អតីតមន្ត្រី​គណបក្សសង្រ្គោះជាតិ​៣៧រូប​បានមកប្រកាស​ទ្រព្យសម្បត្តិ​

19-12-2017 11:29 am 1687
លោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ (ACU) ។

ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ (ACU) លោក ឱម យ៉ិនទៀង បានអះអាងថា គិតដល់ថ្ងៃ១៨ ខែធ្នូ ឆ្នាំ២០១៧នេះ មានតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ដែលត្រូវបានរំលាយ ចំនួន៣៧នាក់ ហើយដែលបានមកប្រកាសទ្រព្យ។ក្នុងនោះគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប)៣ រូបដែលបានលាលែងក៏បានមកប្រកាសទ្រព្យហើយដែរ។ 

គិតដល់ថ្ងៃ១៨ ខែធ្នូ ឆ្នាំ២០១៧នេះ មានអតីតតំណាងរាស្ត្រ និងមន្ត្រីអតីតគណបក្សសង្គ្រោះជាតិ ចំនួន៣៧នាក់ហើយ ដែលបានមកប្រកាសទ្រព្យសម្បត្តិ តាមសេចក្ដីជូនដំណឹងរបស់អង្គភាពប្រឆាំងអំពើរពុករលួយ។នេះបើតាមលោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ (ACU) ថ្លែងប្រាប់វិទ្យុវាយោនៅថ្ងៃទី១៩ ខែធ្នូ។

បើតាមលោក ឱម យ៉ិនទៀង ក្រៅពីអតីតមន្ត្រីបក្សសង្រ្គោះជាតិ៣៧រូប ក៏មានអតីតសមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គជប)ចំនួន៣រូប ដែលបានលាលែង បានមកប្រកាសទ្រព្យហើយដែរក្នុងនោះមាន៖លោក គួយ ប៊ុនរឿន ជាអនុប្រធាន គ.ជ.ប លោក រ៉ុង ឈុន និងលោកស្រី តែ ម៉ានីរ៉ុង ជាសមាជិក។អ្នកទាំង៣សុទ្ធសឹងជា កូតាមកពីគណបក្សសង្រ្គោះជាតិ។

គួរបញ្ជាក់ថា កាលពីថ្ងៃទី១១ ខែធ្នូ អង្គភាពប្រឆាំងអំពើរពុករលួយ បានចេញសេចក្ដីជូនដំណឹង ដល់ តំណាងរាស្ត្រ និងសមាជិកក្រុមប្រឹក្សា រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងឃុំ-សង្កាត់ ទាំងអស់របស់អតីគណបក្សសង្គ្រោះជាតិ ចូលប្រកាសទ្រព្យសម្បត្តិ និងបំណុលយ៉ាងយូរ៣០ថ្ងៃ រាប់ចាប់ពីថ្ងៃបាត់បង់តំណែង។បើមិនចូលប្រកាសទេ អ្នកទាំងអស់នោះ នឹងប្រឈមការជាប់ពន្ធនាគារ។

យោងតាមមាត្រា៣៨ នៃច្បាប់ប្រឆាំងអំពើពុករលួយបានចែងថា «ជនណាដែលមិនបានប្រកាសទ្រព្យសម្បត្តិ និងបំណុល ឬបានប្រកាសមិនត្រឹមត្រូវ ត្រូវផ្តន្ទាទោសដាក់ពន្ធគារពីពី១ខែ ទៅ១ឆ្នាំ និងពិន័យជាប្រាក់១សែនទៅ២សែនរៀល ហើយត្រូវបង្ខំឲ្យធ្វើការប្រកាសទ្រព្យសម្បត្តិ ជូនអង្គភាពប្រឆាំងអំពើរពុករលួយ»។

សូមរម្លឹកថា រដ្ឋសភា បានសម្រេចលុបឈ្មោះ តំណាងរាស្រ្តគណបក្សសង្គ្រោះជាតិទាំង៥៥រូប និងទីប្រឹក្សា ជំនួយការ អ្នកបើករថយន្ត សរុបជាង១០០នាក់ ចេញពីបញ្ជីក្របខណ្ឌ ចាប់ពីខែវិច្ឆិកា ឆ្នាំ២០១៧នេះតទៅ។ការសម្រេចលុបឈ្មោះនេះ បានធ្វើឡើងបន្ទាប់ពី តុលាការកំពូល បានប្រកាសសាលដីកា កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ ដោយសម្រេចឱ្យ រំលាយគណបក្សសង្រ្គោះជាតិ។ ជាមួយគ្នានេះ សម្ភារៈប្រើប្រាស់ ដូចជារថយន្តទំនើបៗ កុំព្យូទ័រ សម្ភារការិយាល័យ របស់អតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ក៏ត្រូវរឹបអូសយកមកទុកជាសម្បត្តិរដ្ឋវិញដែរ៕ 

 ពាក្យគន្លឹះ  ACU

ព័ត៌មានផ្សេងទៀត