អតីត​មន្ត្រី​​បក្ស​ប្រឆាំង​​ដែល​​អត់​​ប្រកាស​​ទ្រព្យ​សម្បត្តិ​​អាច​​ជាប់​ពន្ធ​នា​គា​រ​ដែរ​​ឬ​ទេ​​?​

17-12-2017 2:25 pm 1265

​អតីត​តំណាងរាស្ត្រ និង​អតីត​សមាជិក​ក្រុមប្រឹក្សា​រាជធានី​-​ខេត្ត ក្រុង​-​ស្រុក​-​ខណ្ឌ និង​ឃុំ​-​សង្កាត់ របស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​មួយចំនួន ដែល​មិនបាន​ទៅ​ប្រកាស​ទ្រព្យសម្បត្តិ និង​បំណុល នឹង​ប្រឈម​ការ​ជាប់ពន្ធនាគា​រ​រយៈពេល​១​ខែ ឬក៏​យ៉ាងណា ខណៈ​សុពលភាព​នៃ​ការប្រកាស​ទ្រព្យសម្បត្តិ និង​បំណុល​ត្រូវបាន​ផុត​ទៅហើយ​។

​អង្គភាព​ប្រឆាំង​អំពើពុករលួយ (ACU) បានចេញ​សេចក្តីប្រកាស​ថា គិត​ត្រឹម​ថ្ងៃទី​១៦ ខែ​ធ្នូ ឆ្នាំ​២០១៧ មាន​អតីត​តំណាងរាស្ត្រ និង​អតីត​សមាជិក​ក្រុមប្រឹក្សា​រាជធានី​-​ខេត្ត ក្រុង​-​ស្រុក​-​ខណ្ឌ និង​ឃុំ​-​សង្កាត់​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន​២៩៣​រូប​ប៉ុណ្ណោះ ដែល​បានប្រកាស​ទ្រព្យសម្បត្តិ និង​បំណុល​ក្រោយពេល​គណបក្ស​មួយ​នេះ​ត្រូវបាន​រំលាយ​។​

​សេចក្តីប្រកាស​របស់ អង្គភាព​ប្រឆាំង​អំពើពុករលួយ បាន​បញ្ជាក់ថា ក្នុងចំណោម​អ្នក​ដែល​ចូល​ប្រកាស​ទ្រព្យសម្បត្តិ ២៩៣​រូបនោះ រួមមាន តំណាងរាស្ត្រ​៣៣​រូប សមាជិក គ​.​ជ​.​ប ៣​រូប និង សមាជិក​ក្រុមប្រឹក្សា​រាជធានី​-​ខេត្ត ក្រុង​-​ស្រុក​-​ខណ្ឌ និង​ឃុំ​-​សង្កាត់​ចំនួន​២៥៧​រូប​។ ជាមួយគ្នា​នោះ អង្គភាព​ប្រឆាំង​អំពើពុករលួយ ក៏បាន​អំពាវនាវ​បន្ថែមទៀត​ដល់​អតីត​ថ្នាក់ដឹកនាំ និង​សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ជាប់​ការ​ត​ព្វ​កិច្ច​ទាំងអស់ រួសរាន់​ទៅ​បំពេញ​កាតព្វកិច្ច​ប្រកាស​ទ្រព្យសម្បត្តិ និង​បំណុល​របស់ខ្លួន ខណៈ​សុពលភាព​រយៈពេល​៣០​ថ្ងៃ​ត្រូវបាន​ផុត​ទៅហើយ​។​

​កន្លងទៅ​ថ្មីៗ​នេះ ACU បានចេញ​សេចក្ដីជូនដំណឹង ឱ្យ​តំណាងរាស្ត្រ និង​សមាជិក​ក្រុមប្រឹក្សា រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និង​ឃុំ​-​សង្កាត់​ទាំងអស់ របស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ចូល​ប្រកាស​ទ្រព្យសម្បត្តិ និង​បំណុល យ៉ាងយូរ​៣០​ថ្ងៃ រាប់​ចាប់​ពីថ្ងៃ​បាត់បង់​តំណែង​។ លោក​ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើរ​ពុករលួយ បានបញ្ជាក់​នៅ​ថ្ងៃទី​១២​ខែ​ធ្នូ ក្នុង​ពី​ធី​អបអរសាទរ​ទិវា​ប្រឆាំង​អំពើពុករលួយ​ថា មន្ត្រី​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ដែល​មិន​ចូល​ប្រកាស​ទ្រព្យសម្បត្តិ នឹង​ប្រឈម​ការ​ជាប់ពន្ធនាគារ រយៈពេល​១​ខែ តាមច្បាប់​ប្រឆាំង​អំពើពុករលួយ​។​

​សូមបញ្ជាក់ថា គណបក្ស​សង្គ្រោះ​ជាតិ ត្រូវបាន​តុលាការ​កំពូល ចេញ​សាលដីកា សម្រេច​រំលាយ​កាលពី​ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៧​។ ដូច្នេះ​បើ​គិត​ចាប់តាំងពី​ថ្ងៃទី​១៦ ខែវិច្ឆិកា មកទល់នឹង​ថ្ងៃទី​១៧ ធ្នូ ឆ្នាំ​២០១៧ គឺមាន​រយៈពេល​៣១​ថ្ងៃ​ហើយ ហើយ​សុពលភាព​នៃ​ការប្រកាស​ទ្រព្យសម្បត្តិ និង​បំណុល​របស់​មន្ត្រី​អតីត​គណបក្ស​សង្គ្រោះ​ជាតិ នឹង​ត្រូវអស់​ផងដែរ​។ ករណីនេះ​តើ​មន្ត្រី​អតីត​គណបក្ស​សង្គ្រោះ​ជាតិ នឹងត្រូវ​ប្រឈម​ជាប់ពន្ធនាគារ​រយៈពេល​១​ខែ ឬក៏​យ៉ាងណា​?


 ពាក្យគន្លឹះ  ACUគណបក្សសង្រ្គោះជាតិ

ព័ត៌មានផ្សេងទៀត