ប្រធាន​សមាគម​ភាពយន្ត​កម្ពុជា​ស្នើ​ក្រសួង​វប្បធម៌​ពន្យា​ពន្ធ​ភាពយន្ត​

14-12-2017 4:26 pm 573
លោកឆាយ បូរ៉ា ម្ចាស់ផលិតកម្មដើមត្នោត និងជាប្រធានសមាគមភាពយន្តកម្ពុជា ។ រូបថតពី sabbay ។

​ប្រធាន​សមាគម​ភាពយន្ត​កម្ពុជា លោក ឆាយ បូរ៉ា បាន​ថ្លែង នៅ​ព្រឹក​ថ្ងៃទី​១៤ ធ្នូ ក្រោយ​លោក​ជាប់​ជា​ប្រធាន​សមាគម​ភាពយន្ត​កម្ពុជា​អាណត្តិ​ទី​២​បន្តទៀតថា លោក​គ្រោង​នឹង​ធ្វើ​ញត្តិ​ឱ្យ​មាន​ការ​ពន្យា​ពេល កំណត់​ពន្ធ​ភាពយន្តរ​ហូ​តដល់​១០​ឆ្នាំ​បន្តទៀត តាម​ការស្នើសុំ​របស់​ផលិត​ករ ដើម្បី​ទុក​ផ្លូវ​ឱ្យ​ភាពយន្ត​ខ្មែរ មាន​ដង្ហើម​រស់​បាន​យូរ​ទៅមុខទៀត ។​

​ម្ចាស់​ផលិតកម្ម ដើមត្នោត រូបនេះ​បន្ត​ថា កាតព្វកិច្ច​ពន្ធ​នេះ មាន​លក្ខណៈ​ច្រើន​ហួស​ពី​សមត្ថភាព ខណៈ​ដែល​វិស័យ​ភាពយន្ត​ខ្មែរ នាពេល​បច្ចុប្បន្ន កំពុងតែ​ងើបឡើង​ទាំង​ត្រដាបត្រដួស​បន្តិច​ម្តងៗ និង​មិន​ទាន់​មាន​សន្ទុះ​រីកចម្រើន​ធំធាត់ ដូច​បណ្តា​ប្រទេស​ដទៃ​នៅឡើយ ។​

​លោក ឆាយ បូរ៉ា បញ្ជាក់ថា បើទោះបីជា​លទ្ធផល​ដាក់​ញត្តិ​កាលពី​លើក​ទី​១ ទៅ​កាន់​ក្រសួង​វប្បធម៌ នៅ​មិនទាន់​ទទួលបាន​ផល​ជា​ផ្លែផ្កា​ក្តី ប៉ុន្តែ​នោះ​មិនមែន​ជា​បញ្ហា​ទេ ដោយសារ​ពេលនេះ ក្រុម​ផលិតករ​នៅក្នុង​អាណត្តិ​នេះ កាន់តែ​មាន​កម្លាំង​សាមគ្គីភាព​គ្នា​រឹងមាំ ដែល​ធ្វើឱ្យ​ថ្នាក់លើ​ឬ​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ ពិសេស​ប្រមុខ​ដឹកនាំ​កម្ពុជា ឈរ​ឱបដៃ​មើល​នឹង​ភ្នែក​ណាស់ ពោល​គឺ​លោក​នឹង​ជួយ​ដោះស្រាយ​បញ្ហា​នេះ​ឱ្យ​ដល់​ផលិត​ករ ។​

​គូសបញ្ជាក់ថា កាលពី​ថ្ងៃ​ទី​២៥ ខែតុលា ក្រសួង​វប្បធម៌​បាន​ប្រកាស​អំពី​ការប្រមូល​ពន្ធ​ពី​វិស័យ​ភាពយន្ត​ចំនួន​១០​ចំណុច ។  ចំណុច​ទាំង​នោះ​រួមមាន ៖ ទី​១ គឺ​ពន្ធ​ពី​ចំណូល​នៃ​ការ​បញ្ចាំង​ក្នុង​រោង​កាត់​១០​ភាគរយ​ទៅ​រដ្ឋ ។ ទី​២ ក្រោយ​ចែក​ជា​មួយ​រោងកុន​ត្រូវ​កាត់​១​ភាគរយ​ទៅ​រដ្ឋ ។ ទី​៣ ត្រូវ​បង់​ពន្ធអាករ​១០​ភាគរយ​រាល់​ខែ​នៃ​ប្រាក់ចំណូល​របស់​ផលិតកម្ម ។ ទី​៤ ត្រូវ​បង់ពន្ធ (vat) ប្រចាំឆ្នាំ ។ ទី​៥ ពន្ធ​កាត់​ទុក​ពី​ប្រាក់​ចំណូល​ចំនួន​១៥​ភាគរយ ។ ទី​៦ ការ​កាត់​ពន្ធ ១០​ភាគរយ​ពី​តម្លៃ​ជួល​ទីតាំង​ការិយាល័យ ។ ទី​៧ ពន្ធ​កាត់​ពី​បុគ្គលិក​ពេញ​ម៉ោង​១០​ភាគរយ​សម្រាប់​បុគ្គ​លិក​មាន​ប្រាក់បៀវត្សរ៍​ចាប់ពី​៣០០​ដុល្លារ​អាមេរិក​ឡើងទៅ ។ ទី​៨ ពន្ធ​លើ​អ្នកដឹកនាំ​សម្តែង អ្នកនិពន្ធ ក្រុមការងារ​ផលិត សិល្បករ​ចំនួន​១០​ភាគរយ ។ ទី​៩ ពន្ធ​លើ​កម្មសិទ្ធិ ឬ​ស្នាដៃ ចំនួន​១៥​ភាគរយ ។ ទី​១០ ពន្ធ​កម្រៃ​នៃ​ប្រាក់​ចំណូល​តួ​សម្តែង ១៥​ភាគរយ និង​ទី​១១ ពន្ធ​លើ​ការជួល​ទីតាំង​ថត ការជួល​សម្ភារៈ ១០​ភាគរយ ៕

(​រាយការណ៍​ដោយ​៖ គង់ ឧត្តម​)

ព័ត៌មានផ្សេងទៀត