សហជីព​​មួយ​​ស្នើ​ឱ្យ​​ចាត់​វិធាន​កា​រ​លើ​​មេ​ដឹក​នាំ​​អតីត​​បក្ស​ប្រឆាំង​​ចំនួន​​៤​​ចំណុច​​

17-12-2017 2:43 pm 3475

​សហជីព​មួយ​ស្នើឱ្យ​រដ្ឋាភិបាល​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ចាត់វិធានការ​លើ​មេដឹកនាំ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ចំនួន​៤​ចំណុច ដើម្បី​ឆ្លើយតប​មន្ត្រី​អតីត​មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​អំពាវនាវ​ឱ្យ​សហគមន៍​អន្តរជាតិ ដាក់ទណ្ឌកម្ម​មក​លើ​កម្ពុជា ដូចជា​ការបិទ​ទីផ្សារ​នាំចេញ​សម្លៀកបំពាក់​ពី​កម្ពុជា​ជាដើម​។ 

​សហភាព​សហជីព​យុវជន​ការពារ​សិទ្ធិ​កម្មករ​កម្ពុជា បានចេញ​សេចក្ដីថ្លែងការណ៍​ថ្កោលទោស និង​សម្ដែង​ការសោកស្ដាយ ចំពោះ​ក្រុម​មេដឹកនាំ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ដោយ​អះអាងថា បាននិងកំពុង​ធ្វើ​សកម្មភាព​នានា​ក្នុង​គោលបំណង​បំផ្លិចបំផ្លាញ​នូវ​សុខសន្តិភាព ស្ថេរភាព​នយោបាយ ការអភិវឌ្ឍន៍ ជាពិសេស​គឺ​បំផ្លាញ​ដល់​ជីវភាព​របស់​ប្រជាពលរដ្ឋ ព្រមទាំង​បំផ្លាញ​កម្មករ​ន​យោ​ជិត តាមរយៈ​ការស្នើឲ្យ​សហភាព​អឺរ៉ុប​បិទ​ទីផ្សារ​នាំចេញ​សម្លៀកបំពាក់​ពី​កម្ពុជា​។ នេះ​បើ​យោងតាម​សេចក្ដីថ្លែងការណ៍​របស់​សហភាព​សហជីព​យុវជន​ការពារ​សិទ្ធិ​កម្មករ​កម្ពុជា​ចុះ​ថ្ងៃទី​១៦ ខែ​ធ្នូ ឆ្នាំ​២០១៧​។​

​នៅក្នុង​សេចក្ដីថ្លែងការណ៍​ថ្កោលទោស​របស់​សហជីព​មួយ​នេះ ក៏បាន​សំណូមពរ​ឱ្យ​រដ្ឋាភិបាល​លោក ហ៊ុន សែន ចាត់វិធានការ​ចាំបាច់​ចំនួន​៤​ចំណុច ដើម្បី​ឆ្លើយតប​នឹង​អតីត​មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ កុំឱ្យ​ធ្វើ​សកម្មភាព​បន្តទៀត​។ វិធានការ​ចាំបាច់​ចំនួន​៤​ចំណុច​នោះ​រួមមាន​៖

១.​ស្នើសុំ​រាជរដ្ឋាភិបាល បង្ក​ទ្រព្យសម្បត្តិ​ទាំងអស់ របស់​អតីត​មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​មានឈ្មោះ​ក្នុង​សាលដីកា​ស្ថាពរ​របស់​តុលាការ​កំពូល​ចុះ​ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៧​។​

២. ស្នើសុំ​រាជរដ្ឋាភិបាល បិទ​ទិដ្ឋាកា​ចេញចូល​កម្ពុជា ចំពោះ​អតីត​ម​ដឹកនាំ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​។​

៣. ស្នើសុំ​រាជរដ្ឋាភិបាល ហាមឃាត់​ចំពោះ​ការស្នើសុំ​ផ្ទេរ​ទ្រព្យសម្បត្តិ​ទាំងអស់​របស់​ក្រុម អតីត​មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ចាប់ពីពេលនេះ​តទៅ​

៤. ស្នើសុំ​រាជរដ្ឋាភិបាល​កម្ពុជា​បិទ​គណនេយ្យ​ទាំងអស់​របស់​ក្រុម​អតីត​មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ និង​បង្កក​ទ្រព្យសម្បត្តិ​ដែល​ទទួលបាន​ពី​មុខរបរ​ផ្សេងៗ​របស់​បុគ្គល​ទាំងអស់នោះ ដូចជា ការជួល​ដី ជួល​ផ្ទះ ជួល​សណ្ឋាគារ​។​ល​។​

​សូមបញ្ជាក់ថា ថ្មីៗ​នេះ​ក៏​មានប្រតិកម្ម​របស់​មេ​សហជីព​មួយចំនួនទៀត​ដែរ បន្ទាប់ពី​សភា​អឺរ៉ុប បានចេញ​សេចក្តីសម្រេច​មួយ នៅ​ថ្ងៃទី​១២ ខែ​ធ្នូ ដោយ​ស្នើឲ្យ​រដ្ឋាភិបាល គណៈកម្មការ​អឺរ៉ុប​ទាំងអស់ ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ ផ្នែក​ពាណិជ្ជកម្ម​ជាមួយ​កម្ពុជា រួមទាំង​ការនាំចេញ​ផលិតផល​ពី​វិស័យ​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់ និង​ស្បែកជើង និង​ទំនិញ​ដទៃទៀត​ជា​បណ្ដោះអាសន្ន​សិន ព្រមទាំង​ស្នើ​បង្កក​លុយ​របស់​មន្ត្រី​ថ្នាក់ដឹកនាំ​កម្ពុជា​ផងដែរ​។​

​ការដាក់ទណ្ឌកម្ម​របស់​សហគមន៍​អឺរ៉ុប មកលើ​រដ្ឋាភិបាល​កម្ពុ​ជា​ដោយសារតែ​មូលហេតុ​សហគមន៍​អឺរ៉ុប ថា​រដ្ឋាភិបាល​កម្ពុជា ដើរ​ផ្ទុយ​ពី​គន្លង​ប្រជាធិបតេយ្យ រំលោភ​សិទ្ធិមនុស្ស និង​បិទ​ប្រព័ន្ធ​ផ្សព្វផ្សាយ​មួយចំនួន ជា​ពិ​សេ​ធ្វើទុក្ខបុកម្នេញ​លើ​អង្គការ​សង្គម​ស៊ីវិល រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ និង​ចាប់ខ្លួន​លោក កឹម សុខា ប្រធាន​គណបក្សប្រឆាំង​ដាក់ពន្ធនាគារ​ជាដើម​...​។ ករណី​ប្រសិនបើ​មាន​ដំណោះស្រាយ​នយោបាយ​សមស្រប សហគមន៍​អឺរ៉ុប​នឹង​ដក​ទណ្ឌកម្ម​វិញ​ពី​រដ្ឋាភិបាល​កម្ពុជា​៕

ព័ត៌មានផ្សេងទៀត