អាមេរិក​ឱ្យ​ជាង​៥​ម៉ឺន​ដុល្លារ​ដើម្បី​រក្សា​វត្ថុតាង​បន្សល់​ពី​របប​ខ្មែរក្រហម​

11-12-2017 3:50 pm 1280
វត្ថុតាងបន្សល់ពីរបបខ្មែរក្រហម នៅសារមន្ទីរគុកទួលស្លែង ។ រូបថតពី fn ។

​ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​កម្ពុជា លោក William Heidt តំណាង​ភាគី​អាមេរិក បាន​ចុះហត្ថលេខា​លើ​គម្រោង​មូលនិធិ​របស់​អគ្គរដ្ឋទូត​អាមេរិក​សម្រាប់​ថែរក្សា​វប្បធម៌ ក្នុង​ការអភិរក្ស​វត្ថុតាង​វាយ​ន​ភណ្ឌ​ដែល​បន្សល់​ពី​របប​ខ្មែរក្រហម ដែល​មាន​ដូចជា ស្បែកជើង មួក ខ្សែក្រវ៉ាត់ ជាដើម នៅ​សារមន្ទីរ​គុក​ទួលស្លែង នា​ព្រឹក​ថ្ងៃទី​១១ ខែ​ធ្នូ ។

គម្រោង​នេះ មាន​ទឹកប្រាក់​ចំនួន ៥៥,០០០​ដុល្លារ​អាមេរិក ដែល​ផ្តោត​លើ​ដំណាក់កាល​ដំបូង នៃ​ការការពារ​ការខូចខាត នៃ​សំលៀក​បំពាក់​របស់​ជន​រងគ្រោះ ដែល​ជា​របស់​ងាយ​ខូច​ជាងគេ ក្នុងចំណោម​របស់​ដែល​ត្រូវ​បាន​ប្រមូល​ទុក ។​

​ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​កម្ពុជា​រូប​នេះ​ថ្លែង​ថា គម្រោង​នេះ គឺជា​គម្រោង​មួយ​ដែល​បាន​ជួយ​នូវ​បេសកកម្ម​របស់​ស្ថានទូត ក្នុង​ការអភិរក្ស​សម្ភា​រ​ដែល​បន្សល់​ទុក​របស់​ជនរងគ្រោះ​ពី​របប​ខ្មែរក្រហម ។ លោក​បញ្ជាក់ថា សម្ភារ​ទាំងនេះ នៅ​មាន​ជាប់​ឈាម និង​មាន​ស្នាម​ប្រឡាក់​នៅលើ​នោះ​នៅឡើយ ដែល​ជា​ភស្តុតាង​មួយ ជា​ប្រវត្តិសាស្ត្រ និង​មិន​អាច​យក​ចេញ​បាន ។​

​លោក ជុច ភឿន រដ្ឋលេខាធិការ​ក្រសួង​វប្បធម៌ តំណាង​ភាគី​កម្ពុជា​ក្នុង​ការចុះហត្ថលេខា ថ្លែង​គាំទ្រ​គម្រោង​នេះ​ទាំងស្រុង ។ លោក​ថា គម្រោង​នេះ ពិតជា​មាន​សារសំខាន់​សម្រាប់​ក្រសួង​វប្បធម៌ ក៏ដូចជា​ប្រជាជន​កម្ពុជា​ទាំងមូល ។ ភស្តុតាង​ទាំងនេះ គឺជា​តឹកតាង​ប្រវត្តិសាស្ត្រ​សម្រាប់​ការងារ​សិក្សា​ស្វែងយល់​ពី​អំពើ​ឧក្រិដ្ឋកម្ម នា​រវាង​ឆ្នាំ ១៩៧៥ - ១៩៧៩ ។ 

​លោក​រដ្ឋលេខាធិការ​អះអាង​ថា គម្រោង​នៃ​ការអភិរក្ស​នេះ មិន​ត្រឹមតែ​បាន​ជួយ​សង្គ្រោះ​ដល់​វត្ថុ​តាង​ជា​ប្រវត្តិសាស្ត្រ​នោះទេ តែ​វា​បាន​ផ្តល់​ប្រយោជន៍​សំខាន់​មួយ​ទៀត​ដល់​សារមន្ទីរ​គុក​ទួលស្លែង ។ វា​គឺជា​ការបណ្តុះបណ្តាល​ធន​ធាន​មនុស្ស សម្រាប់​បន្ត​និរន្តរភាព​នៃ​ការជួសជុល​វិស័យនេះ នាពេល​អនាគត ៕  

(​រាយការណ៍​ដោយ​៖ គង់ ឧត្តម​)

ព័ត៌មានផ្សេងទៀត