អតីតមន្ត្រី​បក្សសង្រ្គោះជាតិ​ដាក់ពាក្យប្តឹង​ទៅតុលាការកំពូល​ប្រឆាំងដីការរំលាយ​បក្ស ​

08-12-2017 11:10 am 3954
លោកអ៊ូ ច័ន្ទរ័ត្ន អតីតសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ នៃគណបក្សសង្គ្រោះជាតិ។

លោក អ៊ូ ច័ន្ទរ័ត្ន អតីតសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ នៃគណបក្សសង្គ្រោះជាតិនៅថ្ងៃទី០៨ ខែធ្នូនេះ បានដាក់ពាក្យបណ្ដឹងនៅតុលាការកំពូល ដើម្បីសុំឲ្យតុលាការនេះជំនុំជំរះសាជាថ្មីលើសំណុំរឿងរំលាយគណបក្សសង្រ្គោះជាតិ។បើតាមលោកអ៊ូ ច័ន្ទរ័ត្ន បានថ្លែងប្រាប់វិទ្យុវាយោថា បណ្តឹងនេះបានស្នើសុំចំនួន៣ចំណុចដល់តុលាការកំពូល។

នៅក្នុងបណ្តឹងរបស់លោក អ៊ូ ច័ន្ទរ័ត្ន ដាក់ជូនទៅតុលាការកំពូល បានស្នើសុំចំនួន៣ចំណុចដោយរួមមាន៖ទី១ ស្នើឲ្យតុលាការកំពូលរក្សាឈ្មោះមន្ត្រីគណបក្សសង្រ្គោះជាតិទាំង១១៨នាក់ ឲ្យមានសិទ្ធិធ្វើនយោបាយឡើងវិញ។ទី២ ស្នើសុំឲ្យតុលាការកំពូល ជំនុំជំរះសាជាថ្មីលើសំណុំរឿងរំលាយគណបក្សសង្រ្គោះជាតិ។ទី៣ បណ្ដឹងសុំឲ្យចេញដីការក្សាការពារ លើសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ ស្រុក-ក្រុង ខេត្ត-រាជធានី។

សំឡេង៖

បើតាមលោកអ៊ូ ច័ន្ទរ័ត្ន បានអះអាងថា មកដល់ពេលនេះបណ្តឹងរបស់លោក បានចូលដល់ដៃតុលាការកំពូលហើយ ហើយតុលាការកំពូលនឹងបន្តនីតិវិធីទៅតាមច្បាប់។ចំណែកបណ្តឹងនៅថ្ងៃនេះ ធ្វើឡើងដោយខ្លួនលោកផ្ទាល់ មិនជាប់ពាក់ព័ន្ធជាមួយបុគ្គលណាទេ។

គួរបញ្ជាក់ថា គណបក្សសង្គ្រោះជាតិ ដែលខិតខំរួមបញ្ជូលគ្នា រវាងគណបក្សចំនួន ២ អស់រយៈពេលជាង ៥ឆ្នាំមក នោះ ត្រូវបានប្រកាសរំលាយ ដោយសាលដីការរបស់តុលាការកំពូល នៅវេលាម៉ោងប្រមាណជា ៥ល្ងាចកាលពីថ្ងៃទី១៦វិច្ឆិកា ឆ្នាំ ២០១៧។ការរំលាយនេះធ្វើឡើងតាមបណ្តឹងរបស់ក្រសួងមហាផ្ទៃ។ក្រៅពីរំលាយគណបក្សចោល មេដឹកនាំគណបក្សសង្រ្គោះជាតិ និងមន្រ្តីជាន់ខ្ពស់ទាំង១១៨រូប ក៏ត្រូវបានតុលាការកំពូលផ្អាកសកម្មភាពនយោបាយរយៈពេល៥ឆ្នាំ។

ក្រោយពីមានសាលដីការរំលាយ មានប្រតិកម្មផ្សេងៗ បានកើតឡើងជាបន្តបន្ទាប់ ដោយមួយចំនួនមានសុទិដ្ឋិនិយមថា ការរំលាយបក្សប្រឆាំងដ៏ធំមួយនេះ គឺជាការសម្លាប់លទ្ធិប្រជាធិតេយ្យនៅកម្ពុជា។ប៉ុន្តែសម្រាប់រាជរដ្ឋាភិបាលពន្យល់ថា រាល់ចំណាត់ការរបស់ស្ថាប័នកំពូលៗកម្ពុជា រួមមាន ស្ថាប័ននីតិប្បញ្ញត្តិ នីតិប្រតិបត្តិ និងស្ថាប័នតុលាការទៅលើគណបក្សប្រឆាំងនោះ គឺធ្វើឡើងដោយស្របតាមច្បាប់រដ្ឋធម្មនុញ្ញ និងច្បាប់ជាធរមាននានារបស់កម្ពុជា៕ 

 ពាក្យគន្លឹះ  គណបក្សសង្រ្គោះជាតិ

ព័ត៌មានផ្សេងទៀត