អ្នកជំនាញ​​ព្រមាន​​ពី​ការជះឥទ្ធិពល​​អាក្រក់​​របស់​​ទូរស័ព្ទ​​ចំពោះ​​សុខភាព​​

19-12-2017 1:23 pm 1549

​វា​មិនមែនជា​រឿង​ថ្មី​នោះទេ ដែលមាន​ការលើកឡើង​ពី​ផលប៉ះពាល់​ធ្ងន់ធ្ងរ​របស់​ទូរស័ព្ទ​ទៅលើ​សុខភាព​របស់​មនុស្ស​។ អ្នកជំនាញ​ខាង​សុខភាព​សាធារណៈ បាន​ព្រមាន​ពី​ការជះឥទ្ធិពល​អាក្រក់ ដែល​កើតចេញពី​រលកសញ្ញា​នៃ​សារធាតុ​វិទ្យុសកម្ម​របស់​សេវា​ទូរស័ព្ទ ដែល​បង្ក​ហានិភ័យ​ចំពោះ​រាងកាយ​។

​នាយកដ្ឋាន​សុខាភិបាល​សាធារណៈរដ្ឋ​កាលីហ្វ័​រញ៉ា (CDPH) ថ្មីៗ​នេះ បានបង្ហាញ​អំពី​ការសិក្សា​ជាច្រើន​របស់ខ្លួន​លើ​បញ្ហា​នេះ​។ ការស្រាវជ្រាវ​ទាំងនេះ​បាន​បង្ហាញថា សញ្ញា​វិទ្យុសកម្ម​ដែល​បញ្ចេញ​ពី​ទូរស័ព្ទដៃ អាច​បង្កឱ្យមាន​ជំងឺមហារីក​ខួរក្បាល​, ឈឺក្បាល​, បាត់បង់​ការចងចាំ និង​ការ​គេង​មិន​គ្រប់គ្រាន់​។ ជាពិសេស ការ​ទុក​ទូរស័ព្ទ​នៅជាប់​ខ្លួន ពេល​កំពុង​ដោ​ន​ឡូដ​ឯកសារ​ធំ ឬ​ពេល​ទស្សនា​វីដេអូ ដោយសារ​វា​ជា​ពេលដែល​ទូរស័ព្ទ​ជះ​វិទ្យុសកម្ម​ខ្លាំង​ជាង​ធម្មតា​។​

​ទោះបីជា​មាន​ការព្រមាន​ពី​ការប៉ះពាល់​ដល់​សុខភាព​ក៏ដោយ ប៉ុន្តែ ក្រុម​អ្នកសិក្សា​ស្រាវជ្រាវ​មិន​ណែនាំ​ឲ្យ​មនុស្ស​រស់នៅ​ដោយ​គ្មាន​ទូរស័ព្ទ ឬ​ចាត់ទុក​វា​ជា​ឧបករណ៍​គ្រោះថ្នាក់​នោះទេ​។ ពួកគេ​គ្រាន់​តែ​​ផ្តល់​យោបល់​មួយចំនួន​អំពី​របៀប​ដែល​មនុស្ស​អាច​កាត់បន្ថយ​ការប៉ះពាល់​នឹង​ថាមពល​វិទ្យុសកម្ម​នេះ​។​

​លោក​វេជ្ជបណ្ឌិត Karen Smith នាយក CDPH និង​ជា​មន្ត្រី​សុខាភិបាល​សាធារណៈ បាន​ណែនាំ​ពី​វិធី​សាមញ្ញ​ថា អ្នក​ប្រើ​ទូរស័ព្ទ​គ្រប់រូប​មិនត្រូវ​ទុក​ទូរស័ព្ទ​របស់​អ្នក​នៅក្នុង​ហោប៉ៅ ដោយ​ជំនួស​មកវិញ​នូវ​កាបូបស្ពាយ ឬ​ថង់​យួរដៃ និង​ត្រូវដាក់​វា​ចេញ​ឆ្ងាយ​ពី​គ្រែ​គេង​នៅ​ពេលយប់ ដែល​អាចជួយ​កាត់បន្ថយ​ការប៉ះពាល់​ទាំង​កុមារ និង​មនុស្សពេញវ័យ​។ មួយវិញទៀត ត្រូវរ​រក្សា​ចម្ងាយ​ទូរស័ព្ទ​ពី​ក្បាល​ប្រមាណ​កន្លះ​ម៉ែត្រ នៅពេល​អ្នក​កំពុង​ប្រើ ឬ​កំពុងនិយាយ​ជា​មួយ​នរណាម្នាក់ សូម​ប្រើ​កាស ឬ​ឧបករណ៍​បំពង​សម្លេង ជាជាង​ដាក់​ទូរស័ព្ទ​ផ្អិប​ទៅនឹង​ក្បាល​របស់អ្នក​។​

​គួររំឭកថា កាលពីពេល​កន្លងទៅ អង្គការ​សុខភាព​ពិភពលោក​បាន​សិក្សា​ឃើញថា ទូរស័ព្ទដៃ​អាច​បង្ក​ជំងឺមហារីក​ខួរក្បាល​។ ផលប៉ះពាល់​ពី​ទូរស័ព្ទ​ចំពោះ​ស្បែក មហារីក​ពងស្វាស និង​ការបំផ្លាញ​ប្រព័ន្ធ​សរសៃប្រសាទ​កណ្តាល (CNS) ជា​រឿង​មួយ​ធ្ងន់ធ្ង​បំផុត ដែល​គេ​កំពុង​ព្រួយបារម្ភ​៕

ព័ត៌មានផ្សេងទៀត