តុលាការ​កំពូល​បដិសេធមិន​ជំនុំជម្រះសា​ជាថ្មីលើ​សំណុំរឿងរំលាយ​គណបក្សសង្គ្រោះជាតិ​

15-12-2017 4:18 pm 1502

លោក អ៊ូ ច័ន្ទរ័ត្ន អតីតសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ នៃគណបក្សសង្គ្រោះជាតិកាលពីថ្ងៃទី០៨ ខែធ្នូ បានដាក់ពាក្យបណ្ដឹងនៅតុលាការកំពូល ដើម្បីសុំឲ្យតុលាការនេះជំនុំជំរះសាជាថ្មីលើសំណុំរឿងរំលាយគណបក្សសង្រ្គោះជាតិ។ ជាការឆ្លើយតប តុលាការកំពូល បានចេញដីការសម្រេច មិនអនុញ្ញាតឱ្យលើកយកបណ្តឹងសុំរំលាយគណបក្សសង្គ្រោះជាតិ មកជំនុំជម្រះសាជាថ្មីបានឡើយ។ 

តុលាការកំពូល មិនអនុញ្ញាតឲ្យមាន ការបើកជំនុំជម្រះសាជាថ្មី លើសំណុំរឿងគណបក្សសង្រ្គោះជាតិទេ ដោយសារតែ សាលដីការបស់តុលាការកំពូលកាលពីថ្ងៃទី១៦ ខែវិច្ឆិកា បានបិទផ្លូវតវ៉ា ដោយតុលាការកំពូលយោងតាមច្បាប់ស្តីពីគណបក្សនយោបាយមាត្រា៤៥។ចំណែកបណ្តឹងទាមទារឲ្យតុលាការកំពូលជំនុំជម្រះសារជាថ្មីនោះ មិនបានចង្អុលបង្ហាញនូវហេតុផលត្រឹមត្រូវដូចដែលមានចែងក្នុងមាត្រា៣០៧ នៃក្រមនីតិវិធីរដ្ឋប្បវេណីនោះទេ។នេះបើតាមដីការសម្រេចរបស់តុលាការកំពូល។

បើតាមដីការដដែលបានពន្យល់ថា តុលាការកំពូលបានបង្គាប់ឲ្យភាគីចុងចម្លើយដាក់ឯកសារ និងចេញដីការកោះហៅឲ្យភាគចុងចម្លើយ ចូលរួមសវនាកាត្រឹមត្រូវតាមច្បាប់ ហើយបានបញ្ចូនទៅដល់ស្នាក់ការគណបក្សសង្រ្គោះជាតិ។ប៉ុន្តែគណបក្សប្រឆាំង មិនអនុវត្តសិទ្ធិនេះដោយខ្លួនឯង និងមិនព្រមចូលរួមអនុវត្តនីតិវិធី។ដូច្នេះកុំមកចោទតុលាការកំពូលថាបាន រំលាយគណបក្សសង្រ្គោះជាតិ ដោយតក់ក្រហល់មិនត្រឹមត្រូវទេ។

រីឯបណ្តឹងលើកឡើងថា តុលាការកំពូលសម្រេចហាមឃាត់ថ្នាក់ដឹកនាំគណបក្សសង្រ្គោះជាតិចំនួន ១១៨នាក់ ដោយពុំបានកោះហៅភាគីចុងចម្លើយនោះ តុលាការកំពូល បានចាត់ទុកថា ជាការបំភាន់ដើម្បីគេចវេស ពីការទទួលខុសត្រូវប៉ុណ្ណោះ។បើតាមតុលាការដដែល ការវិនិច្ឆ័យសេចក្តី គឺផ្អែកលើច្បាប់ជាមូលដ្ឋានមាន៖មាត្រា៩៦ មាត្រា២០១ និងមាត្រា១៤០ នៃក្រុមនីតិវិធីរដ្ឋប្បវេណី។

គួរបញ្ជាក់ថា លោក អ៊ូ ច័ន្ទរ័ត្ន អតីតសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ នៃគណបក្សសង្គ្រោះជាតិកាលពីថ្ងៃទី០៨ ខែធ្នូ បានដាក់ពាក្យបណ្ដឹងនៅតុលាការកំពូល ដើម្បីសុំឲ្យតុលាការនេះជំនុំជំរះសាជាថ្មីលើសំណុំរឿងរំលាយគណបក្សសង្រ្គោះជាតិ។ នៅក្នុងបណ្តឹងនោះ បានស្នើសុំ ឲ្យតុលាការកំពូលរក្សាឈ្មោះមន្ត្រីគណបក្សសង្រ្គោះជាតិទាំង១១៨នាក់ ឲ្យមានសិទ្ធិធ្វើនយោបាយឡើងវិញ, ស្នើសុំឲ្យតុលាការកំពូល ជំនុំជំរះសាជាថ្មីលើសំណុំរឿងរំលាយគណបក្សសង្រ្គោះជាតិ និងបណ្ដឹងសុំឲ្យចេញដីការក្សាការពារ លើសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ ស្រុក-ក្រុង ខេត្ត-រាជធានី៕ 

 ពាក្យគន្លឹះ  គណបក្សសង្រ្គោះជាតិ

ព័ត៌មានផ្សេងទៀត