​សង្ឃឹមថា​អត្ថបទ​ខាងលើនេះ នឹង​អាចជា​ជំហរ​ជំនួយស្មារតី​សម្រាប់​ការបើកបរ ក៏ដូចជា​ការធ្វើដំណើរ​ជិត​ឆ្ងាយ ដែល​ប្រកបដោយ​សុ​វត្ថ​ភាព និង​ផាសុខភាព​ទាំង​ផ្លូវកាយ និង​ផ្លូវចិត្ត​៕

​ប្រភព​៖ ស្តេច​ឡាន​

 ពាក្យគន្លឹះ  បច្ចេកវិទ្យារថយន្ត

ព័ត៌មានផ្សេងទៀត