អតីតគណបក្ស​ប្រឆាំងរៀបចំ​ទីស្នាក់ការ​នៅ​ក្រៅប្រទេសតែ​ត្រូវ​មន្ត្រី​រដ្ឋាភិបាល​ចំអក​

29-11-2017 4:02 pm 1029

​អនុប្រធាន អតីត គណបក្ស​សង្គ្រោះ​ជាតិ​លោក​អេង ឆៃអ៊ាង​ប្រកាសថា គណបក្សប្រឆាំង​មិន​រលាយ ទៅតាម​បំណង​រដ្ឋាភិបាល​ផ្ដាច់ការ​លោក​ហ៊ុន សែន​នោះទេ​។ លោក​អះអាងថា គណបក្ស​នេះ នៅតែ​ដំណើរការ​ជា​ប្រក្រតី​ដដែល ហើយ​សហគមន៍​អន្តរជាតិ នៅតែ​ទទួលស្គាល់ តំណាងរាស្ត្រ​ទាំង​៥៥​រូប របស់​គណបក្សប្រឆាំង​ដដែល​ផងដែរ​។ 

​យោងតាម​ការឲ្យដឹង នៅលើ​គណណី​ហ្វេ​សប៊ុក លោក​អេង ឆៃអ៊ាង​បញ្ជាក់ថា គណបក្ស​សង្គ្រោះ​ជាតិ កំពុង​រៀបចំ​អគ្គលេខាធិការដ្ឋាន និង​ទីស្នាក់ការ​គណបក្ស​នៅ​ក្រៅប្រទេស ដើម្បី​បន្តសកម្មភាព​នយោបាយ ត្រៀម​ចូលរួម​បោះឆ្នោត​ឆ្នាំ​២០១៨​ខាងមុខ​។ លោក​បន្ថែមថា អ្វីៗ​ដែល​រៀបចំ​នៅ​ក្រៅប្រទេស មិន​ខុសគ្នា​ឆ្ងាយ​ពី​បែបបទ នៅ​កម្ពុជា​ប៉ុន្មាន​នោះទេ​។ 

​លោក​ផៃ ស៊ី​ផាន​អ្នកនាំពាក្យ​រដ្ឋាភិបាល​កម្ពុជា បាន​ឆ្លើយតប​បែប​ចំអក​ឲ្យ អតីត គណបក្សប្រឆាំង​មួយ​នេះ​ថា ការគៀងគរ​កម្លាំង​នយោបាយ នៅ​ក្រៅប្រទេស​គ្រប់​រូបភាព រាប់ទាំង​ការរៀបចំ​ធ្វើបាតុកម្ម នៅ​ក្រៅប្រទេស ប្រឆាំងនឹង​សាលដីកា ឬ​ការវិនិច្ឆ័យ​របស់​តុលាការ​កំពូល​កម្ពុជា ដែល​បានសម្រេច​បិទផ្លូវ​តវ៉ា​ផង​នោះ គឺជា​ការបា​ច​អង្គា​ម​បញ្ច្រាស់​ខ្យល់​តែប៉ុណ្ណោះ​។ អ្នកនាំពាក្យ​រដ្ឋាភិបាល​រូបនេះ អះអាងថា បំណង​របស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​នេះ ពុំ​មានលទ្ធភាព សម្រេច​ដល់​គោលដៅ​បាន​នោះឡើយ​។ 

​គួរ​កត់សំគាល់ថា មន្ត្រីជាន់ខ្ពស់ អតីត គណបក្ស​សង្គ្រោះ​ជាតិ ជាច្រើនរូប​រួមមាន​លោក​អេង ឆៃអ៊ាង លោកស្រី​មូរ សុខ​ហួរ លោក​យឹម សុវណ្ណ លោក​ហូរ វ៉ាន់ លោក​យ៉ែម បុញ្ញ​ឬ​ទ្ធ និង​លោក​អ៊ូ ច័ន្ទ​ឫទ្ធិ​រួមទាំង​លោក​សម រង្ស៊ី​ជាដើម បាន​ចែក​ជើង​គ្នា​ធ្វើ​យុទ្ធនាការ​នៅ​ក្រៅប្រទេស តាំងតែ​ពីមុន​តុលាការ​កំពូល​កម្ពុជា ចេញ​សាលដីកា រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ កាលពី​ថ្ងៃទី​១៦​ខែវិច្ឆិកា​ឆ្នាំ​២០១៧​។ 

មន្ត្រី​រដ្ឋាភិបាល​បាន​ហៅ អតីត គណបក្សប្រឆាំង​មួយ​នេះ ថា​ជា​គណបក្ស​ក្រៅច្បាប់ ឬ​គណបក្ស​ខ្មោច ដោយសារ​តុលាការ បានសម្រេច​រំលាយ​គណ​បក្ស​នេះ​ចោល​ទាំងស្រុង និង​បិទផ្លូវ​តវ៉ា​ផងដែរ។ រីឯស្លាក​សញ្ញា​សំគាល់​គណបក្សប្រឆាំង​មួយ​នេះ បាន​រុះរើ​ស្ទើរ​គ្មាន​សល់​ ហើយ​កៅអី​នៅក្នុង​រដ្ឋសភា របស់​អ្នកតំណាងរាស្ត្រ អតីត គណបក្ស​សង្គ្រោះ​ជាតិវិញ ត្រូវបាន​បែងចែក​ឲ្យទៅ​គណក្សនយោបាយ​ផ្សេងៗ រួចរាល់​ហើយ​កាលពីពេល​ថ្មីៗ​នេះ​៕ 

 ពាក្យគន្លឹះ  គណបក្សសង្រ្គោះជាតិ

ព័ត៌មានផ្សេងទៀត