លោក ហ៊ុន សែនថា គណបក្ស​សង្រ្គោះជាតិ​គ្មានថ្ងៃកើតឡើង​​ជាថ្មីទេ

17-12-2017 10:08 am 4107
លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ក្នុងពេលជួបជាមួយកម្មករនៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៧។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក់ជាថ្មីថា អតីតគណបក្សសង្រ្គោះជាតិ ដែលត្រូវបានរំលាយ ដោយសាលដីការតុលាកំពូល គឺចប់ជាស្ថាពរ ហើយឈ្មោះអតីតបក្សនេះ គឺនឹងគ្មានកើតឡើងសារជាថ្មីទៀតឡើយ។លោកថ្លែងយ៉ាងដូច្នេះ បន្ទាប់ពីមានការខ្សឹបខ្សៀវថា គណបក្សប្រឆាំងមួយនេះ អាចនឹងកើតឡើងវិញនាពេលខាងមុខ។

ប្រតិកម្មទៅនិងការលើកឡើងថា អតីតគណបក្សសង្រ្គោះជាតិនឹងរស់ឡើងវិញ លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអះអាងជាថ្មីថា អតីតគណបក្សប្រឆាំងមួយនេះ គឺនឹងគ្មានថ្ងៃកើតឡើងសារជាថ្មីទៀតឡើយ។មិនអាចកើត ដោយលោកពន្យល់ថា គណបក្សនេះ ត្រូវបានរំលាយដោយសាលដីការតុលាការកំពូល គឺចប់ជាស្ថាពរ។

ការបញ្ជាក់របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជានេះ ធ្វើឡើងជាការឆ្លើតបនឹង ការខ្សឹបខ្សៀវ និងការប្រឌិតព័ត៌មានមួយចំនួន អំពីការរស់ឡើងវិញនៃអតីតបក្សសង្រោះជាតិ។កន្លងទៅលោក សម រង្ស៊ី អតីតមេបក្សប្រឆាំងក៏ធ្លាប់អះអាងថា គណបក្សសង្រ្គោះជាតិ នឹងរស់ឡើងវិញនៅឆ្នាំ២០១៨ផងដែរ។

តែយ៉ាងណា លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានផ្តល់ជាយោបល់ថា កុំអោយខាតពេលច្រើន មានតែវិធីមួយគត់ គឺបង្កើតគណបក្សនយោបាយថ្មី ដើម្បីចូលរួមប្រកួតប្រជែងតាមលក្ខណៈប្រជាធិបតេយ្យនៅក្នុងការបោះឆ្នោតខាងមុខ គឺវាប្រសើរជាងដើរនិយាឃោសនាមិនពិត ហើយខាតបង់ពេលវេលាកាន់តែច្រើន។ការថ្លែងរបស់នាយករដ្ឋមន្រ្តីនៃកម្ពុជា ធ្វើឡើងក្នុងពេលលោកជួបសំណេះសំណាលជាមួយតំណាងកម្មករ កម្មការិនីសរុបជិត ៥ពាន់នាក់នៅសាលមហោស្រពកោះពេជ្រនៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៧នេះ។

សូមរម្លឹកថា តុលាការកំពូល កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ បានសម្រេចរំលាយគណបក្សសង្គ្រោះជាតិ និងបានហាមថ្នាក់ដឹកនាំគណបក្សនេះចំនួន ១១៨ នាក់ មិនឲ្យធ្វើសកម្មភាពនយោបាយចំនួន ៥ ឆ្នាំ។បច្ចុប្បន្នសហភាពអឺរ៉ុប និងអាមេរិក និងប្រទេសមួយចំនួនទៀត បានប្រតិកម្មនិង ការសម្រេចនេះ ហើយជំរុញរដ្ឋាភិបាលក្រុងភ្នំពេញ ដោះលែងមេដឹកនាំគណបក្សសង្រ្គោះជាតិ និងអនុញ្ញាតឲ្យគណបក្សប្រឆាំងដំណើរការឡើងវិញ។

ស្ថាប័នកំពូលៗរបស់កម្ពុជា សម្តែងការសោកស្តាយ ចំពោះប្រតិកម្មរបស់សហភាពអឺរ៉ុប និងអាមេរិក និងប្រទេសមួយចំនួនទៀត ហើយបាន ពន្យល់ជូនអន្តរជាតិថា ការរំលាយគណបក្សសង្គ្រោះជាតិ និងការចាប់ខ្លួនលោក កឹម សុខា គឺជាការអនុវត្តច្បាប់សុទ្ធសាធ៕ 

 ពាក្យគន្លឹះ  គណបក្សសង្រ្គោះជាតិ

ព័ត៌មានផ្សេងទៀត