កម្ពុជា​​ស្នើ​ឥណ្ឌា​​នាំយក​សត្វ​ខ្លាធំ​​មក​ព្រលែង​​នៅ​កម្ពុជា ​ដើម្បី​​ទាក់ទាញ​​ភ្ញៀវទេសចរ​​

13-12-2017 10:30 am 742

​នៅក្នុង​កិច្ចពិភាក្សា​ដ៏​សំខាន់​មួយ​ជាមួយ​លោកស្រី​ប្រា​មី​ឡា រ៉ានី​ប្រា​ម៉ា រដ្ឋមន្ត្រី​បរិស្ថាន និង​ព្រៃឈើ​រដ្ឋ​អា​សាន់ នៃ​សាធារណរដ្ឋ​ឥណ្ឌា កាលពី​រសៀល​ថ្ងៃទី​១២ ធ្នូ លោក​ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ បាន​ស្នើឲ្យ​ភាគី​ឥណ្ឌា​ជួយ​ជា​ជំនួយ​បច្ចេកទេស​ដល់​កម្ពុជា ក្នុង​ការរៀបចំ និង​អភិវឌ្ឍន៍​បន្ថែម​លើ​ផ្នែក​អេកូ​ទេសចរណ៍ ទេសចរណ៍​វប្បធម៌ ទេសចរណ៍​សត្វព្រៃ ពិសេស​ការនាំយក​សត្វ​ខ្លាធំ​ពី​រដ្ឋ​អា​សាន់​នៃ​សាធារណរដ្ឋ​ឥណ្ឌា មក​ព្រលែង និង​អភិរក្ស​ឡើងវិញ​នៅ​កម្ពុជា ដើម្បី​ទាក់ទាញ​ភ្ញៀវទេសចរ​។ 

​លោក​ថោង ខុន បាន​បញ្ជាក់ថា ថ្វី​ដ្បិត​អ្នកទេសចរ​ឥណ្ឌា នៅ​កម្ពុជា​មិនទាន់មាន​ចំនួន​ច្រើន​នៅឡើយ​ក្ដី ក៏ប៉ុន្តែ នៅ​រយៈកាល​ចុងក្រោយ​នេះ កំណើន​ទេសចរ​ឥណ្ឌា​មក​ទស្សនា​កម្ពុជា កំពុងមាន​ការកើនឡើង​ខ្ពស់​ជា​លំដាប់​។​ដូច្នេះ​ដើម្បី​រឹតចំណង​មិត្តភាពរ​វា​ង​កម្ពុជា​-​ឥណ្ឌា ទាក់ទាញ​កំណើន​ទេសចរ អ្នកវិនិយោគ​ឥណ្ឌា ក៏ដូចជា​ប្រទេស​ទី​៣​ដទៃទៀត លោក​ថោង ខុន នឹង​ដឹកនាំ​គណៈប្រតិភូ​កម្ពុជា​ទៅ​ចូលរួម​ក្នុង​កិច្ចប្រជុំ​កំពូល​វិនិយោគិន​សកល ឆ្នាំ​២០១៨ តាម​ការអញ្ជើញ​របស់​ភាគី​រដ្ឋ​អា​សាន់​។​

​តាម​ការបញ្ជាក់ ពី​លោកស្រី ប្រា​មី​ឡា ថា កិច្ចប្រជុំ​កំពូល​វិនិយោគិន​សកល នឹង​ប្រារព្ធ​ឡើង​នា​ថ្ងៃទី​៣-៤ ខែ​កុម្ភៈ ឆ្នាំ​២០១៨ ខាងមុខ នៅក្នុង​រដ្ឋ​អា​សាន់ ភាគ​ឦសាន​ឥណ្ឌា ដែលមាន​ប្រទេស​ជាច្រើន​នៅ​ទូទាំង​ពិភពលោក​ចូលរួម​។​ដើម្បី​ពង្រឹង​កិច្ចសហប្រតិបត្តិការ​នេះ ភាគី​កម្ពុជា និង​ឥណ្ឌា នឹង​ចុះ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា ស្ដីពី​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ទេសចរណ៍​ជាមួយគ្នា នាពេលខាងមុខ​ផងដែរ​។​

​លោកស្រី ប្រា​មី​ឡា រ៉ានី​ប្រា​ម៉ា ថ្លែងថា កិច្ចប្រជុំ​កំពូល​វិនិយោគិន​សកល ២០១៨ ត្រូវការ​វត្តមាន​ជា​ចាំបាច់​ពី​កម្ពុជា ខណៈ​កម្ពុជា​-​ឥណ្ឌា​កំពុង​ជំរុញ​កំណើន​ទេសចរ និង​វិនិយោគិន​។​បន្ថែម​ពីលើ​នេះ​ភាគី​ទាំងពីរ​បាន​ជំរុញឲ្យមាន​ការហោះហើ​រ​ត្រង់ ពី​កម្ពុជា​ឆ្ពោះទៅកាន់​រដ្ឋ​អា​សាន់ ពីព្រោះ​រដ្ឋ​ភាគ​ឦសាន​ឥណ្ឌា​មួយ​នេះ ប្រៀបដូចជា​ច្រក​ត​ភ្ជាប់​អាស៊ាន និង​កម្ពុជា ដែល​សុទ្ធតែជា​ការជំរុញ​វិស័យ​វិនិយោគ​ថ្មី​បន្ថែមទៀត​៕

 ពាក្យគន្លឹះ  លោកថោងខុន

ព័ត៌មានផ្សេងទៀត