សហព័ន្ធ​ស្រូវ​អង្ករ​បង្កើន​ការផ្សព្វផ្សាយ​ពី​ដំណាំ​ស្រូវ​សែន​ក្រអូប​ដល់​សហគម​ន៍​

28-11-2017 12:04 pm 2413
អ្នកជំនាញពិនិត្យមើលលើស្រូវសែនក្រអូបនៅតាមសហគមន៍ ។ រូបថតពី CRF ។

​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា សហការ​ជាមួយ​វិទ្យាស្ថាន​ស្រាវជ្រាវ​និង​អភិវឌ្ឍន៍​កសិកម្ម​កម្ពុ​ជា និង​ក្រុមហ៊ុន​ផលិត​ស្រូវពូជ នឹង​រៀបចំ​កិច្ចប្រជុំ​ផ្សព្វផ្សាយ​ដល់​សហគមន៍​កសិកម្ម​សំខាន់ៗ​ក្នុង​ខេត្ត​ដែល​មាន​សក្តានុពល​ដាំ​ដុះ​ស្រូវ​សែន​ក្រអូប នៅ​សណ្ឋាគារ​ភ្នំពេញ នា​ព្រឹក​ថ្ងៃទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០១៧ ខាងមុខនេះ ។ កិច្ចប្រជុំ​នេះ នឹង​ជួយ​ផ្សព្វផ្សាយ​ពី​ការពិសោធន៍​បន្សាំ​បឋម​ស្រ​ឡាយ​ស្រូវ​សែន​ក្រអូប ស្រប​តាម​បច្ចេកទេស​និង​បទដ្ឋាន​របស់​ក្រសួង​កសិកម្ម ។ នេះ​បើ​តាម​ព័ត៌មាន​ពី​ហ្វេ​សប៊ុក​សហព័ន្ធ​ស្រូវ​អង្ករក​ម្ពុ​ជា នា​ព្រឹក​ថ្ងៃទី​២៨ ខែវិច្ឆិកា ។​

​កិច្ចប្រជុំ​នេះ ក៏​នឹង​ធ្វើការ​កំណត់​ពេលវេលា និង​ឈ្មោះ​សហគមន៍ ដែល​នឹង​ត្រូវ​ធ្វើ​ការពិសោធន៍ នៅ​លើក​ទី​១ និង​លើក​ទី​២ ឱ្យបាន​ច្បាស់លាស់ ។ ក្រោយ​មើលឃើញ​នូវ​និន្នាការ​កើនឡើង​ទាំង​តម្រូវការ​ទីផ្សារ​អង្ករ​ក្រៅប្រទេស និង​ការនិយម​ដាំ​ដុះ​ពី​សំណាក់​ប្រជាកសិករ សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា តែង​ធ្វើ​ការ​សហការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​វិទ្យាស្ថាន​ស្រាវជ្រាវ និង​អភិវឌ្ឍន៍​កសិកម្ម​កម្ពុ​ជា (CARDI) និង​កម្មវិធី​សង្វាក់​តម្លៃ​កសិកម្ម​កម្ពុជា (CAVAC) សម្រាប់​ការអភិវឌ្ឍ​ស្រូវពូជ​សែន​ក្រអូប ។​

​គូស​រំឭកថា កាលពី​ថ្ងៃ​ទី​២៦ ខែមិថុនា ឆ្នាំ​២០១៧ លោក ស៊ី រ៉ានី ប្រធាន​គណៈកម្មាធិការ​ផលិត​កម្មពូជ​នៃ​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា ដឹកនាំ​ក្រុម​ការងារ​ចុះ​ពិនិត្យ​បច្ចេកទេស​បន្សុទ្ធ​ពូជស្រូវ​សែន​ក្រអូប​លើកដំបូង នៅ​វិទ្យាស្ថាន​ស្រាវជ្រាវ និង​អភិវឌ្ឍន៍​កសិកម្ម​កម្ពុ​ជា (CARDI) ក្រោម​ការដឹកនាំ​ផ្ទាល់​ពី​នាយក​វិទ្យាស្ថាន​ផ្ទាល់ លោក អ៊ុក ម៉ា​កា​រ៉ា ។ កម្មវិធី​បន្សុទ្ធ​ពូជស្រូវ​សែន​ក្រអូប​នេះ​ត្រូវបាន​ធ្វើឡើង​ក្រោម​កិច្ចសហការ​រវាង​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា និង​វិទ្យាស្ថាន​ស្រាវជ្រាវ​និង​អភិវឌ្ឍន៍​កសិកម្ម​កម្ពុ​ជា ដោយ​មាន​ការចូលរួម​ឧបត្ថម្ភ​ថវិកា​មួយ​ផ្នែក​ពី កម្មវិធី​សង្វាក់​តម្លៃ​កសិកម្ម​កម្ពុជា (CAVAC) ៕

(​រាយការណ៍​ដោយ​៖ គង់ ឧត្តម​)​

ព័ត៌មានផ្សេងទៀត