​លោក​គីម ជុង​អ៊ុន​​ប្រកាស​​​ទទួលបាន​​ជោគជ័យ​​អស្ចារ្យ​បំផុត​​ពី​អាវុធ​​នុយក្លេអ៊ែរ​

29-11-2017 3:45 pm 592
ទូរទស្សន៍​ចុះផ្សាយ​ពីការធ្វើតេស្ដ​មីស៊ីល​កូរ៉េខាងជើង​កន្លងមក

​មេដឹកនាំ​កូរ៉េខាងជើង​លោក​គីម ជុង​អ៊ុន បាន​និយាយ​នៅ​ថ្ងៃទី​២៩​វិច្ឆិកា​នេះ​ថា ប្រទេស​របស់លោក​បាន​ទទួលជោគជ័យ​យ៉ាង​ធំធេង​ពី​អាវុធ​នុយក្លេអ៊ែរ នោះ​គឺ​ការ​ធ្វើតេស្ដ​មី​ស៊ី​ល​ឆ្លង​ទ្វីប​។​ជា​មី​ស៊ី​ល​មាន​សមត្ថភាព​អាច​វាយប្រហារ​បាន​គ្រប់​ទីកន្លែង​នៃ​ទឹកដី​របស់​សហរដ្ឋអាមេរិក​។​មី​ស៊ី​ល​ឆ្លង​ទ្វីប​ICBM​របស់​កូរ៉េខាងជើង ធ្លាប់បាន​ធ្វើឲ្យ​ប្រធានាធិបតី​អាមេរិកលោ​ក​ដូណាល់ ត្រាំ​ក្ដៅក្រហាយ​រួចមកហើយ នៅពេល​គេ​ធ្វើតេស្ដ​លើក​មុន​។​លោក​ដូណាល់ ត្រាំ​ថែមទាំង​ប្រកាសថា អាមេរិក​មិនឲ្យ​កូរ៉េខាងជើង​យកមី​ស៊ីល​នេះមក​គំរាមកំហែង​ទៀត​ទេ​។​

​តែ​យ៉ាងណាក៏ដោយ​កូរ៉េខាងជើង​មិនបាន​ខ្វល់​មិនបាន​ស្ដាប់ និង​បាញ់​មី​ស៊ី​ល​អន្ដរទ្វីប​នេះ​ជាថ្មី​ធ្វើ​ព្រងើយ​។​ទូរទស្សន៍​រដ្ឋ​កូរ៉េខាងជើង​បាន​ចុះផ្សាយ​ថា លោក​គីម ជុង​អ៊ុន​បានប្រកាស​ពី​ភាពជោគជ័យ​ជា​ប្រវត្ដិសាស្ដ្រ ដែល​បានបញ្ចប់​ការអភិវឌ្ឍ​កម្លាំង​នុយក្លេអ៊ែ​រ អាច​កសាង​សមត្ថភាព​មី​ស៊ី​ល​ផ្លោង​ឆ្លង​ទ្វីប​។​ជោគជ័យ​ដ៏​អស្ចារ្យ​នៃ​ការបាញ់​សាកល្បង​មី​ស៊ី​ល​ឆ្លង​ទ្វីប​Hwasong-15 គឺជា​ជ័យជម្នះ​មិនអាច​កាត់ថ្លៃ​បាន​សម្រាប់​ប្រជាជន​កូរ៉េខាងជើង​។​

​គួរ​ជម្រាបជូន​ថា តាម​ការ​ឲ្យដឹងពី​ទីក្រុង​ព្យុងយ៉ាង មី​ស៊ី​ល​ឆ្លង​ទ្វីប​កូរ៉េខាងជើង​ទើប​ធ្វើតេស្ដ​កាលពី​ព្រឹក​ថ្ងៃ​២៩​វិច្ឆិកា​នេះ ហោះ​ក្នុង​រយៈកម្ពស់​ជាង​៤​ពាន់​គីឡូម៉ែត្រ និង​ធ្លាក់​ក្នុង​សមុទ្រ​ក្រោយ​ហោះ​បាន​ចម្ងាយ​៩៥០​គីឡូម៉ែត្រ​។​មី​ស៊ី​លបាញ់​ចេញពី​តំបន់​Pyongsong​ក្នុង​ខេត្ដ​South Pyongan ហើយ​បាន​ហោះ​ទៅ​ភាគ​ខាងកើត​ប្រទេស​។​អ្នកជំនាញ​ប្រទេស​លោកខាងលិច​និយាយថា មី​ស៊ី​ល​ប្រភេទ​នេះ​មាន​រយៈ​ចម្ងាយ​ពិតប្រាកដ​រហូតដល់​១៣,០០០​គីឡូម៉ែត្រ​ឯណោះ ដែល​អាច​បាញ់​ដល់​ទីក្រុង​ធំៗ​របស់​អាមេរិក​៕

ព័ត៌មានផ្សេងទៀត