កម្ពុជា​ធ្វើ​ជា​​សហប្រធាន​​កិច្ចប្រជុំ​​រដ្ឋមន្ត្រី​ការបរទេស​​មេគង្គ​-​ឡាន​​ឆាង​​លើក​​ទី​៣​​ឆាង​​នៅ​​ចិន​​

13-12-2017 10:51 am 1125
រូបថតរដ្ឋមន្ត្រីការបរទេស នៃ​កិច្ចសហប្រតិបត្តិការ​មេគង្គ​-​ឡាន​ឆាង លើក​ទី​២

​រដ្ឋមន្ត្រីការបរទេស​កម្ពុជា លោក​ប្រាក់ សុខុន នៅ​ព្រឹក​ថ្ងៃទី​១៣ ខែធ្នូ​នេះ ដឹកនាំ​គណៈប្រតិភូ​ហោះហើរ​ទៅ​ប្រទេស​ចិន ក្នុង​គោលដៅ​ចូលរួម និង​ធ្វើជា​សហប្រធាន​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស នៃ​កិច្ចសហប្រតិបត្តិការ​មេគង្គ​-​ឡាន​ឆាង លើក​ទី​៣​។ កិច្ចប្រជុំ​ប្រព្រឹត្តទៅ​ពី​ថ្ងៃទី​១៤ ដល់​ថ្ងៃទី​១៦ ខែ​ធ្នូ នៅ​ទីក្រុង​ដា​លី ខេត្ត​យូ​ណាន​។

​គួរ​បញ្ជាក់ថា ការចេញដំណើរ​របស់​ប្រមុខ​ការទូត​កម្ពុជា​នៅ​ព្រឹក​នេះ តប​តាម​ការអញ្ជើញ​របស់លោក​វ៉ាង យី (Wang Yi) រដ្ឋមន្ត្រីការបរទេស​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​។ សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួងការបរទេស​កម្ពុ​ជា បញ្ជាក់ថា នៅក្នុង​ក្របខ័ណ្ឌ​នៃ​កិច្ចប្រជុំ​នេះ លោក​ប្រាក់ សុខុន នឹងចូលរួម​ក្នុង​ពិធី​តាំងពិព័រណ៍​រូបថត ស្តីពី​សមិទ្ធិផល​នានា​នៃ​កិច្ចសហប្រតិបត្តិការ​មេគង្គ​-​ឡាន​ឆាង និង​ពិធី​សម្ពោធ​ដាក់ឲ្យ​ប្រើប្រាស់​គេហទំព័​រផ្លូវការ នៃ​លេខាធិការដ្ឋាន​កិច្ចសហប្រតិបត្តិការ​មេគង្គ​-​ឡាន​ឆាង​ចិន ហើយ​នឹងធ្វើ​ស​ន្និសិទ​កាសែត​រួមគ្នា​ជាមួយ​រដ្ឋមន្ត្រីការបរទេស​ចិន​ ដែល​ជា​សហប្រធានរៀបចំកិច្ច​ប្រជុំ​នេះ​​ដែរ។

ក្រសួង​ដដែល​នេះ បានប្រកាសថា កិច្ចប្រជុំ​នេះ​នឹង​ផ្តល់នូវ​ឱកាស​ដ៏​ល្អ ក្នុង​ការលើកកម្ពស់ និង​ពង្រឹង​បន្ថែមទៀត​នូវ​កិច្ចសហប្រតិបត្តិការ និង​មិត្តភាព​ដែលមាន​ស្រាប់ នៅក្នុង​ក្របខ័ណ្ឌ​មេគង្គ​-​ឡាន​ឆាង ក៏ដូចជា​ធ្វើ​ការពិភាក្សា​អំពី​ការត្រៀម​រៀបចំ​កិច្ចប្រជុំ​កំពូល​មេគង្គ​-​ឡាន​ឆាង លើក​ទី​២ ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​កម្ពុជា នា​ខែមករា ឆ្នាំ​២០១៨​។​

​នៅក្នុង​កិច្ចប្រជុំ​នេះដែរ ក៏​រំពឹង​នឹងមាន​ការអនុម័ត​លើ​ឯកសារ​សំខាន់ៗ​មួយចំនួន រួមមាន​៖ សេចក្តីប្រកាស​រួម​នៃ​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​មេគង្គ​-​ឡាន​ឆាង លើក​ទី​៣, បញ្ជី​គម្រោង​ដែល​ឧបត្ថម្ភ​ដោយ​មូលនិធិ​ពិសេស​របស់​កិច្ចសហប្រតិបត្តិការ​មេគង្គ​-​ឡាន​ឆាង សម្រាប់​ឆ្នាំ​២០១៧ និង​ខ្សែ​ទូរស័ព្ទ​បន្ទាន់​នៃ​លេខាធិការដ្ឋាន​ជាតិ និង​ក្រុម​សម្របសម្រួល​របស់​កិច្ចសហប្រតិបត្តិការ​មេគង្គ​-​ឡាន​ឆាង​។​

​គួរ​កត់សម្គាល់ថា ក្របខ័ណ្ឌ​កិច្ចសហប្រតិបត្តិការ​មេគង្គ​-​ឡាន​ឆាង ត្រូវបាន​បង្កើតឡើង​ក្នុង​កិច្ចប្រជុំ​លើក​ទី​១ របស់​រដ្ឋមន្ត្រីការបរទេស​នៃ​កិច្ចសហប្រតិបត្តិការ​មេគង្គ​-​ឡាន​ឆាង នៅ​ខែវិច្ឆិកា ឆ្នាំ​២០១៥ នៅ​ទីក្រុង​ជិន​ហុង ខេត្ត​យូ​ណាន ប្រទេស​ចិន​។ ក្របខ័ណ្ឌ​នេះ ដោយ​ឈរលើ​គោលការណ៍​កុងសង់ស៊ីស ការបើកចំហរ បរិយា​ប័ន្ន សមភាព ការពិគ្រោះ​យោបល់ និង​សម្របសម្រួល​ទៅវិញទៅមក ការស្ម័គ្រចិត្ត ការរួមចំណែក​រួម និង​ផលប្រយោជន៍​រួមគ្នា និង​ការគោរព​ធម្មនុញ្ញ​អង្គការសហប្រជាជាតិ និង​ច្បាប់​អន្តរជាតិ​នានា​៕

ព័ត៌មានផ្សេងទៀត