អាជ្ញាធរអប្សរា​ប្រគល់មកុដមាស​និងវត្ថុបុរាណ​ជូនក្រសួងវប្បធម៌​

13-12-2017 1:49 pm 988
រូបភាព ពីអាជ្ញាធរជាតិអប្សរា

​អាជ្ញាធរ​ជាតិ​អប្សរា​កាលពី​រសៀល​ថ្ងៃទី​១២ ធ្នូ បាន ប្រគល់​មកុដ​មាស ឬ​ភ្នួ​ង​សក់​ដែល​រកឃើញ​នៅក្នុង​កំណាយ​ជួសជុល​សាល​របាំ​ប្រាសាទតាព្រហ្ម​កាលពី​ឆ្នាំ​២០១២ រួម​នឹង​វត្ថុ​សិល្បៈ​បុរាណ​មួយចំនួន ដែល​រក្សាទុក​នៅ​អាជ្ញាធរ​ជាតិ​អប្សរា​កាលពីមុន ជូន​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ​ជា​អ្នក​រក្សាទុក​ជំនួស​វិញ​។​

​វត្ថុ​សិល្បៈ​បុរាណ ដែល​បាន​ពី​ការធ្វើ​កំណាយ នៅក្នុង​តំបន់​អង្គរ មានដូចជា​៖ មកុដ​មាស ឬ​ភ្នួ​ង​ស​ក់មាស​មួយ សន្លឹក​មាស​ដែល​ចារ​ជា​យ័ន្ត​ផ្សេងៗ​សម្រាប់​បញ្ចុះ​នៅតាម​បល្ល័ង្ក​នៅក្នុង​ប្រាសាទ​ចំនួន​១៦​សន្លឹក ចិញ្ចៀន​មាស​១​វង់ និង​ព្រះ​ពុទ្ធរូប​ចំនួន​២​អង្គ​។​

​លោក គង់ វីរៈ ប្រធាន​នាយកដ្ឋាន​សារមន្ទីរ​ជាតិ​នៃ​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ​បញ្ជាក់ថា វត្ថុ​សិល្បៈ​បុរាណ​ទាំងអស់នេះ ពិសេស​គឺ​ភ្នួ​ង​ស​ក់មាស នឹង​យកទៅ​បញ្ចូល​គ្នា​ជាមួយ​គ្រឿងអលង្ការ​មាស​ផ្សេងៗ​ដែលមាន​ស្រាប់​នៅ​សារមន្ទីរ​គ្រឿងអលង្ការ ដែល​ទើប​ទទួលបាន​ពី​ប្រទេស​អង់គ្លេស និង​គ្រឿងមាស​មួយចំនួន​ដែល​ធ្វើ​កំណាយ​បាន​នៅ​ខេត្ត​ព្រៃវែង រួម​នឹង​វត្ថុ​សិល្បៈ​ផ្សេងៗ​ដើម្បី​តាំងពិព័រណ៍​ជូន​សាធារណជន​ជាតិ​-​អន្តរជាតិ​ឱ្យ​បានឃើញ និង​យល់ដឹង​ពី​ប្រវត្តិ​របស់​វត្ថុ​បុរាណ​ទាំងនោះ ដែល​ចាប់ផ្តើម​ពី​ខែមករា ឆ្នាំ​២០១៨​តទៅ ក្រោម​ប្រធានបទ​«​ការប្រើប្រាស់​អលង្ការ​មាស​ក្នុងសង្គម​ខ្មែរ​ពី​អតីតកាល​» ដែល​នឹង​ប្រារព្ធ​ធ្វើឡើង​នៅ​សារមន្ទីរ​ជាតិ​។​

តាមការបញ្ជាក់ពីលោកលោកអ៊ឹម សុខរិទ្ធី អនុប្រធានមជ្ឈមណ្ឌលស្រាវជ្រាវអន្តរជាតិ និងតម្កល់ឯក​សា​រ​​អង្គរ បានបញ្ជាក់ពីសាវតារបស់វត្ថុសិល្បៈទាំងបីប្រភេទខាងលើគឺ ទី១ សន្លឹកមាស និងចិញ្ចៀន​មា​ស​១វង់ មានអាយុកាលនៅស.វទី៧ឬទី៨នៃគ.ស វត្ថុសិល្បៈទី២គឺ ពិនសម្រាប់លម្អភ្នួងសក់ ឬមកុដនោះ មាន​អា​យុកាលនៅស.វទី១២ និងវត្ថុសិល្បៈទី៣ គឺជាអំណោយព្រះពុទ្ធរូប២អង្គដែលអ្នក​ភ្នំគូលែន​ប្រគល់ឱ្យ​កាលពី​ឆ្នាំ​២០​១៥​ តែមិនទាន់អាចសន្និដ្ឋានពីកាលបរិច្ឆេទ និងប្រវត្តិនៃរូបបាននៅឡើយ៕​

 ពាក្យគន្លឹះ  វត្ថុបុរាណ

ព័ត៌មានផ្សេងទៀត