ប្រមុខការទូតកម្ពុជា​បន្តការពារ​លើចំណាត់ការ​នាំឲ្យរំលាយ​បក្សប្រឆាំង

05-12-2017 3:37 pm 2672
លោកប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជា។

រដ្ឋមន្រ្តីការបរទេសកម្ពុជា បានថ្លែងការពារជាថ្មី ចំពោះចំណាត់ការរបស់ស្ថាប័នតុលាកកំពូលរបស់កម្ពុជា ទៅលើគណបក្សសង្រ្គោះជាតិ គឺជាការអនុវត្តដោយស្របតាមច្បាប់របស់កម្ពុជា ហើយកម្ពុជា នឹងបន្តប្រកាន់ខ្ជាប់ នូវលទ្ធិប្រជាធិបតេយ្យដូចដែលបានចែងក្នុងរដ្ឋធម្មនុញ្ញ។ការថ្លែងការពារនេះ ធ្វើឡើងបន្ទាប់ ពីឯកអគ្គរដ្ឋទូតចំនួន៥ប្រចាំកម្ពុជា បានសម្តែកព្រួយបារម្ភ។ 

លោកប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជា បានពន្យល់តំណាងអង្គទូតទាំង០៥ថា រាល់ចំណាត់ការរបស់ស្ថាប័នកំពូលៗកម្ពុជា រួមមាន ស្ថាប័ននីតិប្បញ្ញត្តិ នីតិប្រតិបត្តិ និងស្ថាប័នតុលាការទៅលើលោក កឹម សុខា និងគណបក្សសង្រ្គោះជាតិ គឺធ្វើឡើងដោយស្របតាមច្បាប់រដ្ឋធម្មនុញ្ញ និងច្បាប់ជាធរមាននានារបស់កម្ពុជា។ចំណាត់ការខាងលើនេះ ក៏ដើម្បីរក្សាការពារនូវសន្តិភាព ស្ថេរភាព ការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម ហើយនិងជីវភាពសុខសាន្តរបស់ប្រជាជន។នេះបើយោងតាមសេចក្តីប្រកាសរបស់ក្រសួងការបរទេសកម្ពុជា។

សូមរម្លឹកថា កាលពីថ្ងៃទី ២៩ វិច្ឆិកា ក្រុមឯកអគ្គរដ្ឋទូតចំនួន៥ប្រចាំកម្ពុជា ដែលមាននិវេសនដ្ឋាននៅទីក្រុងបាងកក បានលើកឡើងពីការព្រួយបារម្ភរបស់ខ្លួន ស្តីពី ស្ថានភាពនយោបាយនៅកម្ពុជា។ទូតបរទេសទាំងនោះ រួមមាន ទូតប្រទេសកាណាដា ហ្វាំងឡង់ ស្វីស ដាណឺម៉ាក និងស្ថានទូតនូវែសហ្សឺឡង់ជាដើម។ ការសម្តែងក្តីបារម្ភនេះ ធ្វើឡើងក្នុងជំនួបជាមួយលោកប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជានៅទីស្តីការក្រសួងការបរទេសកម្ពុជានាទីក្រុងភ្នំពេញ។

ទោះបីជាអត់គណបក្សសង្រ្គោះជាតិ រដ្ឋមន្រ្តីការបរទេសកម្ពុជា បានលើកឡើងថា កម្ពុជានៅតែបន្តរក្សាបានលក្ខណៈពហុបក្សនៅក្នុងរដ្ឋសភា និងប្តេជ្ញាចិត្តដ៏រឹងមាំក្នុងការប្រកាន់ខ្ជាប់របស់ប្រជាធិបតេយ្យ សេរីពហុបក្ស ដូចដែលមានចែងក្នុងច្បាប់រដ្ឋធម្មនុញ្ញរបស់ប្រទេសកម្ពុជា និងការរៀបចំការបោះឆ្នោតឆ្នាំ២០១៨ជាមួយ និងគណបក្សនយោបាយជាច្រើន។

ជាការកត់សម្គាល់ នៅក្នុងសេចក្តីប្រកាសរបស់ក្រសួងការបរទេសកម្ពុជា មិនបានលើកឡើងពីប្រតិកម្មរបស់ក្រុមឯកអគ្គរដ្ឋទូតទាំង៥នេះទេ។ នេះមិនមែនជាលើកទីមួយនោះទេ ដែលរដ្ឋាភិបាលកម្ពុជា បានថ្លែងការពារចំណាត់ការរបស់ខ្លួន ទៅលើគណបក្សប្រឆាំងទល់នឹងការព្រួយបារម្ភពីសហគមន៍អន្តរជាតិ៕ 

 ពាក្យគន្លឹះ  គណបក្សសង្រ្គោះជាតិ

ព័ត៌មានផ្សេងទៀត