គណៈប្រតិភូក្រសួង វប្បធម៌ និងវិចិត្រសិល្បៈ រួមទាំងថ្នាក់ដឹកនាំ សហភាពសហព័ន្ធយុវជនកម្ពុជា ដែលដឹកនាំផ្ទាល់ដោយ លោក ហ៊ុន ម៉ានី បានដង្ហែឈុតគ្រឿងអលង្ការមាស សម្រាប់រូបចម្លាក់នាសម័យអង្គរ ពីចក្រភពអង់គ្លេស មកដល់មាតុភូមិវិញហើយ នៅថ្ងៃទី០២ ខែធ្នូនេះ។
ក្រោយការដង្ហែមកដល់ ទឹកដីមាតុភូមិ ប្រកបដោយសុវត្ថិភាព នាថ្ងៃនេះ លោកហ៊ុន ម៉ានី បានបង្ហាញឆន្ទៈ និងការប្តេជ្ញា នៅចំពោះមុខអ្នកសារព័ត៌មានថា នេះជាមោទនភាពមួយ សម្រាប់កម្ពុជា ដែលទទួលបាននូវអ្វី ដែលជាកេរមរតកដូនតា របស់យើង ត្រឡប់មកវិញ តាមរយៈការខិតខំប្រឹងប្រែង ពីសំណាក់រាជរដ្ឋាភិបាល រយៈពេលជាង១ឆ្នាំ។
ជាមួយគ្នានេះ លោកហ៊ុន ម៉ានី បានបង្ហាញនូវឆន្ទៈ និងការប្តេជ្ញាថា រាជរដ្ឋាភិបាលកម្ពុជា នឹងខិតខំប្រឹងប្រែង បន្ថែមទៀត ដើម្បីស្វែងរក និងនាំត្រឡប់ មកវិញនូវ កេរមរតកបុព្វបុរសខ្មែរ ជាច្រើនដែលបានបាត់បង់ នៅក្នុងសម័យសង្គ្រាម មកមាតុប្រទេសវិញជាបន្តបន្ទាប់ នៅថ្ងៃខាងមុខ។ ហើយភារកិច្ចនេះ ចាំបាច់ក៏ត្រូវមានការចូលរួម ពីប្រជាពលរដ្ឋ និងយុវជនគ្រប់រូបផងដែរ។
សូមបញ្ជាក់ថា គ្រឿងអង្ការមាសសម្រាប់លម្អ លើរូបចម្លាក់នាសម័យអង្គរ ដែលត្រូវបានដង្ហែ ពីប្រទេសអង់គ្លេសនេះ សរុបរួមមាន១០មុខ ដែលជាសម្បត្តិបេតិកភណ្ឌ មនុស្សជាតិ ដ៏វិសេសវិសាលពុំអាចកាត់ថ្លៃបាន។ ហើយសម្បត្តិទាំងនេះ ជាផ្នែកមួយ នៃដួងព្រលឹងរបស់បុព្វបុរសខ្មែរពិតៗ នាសម័យអង្គរផងដែរ៕ ដោយៈសៅ វិសាល