អភិបាលរាជធានីភ្នំពេញ លោកឃួង ស្រេង កាលពីថ្ងៃម្សិលមិញ បានបើកកិច្ចប្រជុំបច្ចេកទេសជាមួយមន្ត្រីជំនាញ ក្នុងការសិក្សាកែសម្រួលប្រព័ន្ធចរាចរណ៍នៅចំណុចប្រសព្វស្ពានអាកាសក្បាលថ្នល់ រវាងមហាវិថីព្រះមុនីវង្ស (ផ្លូវ២៧១) និងមហាវិថីសម្ដេច ហ៊ុន សែន (ផ្លូវ៦០ម៉ែត្រ)។
សាលារាជធានីភ្នំពេញ បានកត់សម្គាល់ថា កំណើនប្រជាពលរដ្ឋកាន់តែកើនឡើង មធ្យោបាយធ្វើដំណើរក៏កាន់តែមានភាពមមាញឹកខ្លាំង ដែលធ្វើឲ្យផ្លូវសំខាន់ៗមួយចំនួនមានការកកស្ទះជាខ្លាំង ជាពិសេស នៅចំណុចប្រសព្វច្រមុះជ្រូកក្បាលថ្នល់ ក៏ជាចំណុចកកស្ទះខ្លាំង ដែលត្រូវមានដំណោះស្រាយជាបន្ទាន់។ លោកឃួន ស្រេង បានឱ្យដឹងថា តាមគម្រោងនឹងត្រូវសាងសង់ស្ពានអាកាសនៅតំបន់នេះ នាពេលឆាប់ៗខាងមុខ។
អភិបាលក្រុងរូបនេះ ក៏បានណែនាំដល់មន្ត្រីពាក់ព័ន្ធ រួមជាមួយមន្ទីរជំនាញ ពិនិត្យ ពិភាក្សាលើការងារបច្ចេកទេសបន្ថែមទៀត ដោយចុះពិនិត្យទីតាំងផ្ទាល់ ដើម្បីឲ្យដឹងច្បាស់ពីលំហូរចរាចរនៅតំបន់នោះ ដែលកំពុងមានការកកស្ទះ ហើយក៏គិតគូរផងដែរអំពីលទ្ធភាពធ្វើការរំដោះចរាចរបណ្តោះអាសន្នមុនពេលគម្រោងនេះ ចាប់ផ្តើមដំណើរការ។
គួរបញ្ជាក់ថា នៅរាជធានីភ្នំពេញបច្ចុប្បន្ន មានស្ពានអាកាសចំនួន ៥កន្លែង គឺស្ពានអាកាសក្បាលថ្នល់ ស្ពានអាកាសស្ទឹងមានជ័យ ស្ពានអាកាស៧មករា ស្ពានអាកាស៥មករា ឬស្ពានតិចណូ និងស្ពានអាកាសស្តុបផ្សារដីហុយ ដែលកំពុងដំណើរការសាងសង់ ហើយគ្រោងនឹងបញ្ចប់នៅចុងឆ្នាំ២០១៧នេះ៕