ជប៉ុន​នឹង​​​សិក្សា​ពី​គម្រោង​បង្កើត​​នាវា​បើកបរ​​ដោយ​ស្វ័យប្រវត្ដិ​

11-12-2017 4:26 pm 977
រូបភាព​នាវា​របស់​ជប៉ុន

​ក្រសួង​ដឹកជញ្ជូន​របស់​ជប៉ុន​នឹង​បង្កើត​គណៈកម្មការ​មួយ​ក្នុង​ខែធ្នូ​នេះ ដើម្បី​ពិភាក្សា​ថា​តើ​នាវា​បើកបរ​ដោយ​ស្វ័យប្រវត្ដិ អាច​ដាក់ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​បាន​ដែរឬទេ​។​ក្រសួង​និយាយថា​ក្នុង​រយៈពេល​៥​ឆ្នាំមុន​ដោយសារតែ​កំហុស​អ្នកបើកបរ បាន​ធ្វើឲ្យមាន​គ្រោះថ្នាក់​ផ្លូវទឹ​កកើតឡើ​ង​រហូតដល់​៨,៣០០​ករណី​ក្នុង​ដែនទឹក​ជប៉ុន​។​

​ដូច្នេះ​បើសិន​ប្រើប្រាស់​នាវា​បើកបរ​ដោយ​ស្វ័យប្រវត្ដិ អាចមាន​សុវត្ថិភាព​ខ្ពស់ជាង ហើយ​ក្រុម​នាវិក​គ្រាន់តែ​ផ្ដោត​ការយកចិត្ដទុកដាក់​ឃ្លាំមើល​លើ​ដំណើរការ​ប៉ុណ្ណោះ​។​វា​អាច​កាត់បន្ថយ​បញ្ហា​ខ្វះ​កម្លាំង​ពលកម្ម​បាន​ផងដែរ​។​

​ក្រសួង​នឹង​បង្កើត​គណៈកម្មការ​ជំនាញ​និង​ក្រុមហ៊ុន​ដែនសមុទ្រ​នៅ​ថ្ងៃទី​២២​ធ្នូ ដោយ​ពួកគេ​នឹងសិក្សា​ថា​តើ​អាច​បញ្ចៀស​គ្រោះថ្នាក់​នាវា​បុក​គ្នា​ក្នុង​ដែនសមុទ្រ ដោយ​ប្រើប្រាស់​បច្ចេកវិទ្យា​ចាប់​សញ្ញា​រូបភាព និង​ការប្រើប្រាស់​កាមេរ៉ា​សុវត្ថិភាព​បាន​ដែរឬទេ​។​

​គណៈកម្មការ​នឹង​ពិភាក្សា​ផងដែរ​ពី​ច្បាប់​សម្រាប់​នាវា​បើកបរ​ដោយ​ស្វ័យប្រវត្ដិ ហើយ​នឹង​ចងក្រង​របាយការណ៍​មួយ​នៅ​ខែឧសភា​ឆ្នាំ​២០១៨​។​មន្ដ្រី​ម្នាក់​បាន​និយាយថា​នៅមាន​បញ្ហា​ច្រើន​ពាក់ព័ន្ធ​នឹង​ផ្នែក​បច្ចេកទេស ប៉ុន្ដែ​ក្រសួង​នឹង​ព្យាយាម​ធ្វើយ៉ាងណា​ឲ្យ​នាវា​បើកបរ​ដោយ​ស្វ័យប្រវត្ដិ​នេះ​អាច​ដំណើរការបាន​៕

ព័ត៌មានផ្សេងទៀត