១០​ខែ​ឆ្នាំ​២០១៧​ទុនវិនិយោគ​​វិស័យ​សំណង់​នៅ​កម្ពុជា​មាន​ជាង​៦​ពាន់​លាន​ដុល្លារ​

30-11-2017 3:57 pm 1992

​គិត​ត្រឹម​រយៈពេល​១០​ខែ ឆ្នាំ​២០១៧​នេះ ទុនវិនិយោគ​លើ​វិស័យ​សំណង់ នៅ​កម្ពុជា មាន​ចំនួន​៦,២៦៧ លាន​ដុល្លារ​អាមេរិក កើន​ឡើង​ជាង​២៧% បើ​ប្រៀបធៀប​នឹង​រយៈពេល​ដូចគ្នា កាលពី​ឆ្នាំ​២០១៦​។ នេះ​បើ​តាម​ការបញ្ជាក់​ពី​លោក ជា សុផារ៉ា រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ដែល​បាន​ថ្លែង​នៅក្នុង​ពិធី​បើក​មហាសន្និបាត បូកសរុប​ការងារ ប្រចាំ​ឆ្នាំ​លើក​ទី​៦ របស់​សមាគម​អ្នក​សាងសង់​កម្ពុជា និង​សម្ភោ​ធ​បើក​ការតាំងពិព័រណ៍ ឧស្សាហកម្ម​សំណង់​កម្ពុជា​លើក​ទី​៤ ឆ្នាំ​២០១៧ នា​ថ្ងៃ​ទី​៣០ វិច្ឆិកា​នេះ​។​

​លោក​រដ្ឋមន្ត្រី មានប្រសាសន៍​បន្ត​ថា ទុន​វិនិយោគ​ក្នុង​វិស័យ​សំណង់​ក្នុង​ឆ្នាំ​២០១៦ មាន​ជាង​៥,៥៧៩ លាន​ដុល្លារ​អាមេរិក មាន​កំណើត​៦៨% បើ​ប្រៀបធៀប​នឹង​ឆ្នាំ​២០១៥ មានតែ ៣,៣៣៨ លាន​ដុល្លារ​អាមេរិក និង​ក្នុង​រយៈពេល​១០​ខែ នៅ​ឆ្នាំ​២០១៧​នេះ មាន​ទុន​វិនិយោគ​សរុប​ប្រមាណ ៦,២៦៧ លាន​ដុល្លារ​អាមេរិក ឃើញ​មាន​កំណើន​ជាង ២៧% បើ​ប្រៀបធៀប នឹង​រយៈពេល​ដូចគ្នា នៅ​ឆ្នាំ​២០១៦​។​

លោក​រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី​រូបនេះ បាន​បន្ថែមទៀតថា ក្រុមហ៊ុន​ធ្វើ​អាជីវកម្ម​សំណង់ ដែល​មក​ចុះបញ្ជី នៅ​ក្រសួង​ដែនដី នគរូបនីយកម្ម និង​សំណង់ ហើយ​នៅ​មាន​សុពលភាព ធ្វើ​អាជីវកម្ម​សព្វថ្ងៃ គិត​ត្រឹម​ខែតុលា មាន​ចំនួន​១,០៣៨ ក្រុមហ៊ុន​។ ក្នុងនោះ​ក៏​មាន​ក្រុមហ៊ុន មកពី​ក្រៅ​ប្រទេស​ចំនួន​៣២៤​ក្រុមហ៊ុន​ផងដែរ​៕ ដោយៈ​សៅ វិសាល​

 ពាក្យគន្លឹះ  វិស័យសំណង់

ព័ត៌មានផ្សេងទៀត