លោកនាយកករដ្ឋមន្ត្រី ហ៊ុន សែន បានព្រមានបិទមជ្ឈមណ្ឌលសិទ្ធិមនុស្ស និងចោទមជ្ឈមណ្ឌលនេះថា ត្រូវបានបង្កើតឡើងក្រោមបញ្ជាពីបរទេស។ ភ្លាមៗក្រោយការព្រមាន និងចោទប្រកាន់បែបនេះ មជ្ឈមណ្ឌលសិទ្ធមនុស្សកម្ពុជា បានចេញសេចក្ដីថ្លែងការណ៍បញ្ជាក់ពីឯករាជ្យភាពរបស់ខ្លួន និងច្រានចោលការចោទប្រកាន់។
មជ្ឈមណ្ឌលសិទ្ធមនុស្សកម្ពុជា (ម.ស.ម.ក) ដែលមានលោក កឹម សុខា ជាអតីតស្ថានិក បានឆ្លើយតប ទៅការចោទប្រកាន់របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃទី២៦ ខែវិច្ឆិកានេះថា ខ្លួនជាស្ថាប័នឯករាជ្យ មិនមានជាប់ពាក់ព័ន្ធ ជាមួយគណបក្សនយោបាយណាមួយនោះទេ ព្រោះលោក កឹម សុខា បានលាលែង ពីមជ្ឈមណ្ឌលតាំងពីឆ្នាំ២០០៧។
ចាប់តាំងពីការកកើតឡើងក្នុងឆ្នាំ២០០២ ម.ស.ម.ក អះអាងថា បានធ្វើការ ដើម្បីលើកកម្ពស់សិទ្ធមនុស្ស ដោយឈរលើគោលការណ៍ច្បាស់លាស់។ ស្ថាប័ននេះបន្ថែមទៀតថា ខ្លួនបានធ្វើការអប់រំអំពីសិទ្ធិមនុស្ស ការផ្តល់អំណាចដល់សហគមន៍ជនបទ ដែលរងផលប៉ះពាល់ដោយវិវាទដីធ្លី រហូតដល់ការលើកកម្ពស់ភាពស្មើគ្នា របស់អ្នកស្រឡាញ់ភេទដូចគ្នាជាដើម។
ម.ស.ម.ក បច្ចុប្បន្នមានអ្នកស្រី ចក់ សុភាព ជានាយិការ បញ្ជាក់ថា មជ្ឈមណ្ឌលនេះ បានផ្លាស់ប្តូរថ្នាក់ដឹកនាំចំនួន២លើករួចមកហើយ បន្ទាប់ពីលោក កឹម សុខា បានលាឈប់។
សេចក្ដីថ្លែងការណ៍សរសេរដូច្នេះថា៖ «គោលជំហរឯករាជ្យដ៏តឹងរ៉ឹង គឺជាតម្លៃស្នូលរបស់ ម.ស.ម.ក ដែលខិតខំប្រឹងប្រែង ក្នុងការផ្ដល់ការវិភាគលើកិច្ចការសាធារណៈ ដោយឈរលើគោលការណ៍តុល្យភាព និងសិទ្ធមនុស្សច្បាស់លាស់ ពុំគាំទ្រគណបក្សនយោបាយណាមួយនោះឡើយ»។
មជ្ឈមណ្ឌលសិទ្ធមនុស្សកម្ពុជា បានអំពាវនាវឲ្យរដ្ឋាភិបាលមានកិច្ចសន្ទនា ជាមួយតំណាងរបស់ខ្លូន ដើម្បីដោះស្រាយការចោទប្រកាន់ និងមន្ទិលសង្ស័យដោយការយោគយល់គ្នា។
គួរបញ្ជាក់ថា នៅព្រឹកថ្ងៃទី២៦ ខែវិច្ឆិកានេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានស្នើទៅកាន់ក្រសួងមហាផ្ទៃ ឲ្យពិនិត្យផ្លូវច្បាប់ ដើម្បីបិទមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា។ លោកចោទមជ្ឈមណ្ឌលនេះថា បង្កើតឡើងក្រោមការបង្គាប់ពីបរទេស។
យ៉ាងណាក្ដី ម.ស.ម.ក រំពឹងថាខ្លួននឹងទទួលបាននូវភាពត្រឹមត្រូវ នឹងស្អាតស្អំ ប្រសិនបើមានការស៊ើបអង្គេតណាមួយពីរដ្ឋាភិបាល។