សហរដ្ឋអាមេរិកបាននិយាយថា កូរ៉េខាងជើងបានទទួលខុសត្រូវដោយផ្ទាល់ សម្រាប់ការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណេត ដោយប្រើប្រាស់មេរោគWannaCry។ការវាយប្រហារនេះបានធ្វើឲ្យប៉ះពាល់ដល់ទិន្នន័យមន្ទីរពេទ្យ ក្រុមហ៊ុនជំនួញ ធនាគារ និងក្រុមហ៊ុនផ្សេងៗទៀតជាច្រើនទូទាំងពិភពលោកកាលពីដើមឆ្នាំនេះ។មានការបញ្ជាក់ថា កូរ៉េខាងជើងបានប្រើមេរោគWannaCry វាយប្រហារកុំព្យូទ័រជាង៣០ម៉ឺនគ្រឿងក្នុងប្រទេស១៥០ ធ្វើឲ្យខាតបង់ប្រាក់រាប់ពាន់លានដុល្លារ។
លោកThomas Bossert ទីប្រឹក្សារបស់លោកប្រធានាធិបតីដូណាល់ ត្រាំ បានចោទប្រកាន់ទៅលើកូរ៉េខាងជើង នៅក្នុងកាសែតWall Street Journal។នេះជាលើកទីមួយហើយដែលអាមេរិកបានបន្ទោសកូរ៉េខាងជើងជាផ្លូវការ ចំពោះការចូលជ្រៀតជ្រែកតាមប្រព័ន្ធអ៊ីនធឺណេត។លោកBossertនិយាយថា ការចោទប្រកាន់កូរ៉េខាងជើងបាន ដោយផ្អែកលើភស្ដុតាងគ្រប់គ្រាន់ ហើយចក្រភពអង់គ្លេសនិងក្រុមហ៊ុនកុំព្យូទ័រMicrosoft ក៏បានបន្ទោសរដ្ឋាភិបាលកូរ៉េខាងជើងសម្រាប់ការវាយប្រហារនេះដែរ។
ក្នុងខែឧសភាឆ្នាំ២០១៧ Windowsកុំព្យូទ័រត្រូវរងវាយប្រហារតាមអ៊ីនធឺណេត ដោយបានចាក់សោមិនឲ្យប្រើប្រាស់បាន និងទាមទារឲ្យបង់ប្រាក់ជាថ្នូរនឹងការដោះដូរយកទិន្នន័យមកវិញ។អង្គភាពប៉ូលិសអាំងទែប៉ូលសហភាពអឺរ៉ុប បានហៅការវាយប្រហារនេះថាមិនធ្លាប់មានទេពីមុនមក។
ក្នុងករណីនេះ លោកBossertនិយាយថាកូរ៉េខាងជើងត្រូវតែមានការទទួលខុសត្រូវ ហើយអាមេរិកនឹងបន្ដប្រើយុទ្ធសាស្ដ្រដាក់សម្ពាធជាអតិបរមា ដើម្បីរារាំងសម្ថភាពរបបកូរ៉េខាងជើង ក្នុងការវាយប្រហារតាមអ៊ីនធឺណេត។ប៉ុន្ដែលោកមិនបានបញ្ជាក់ថាអាមេរិកនឹងចាត់វិធានការអ្វីឆ្លើយតបទេ។
សូមបញ្ជាក់ថា ប្រទេសកូរ៉េខាងជើងកំពុងប្រឈមនឹងការដាក់ទណ្ឌកម្មសេដ្ឋកិច្ចរួចទៅហើយ បន្ទាប់ពីត្រូវបានចាត់ទុកថាជាប្រទេសឧបត្ថម្ភដល់អំពើភេរវកម្ម មុនពេលមានភាពតានតឹងកើតឡើងជាថ្មី ជុំវិញកម្មវិធីនុយក្លេអ៊ែរនិងការបាញ់សាកល្បងមីស៊ីលជាបន្ដបន្ទាប់៕