លោក​​ស ខេង​​ឱ្យ​​មន្ត្រី​នគរ​បាល​​ពន្យល់​​ព​ល​​រដ្ឋ​​ឲ្យ​​ច្បាស់​​ពី​​ចំណាត់​ការ​​លើ​​បក្ស​ប្រ​ឆាំង​​

14-12-2017 3:06 pm 1971

​លោក ស ខេង ឧ​បក​នាយ​រដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ  បាន​ណែនាំ​ឲ្យ​មន្ត្រី​នគរបាលជាតិ​នៅ​ទូទាំងប្រទេស ចុះ​ពន្យល់​ដល់​ប្រជាពលរដ្ឋ ជុំវិញ​វិធានការ​របស់​រដ្ឋាភិបាល​កម្ពុជា និង​តុលាការ​កំពូល ទៅលើ​លោក កឹម សុខា និង​គណបក្ស​សង្គ្រោះ​ជាតិ នា​ពេលកន្លងមក ខណៈ​លោក​ថា មាន​ប្រជាពលរដ្ឋ​មួយចំនួន​បាន​យល់ច្បាស់ ក៏ប៉ុន្តែ​នៅមាន​ប្រជាពលរដ្ឋ​មួយចំនួនទៀត នៅ​មិនទាន់​យល់ច្បាស់​ពី​បញ្ហា​នេះ​នៅឡើយ​។ 

​ថ្លែង​ក្នុង​សន្និបាត​ស្តីពី​ការពង្រឹង​ការងារ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ទូទាំងប្រទេស លើក​ទី​២ លោក ស ខេង បាន​ជំរុញ​ឱ្យ​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ទូទាំងប្រទេស ក្នុងនាម​ជា​មន្ត្រី​រដ្ឋាភិបាល ត្រូវ​ផ្សព្វផ្សាយ​ឲ្យ​ប្រជាពលរដ្ឋ​មូលដ្ឋាន​របស់ខ្លួន បានដឹង​នូវ​ឧបាយកល​អាក្រក់​ក្នុង​ការចង់​ផ្គួលរំលំ​រដ្ឋាភិបាលក​ម្ពុ​ជា​ស្របច្បាប់ ពី​សំណាក់​លោក កឹម សុខា អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​បច្ចុប្បន្នកំពុង​ជាប់ឃុំ​នៅក្នុង​ពន្ធនាគារ ដើម្បី​ជៀសវាង​ការយល់ច្រឡំ​របស់​ប្រជាពលរដ្ឋ​មកលើ​រដ្ឋាភិបាល​។ 

​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​រូបនេះ បាន​គូសបញ្ជាក់ថា ការរំលាយ​បក្សប្រឆាំង និង​ការហាមឃាត់​មន្ត្រី​គណបក្ស​នេះ មិន​ឲ្យធ្វើ​នយោបាយ​ចំនួន​៥​ឆ្នាំ តាម​អំណាច​សាលដីកា​របស់​តុលាការ​កំពូល មាន​សាធារណជន​ជាច្រើន​បាន​យល់ និង​គាំទ្រ​ចំពោះ​ចំណាត់​របស់​រដ្ឋាភិបាល និង​តុលាការ​។ ក៏ប៉ុន្តែ​ក៏មាន​ប្រជាពលរដ្ឋ​មួយចំនួន​ដែល​នៅ​មិនទាន់​យល់ ឬក៏​យល់បាន​ខ្លះ​ដែរ ប៉ុន្តែ​អាស្រ័យ​និន្នាការ​នយោបាយ​ឋិត​នៅ​ម្ខាង ដូច្នេះ​មន្ត្រី​ប៉ុស្តិ៍នគរបាល​រដ្ឋបាល ដែលមាន​ការងារ​ប្រចាំថ្ងៃ និង​ផ្ទាល់​ជាមួយ​ប្រជាពលរដ្ឋ​ជួយ​ធ្វើ​ការបកស្រាយ ផ្សព្វផ្សាយ អប់រំ ឲ្យ​ពួកគាត់​បានដឹង និង​យល់​ពី​បញ្ហា​នេះ​។​

​គួររំលឹកថា គណបក្ស​សង្គ្រោះ​ជាតិ ត្រូវបាន​តុលាការ​កំពូល សម្រេច​រំលាយ​កាលពី​ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៧ និង​លោក កឹម សុខា អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវបាន​អាជ្ញាធរ​ចាប់ខ្លួន​កាល​រំលង​យប់​ថ្ងៃទី​០៣ កញ្ញា ពីបទ​ក្បត់ជាតិ​។ គណបក្ស​សង្គ្រោះ​ជាតិ ត្រូវបាន​រំលាយ ហើយ​មន្ត្រីជាន់ខ្ពស់​គណ​បក្សប្រឆាំង​មួយ​នេះ ចំនួន​១១៨​នាក់ ត្រូវបាន​ហាមឃាត់​មិន​ឲ្យធ្វើ​នយោបាយ​រយៈពេល​៥​ឆ្នាំ​ផងដែរ​។ 

​សម្រាប់​រដ្ឋាភិបាល នៅតែ​អះអាងថា សកម្មភាព​របស់ លោក កឹម សុខា និង​គណបក្ស​សង្គ្រោះ​ជាតិ ជា​សកម្មភាព​ចង់​ផ្ដួលរំលំ​រដ្ឋាភិបាល​ស្របច្បាប់​។ ប៉ុន្តែ​សម្រាប់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​វិញ បានចាត់ទុក​សកម្មភាព​របស់ខ្លួន​នា​ពេលកន្លងមក មិន​មានបំណង​ធ្វើ​បដិវត្តន៍ ដើម្បី​ផ្តួលរំលំ​រដ្ឋាភិបាល​នោះឡើយ​៕

ព័ត៌មានផ្សេងទៀត