នាយករដ្ឋមន្ត្រី​អ៊ីរ៉ាក់​ប្រកាស​បញ្ចប់សង្គ្រាម​ប្រឆាំង​ក្រុម​IS

10-12-2017 11:27 am 1156

​នាយករដ្ឋមន្ត្រី​អ៊ីរ៉ាក់​លោក​Haider al-Abadi បានប្រកាស​បញ្ចប់សង្គ្រាម​ប្រឆាំង​ក្រុម​IS​ហើយ​នៅ​ថ្ងៃទី​៩​ខែ​ធ្នូ ឆ្នាំ២០១៧​។ ថ្លែង​នៅ​ចំពោះមុខ​កងទ័ព​លោក Abadi ថា កងកម្លាំង​របស់​យើង​ស្ថិតនៅក្នុង​ការគ្រប់គ្រង​ទាំងស្រុង នៃ​ព្រំដែន​អ៊ីរ៉ាក់ - ស៊ី​រី ហើយ​ដូច្នេះ ខ្ញុំ​ប្រកាស​ពី​ការ​បញ្ចប់សង្គ្រាម​ប្រឆាំងនឹង​ក្រុម​សកម្ម​ប្រយុទ្ធ IS ។ ការបញ្ជាក់​ពី​ជោគជ័យ​ដ៏​ធំធេង របស់លោក Abadi នេះ ធ្វើឡើង​នៅក្នុង​សន្និសីទ​សារព័ត៌មាន​មួយ នៅ​ទីក្រុង​បា​ដា​ដ​ប្រទេស​អ៊ីរ៉ាក់​។​

​លោក Haider al-Abadi  បន្ត​បង្ហាញ​ពី​មោទនភាព លើ​ជ័យជម្នះ​នេះ​ទៀតថា សត្រូវ​របស់​យើង​ចង់​សម្លាប់​អារ្យធម៌​របស់​យើង ប៉ុន្តែ​យើង​បានឈ្នះ តាមរយៈ​សាមគ្គីភាព និង​ការប្តេជ្ញា​ចិ ត្ត​របស់​យើង​។ លោក​នាយករដ្ឋមន្ត្រី​អ៊ីរ៉ាក់ ក៏បាន​កោតសរសើរ ពី​វីរៈភាព​របស់​កងកម្លាំង​ប្រដាប់​អាវុ​អ៊ីរ៉ាក់​ផងដែរ ដែល​បាន​តស៊ូ​ប្រយុទ្ធ​យ៉ាង​ស្វិតស្វាញ លើ​សមរភូមិ​សង្គ្រាម ប្រឈមមុខ​ជាមួយ​សត្រូវ​ដ៏​សែន​អាក្រក់​របស់ខ្លួន​។​

​ចំណែក​អាមេរិក ដែលជា​ក្រុមចម្រុះ​ដឹកនាំ​ការវាយប្រហារ​តាម​អាកាស ទាំង​នៅ​ក្នុងប្រទេស​ស៊ី​រី​និង​អ៊ីរ៉ាក់ ដើម្បី​បោសសម្អាត​ក្រុម​សកម្មប្រយុទ្ធ បាន​ចូលរួម​អបអរសាទរ ចំពោះ​ការបង្ក្រាប រហូត​បញ្ចប់​ការ​កាន់​របស់​ក្រុម​សកម្ម​ប្រយុទ្ធ​។ ប៉ុន្តែ​អាមេរិក​អះអាងថា ការប្រយុទ្ធ​មិនទាន់​បញ្ចប់​នៅឡើយ​ទេ​។ ក្រុម​សកម្មប្រយុទ្ធ បាន​បោះ​ទីតាំងនៅ​តំបន់​ជាប់​ព្រំដែន​ប្រទេស​អ៊ីរ៉ាក់ ជាមួយ​ស៊ី​រី​ជាច្រើន​ឆ្នាំ​មកហើយ ដូច្នេះ​ពួកគេ​នៅមាន​កន្លែង​លាក់ខ្លួន​សម្ងាត់​ផ្សេងទៀត ហើយ​ទីនោះ​ក៏​ជា​កន្លែង​រក្សា​សព្វាវុធ​របស់​ក្រុម​នេះ​ផងដែរ​។ លោក Hisham al-Hashemi អ្នកជំនាញ​ខាង​ក្រុម​សកម្មប្រយុទ្ធ​មួយ​បាន​ព្រមាន​ថា ក្រុម​IS នៅតែ​គំរាមកំហែង​សម្រាប់​ពលរដ្ឋ​អ៊ីរ៉ាក់ ដោយ​ពួកគេ​បាន​រក្សាទុក​អាវុធ​នៅក្នុង​ឃ្លាំង​សម្ងាត់ ស្ថិតនៅក្នុង​តំបន់​វាល​ខ្សាច់ ដែល​គ្មាន​មនុស្ស​រស់នៅ​។​

សូមជម្រាបជូនថា តំបន់​ដ៏​ធំធេង​ស្ថិតនៅ​ភាគ​ខាងជើង​និង​ខាងលិច​ទីក្រុង​បា​ដា​ដ​ប្រទេស​អ៊ីរ៉ាក់ បាន​ធ្លាក់​ក្នុង​ដៃ​របស់​ក្រុម​សកម្មប្រយុទ្ធ​IS​គ្រប់គ្រង​នៅ​ឆ្នាំ​២០១៤​។ ក្រុម​នេះ បាន​គ្រប់គ្រង​ប្រជាជន​ប្រមាណ​ចំនួន​៧​លាន​នាក់​ដែល​រស់នៅ ក្នុង​តំបន់​ដែល​ដណ្តើមបាន​ពី​កងទ័ព​រដ្ឋាភិបាល ហើយ​បាន​ប្រយុទ្ធ​ពង្រីក ទឹកដី​មួយផ្នែក​របស់​ស៊ី​រី​ទៀត ដើម្បី​បង្កើត​រដ្ឋ​ឯករាជ្យ​។ ប៉ុន្តែ​ពួក​សកម្មប្រយុទ្ធ​ដ៏​ល្បីល្បាញ​លើ​ពិភពលោក​នេះ បាន​ទទួលរង​បរាជ័យ​ជា​បន្តបន្ទាប់ ក្នុង​រយៈពេល​ពីរ​ឆ្នាំកន្លងមក​។ ពោល​ពួកគេ​បាន​បាត់បង់​ទីក្រុង​ម៉ូ​ហ្សួ​ល ជា​ទីក្រុង​ធំ​ទី​ពីរ​របស់​អ៊ីរ៉ាក់ នៅក្នុង​ខែកក្កដា និង​បាត់បង់​រដ្ឋធានី Raqqa ស្ថិតនៅ​ភាគ​ខាងជើង ប្រទេស​ស៊ី​រី​កាលពី​ខែ​មុន​។ អ្នក​ប្រយុទ្ធ​របស់​ក្រុម IS មួយចំនួន បាន​បែកខ្ញែក​គ្នា និងរ​ត់ទៅ​​កាន់​តំបន់​ដាច់ស្រយាល ខណៈ​អ្នក​ផ្សេងទៀត ត្រូវបាន​គេ​ជឿថា បាន​រត់គេចខ្លួន​ឆ្លងកាត់​ព្រំដែន​ប្រទេស​ទួរគី​៕

 ពាក្យគន្លឹះ  ប្រទេសអ៊ីរ៉ាក់

ព័ត៌មានផ្សេងទៀត